ផ្លាស់ប្ដូរឥរិយាបថនៃការគេង អ្នកនឹងអាចបាត់អាការឈឺចាប់ទាំងនេះ
- 2018-05-26 05:08:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លាស់ប្ដូរឥរិយាបថនៃការគេង អ្នកនឹងអាចបាត់អាការឈឺចាប់ទាំងនេះ
មានមនុស្សជាច្រើនដែលត្អូញថាជួបបញ្ហាឈឺឆ្អឹងខ្នង ឬឈឺនេះឈឺនោះនៅលើដងខ្លួនទាំងមិនដឹងមូលហេតុ។ ប៉ុន្តែអ្នកប្រហែលមិនបានចាប់អារម្មណ៍ថា ឥរិយាបថនៃការគេងអាចបង្កបញ្ហាដល់អ្នកដោយបានចាប់ភ្លឹក ហើយបើអ្នកគ្រាន់តែសាកល្បងពិនិត្យនិងផ្លាស់ប្ដូររបៀបគេងឡើងវិញ បញ្ហាឈឺចាប់ទាំងនេះអាចនឹងបាត់ក៏ថាបាន។
ឈឺស្មា
បើអ្នកមានអាការៈឈឺស្មា អ្នកគួរតែជ្រើសរើសការគេងផ្ងារ ដោយយកខ្នើយតូចមួយដាក់ពីលើពោះ ហើយគេងឱប។ ការគេងបែបនេះនឹងជួយឱ្យស្មារបស់អ្នកបានសម្រាក ហើយមានផាសុកភាពឡើងវិញ។ គួរបញ្ឈប់ទម្លាប់គេងកើយដៃ ឬគេងចំហៀងដែលកិនដៃម្ខាង ព្រោះវាអាចជាមូលហេតុដែលនាំឱ្យស្មារបស់អ្នកឈឺមិនបាត់ ហើយគួរងាកមកទម្លាប់គេងផ្ងារឱ្យបានច្រើន។
ឈឺខ្នង
បើអ្នកគេងលើពូកដែលមានសភាពទន់ពេក ឬផុងតាមទម្ងន់ខ្លួនរបស់អ្នក វានឹងធ្វើឱ្យខ្នងអ្នកទៅឈឺឬចុករោយ ពេលក្រោកពីដំណេក។ ដូច្នេះ គួរជ្រើសរើសពូកដែលមិនទន់ពេក ឬបើពូកអ្នកផុងឬទន់តាមទម្ងន់ខ្លួន គួររកខ្នើយតូចណាមួយមកកល់ពីក្រោមចង្កេះ និងមួយទៀតដាក់ក្រោមជង្គង់ ហើយគេងផ្ងារ។
ឈឺកញ្ចឹងក
បើអ្នកមានអាការៈឈឺ ឬចុករោយនៅត្រង់កញ្ចឹងក អ្នកគួរតែគេងផ្ងារដូចគ្នា ហើយដាក់ដៃទាំងពីរលើខ្នើយនៅសងខាង។ ប៉ុន្តែកុំប្រើខ្នើយកល់ដៃទាំងសងខាងខ្ពស់ពេក គួរប្រើខ្នើយដែលមានកម្រាស់ស្មើនឹងស្មា ទើបមិនធ្វើឱ្យរោយស្មា ឬចុកដៃ។ មនុស្សមួយចំនួនមានទម្លាប់គេងផ្កាប់មុខ ហើយយកជើងគងខ្នងស្ដើង ការគេងបែបនេះយូរ វានឹងធ្វើឱ្យកញ្ចឹងកទៅជាឈឺ ដូច្នេះបើដឹងបែបនេះហើយ អ្នកគួរតែផ្លាស់ប្ដូរទម្លាប់នេះចេញ។
គេងមិនលក់
អ្នកដែលលេងទូរសព្ទ ឬកុំព្យូទ័រយូរមុនពេលចូលគេងអាចនឹងជួបការលំបាកក្នុងបិទភ្នែកគេងឱ្យបានលក់ដូចគេ។ នេះក៏ដោយសារតែពន្លឺបៃតងដែលចេញពីឧបករណ៍ទាំងនោះប៉ះពាល់ដល់សមត្ថភាពដំណេករបស់អ្នក។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ មុនចូលគេង៦ម៉ោង អ្នកមិនគួរផឹកកាហ្វេឡើយ ហើយក៏មិនគួរប្រើឧបករណ៍អេឡិចត្រូនិកមុនចូលគេងដែរ។ អ្នកដែលមានបញ្ហាគេងមិនលក់បែបនេះ គួរតែបង្កើនការលេងកីឡា ឬហាត់ប្រាណជាប្រចាំនៅពេលព្រឹក និងពេលល្ងាច ដើម្បីសម្រួលចលនាឈាមឱ្យរត់ស្រួល និងជួយឱ្យការគេងបានលក់ស្រួលជាងមុន។
រមួលក្រពើពេលគេង
អ្នកដែលជួបបញ្ហានេះគឺបណ្ដាលមកពីសរសៃជើងមានបញ្ហា និងសន្លាក់។ បើអ្នកឧស្សាហ៍មានបញ្ហាបែបនេះ គួរទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យភា្លម កុំទុកយូរអី។ ក្រៅពីនេះ ដើម្បីបង្ការការរមួលក្រពើនៅពេលក្រោយ អ្នកអាចហាត់ធ្វើយូហ្កា មុនពេលចូលគេង និងម៉ាស្សាជើងថ្នមៗដើម្បីសម្រួលសរសៃឈាម និងពង្រីកសាច់ដុំជើង៕
ចុចអាន៖ ១២ក្បាច់សម្រកខ្លាញ់ងាយៗ អ្នកខ្ជិលៗនៅតែលើគ្រែក៏ហាត់បាន