ប្រយ័ត្ន! អ្នក​មាន​ជំងឺ​៣​​មុខ​​នេះ​មិន​គួរ​ញ៉ាំ​ទុរេន​ឡើយ ព្រោះ​អាច​​គ្រោះថ្នាក់​ដល់​ជីវិត

  • 2018-05-18 07:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ នៃ​ក្រសួងសុខាភិបាល​​ក្នុង​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា​អ្នក​មាន​ជំងឺ​៣​មុខ​រួម​មាន​ជំងឺ​ទឹកនោមផ្អែម សរសៃ​ឈាម​បេះដូង និង​ជំងឺ​តម្រង​នោម​ គឺ​មិន​គួរ​ទទួល​ទាន​ផ្លែ​ទុរេន​ឡើយ ព្រោះ​ថា​​បើ​ទោះ​បី​ផ្លែ​ទុរេន​មាន​សារធាតុ​ចិញ្ចឹម​ច្រើន ទាំង​វីតាមីន ធាតុ​រ៉ែ និង​សរសៃ​អាហារ ប៉ុន្តែ​វា​ក៏​មាន​សារធាតុ​ស្ពាន់ធ័រ កាបូអ៊ីដ្រាត ខ្លាញ់ និង​ជាតិ​ស្ករ​ខ្ពស់​ដែរ។ ​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​​ញ៉ាំ​ទុរេន​១​គ្រាប់​កន្លះ រាងកាយ​របស់​យើង​នឹង​ទទួល​បាន​​ថាមពល​ប្រមាណ ២០០កាឡូរី ដែល​ស្មើ​នឹង​បាយ ១​ចាន​ធំ ឬ​ទឹក​ក្រូច​ហ្គាស​មួយ​កំប៉ុង។ ដូច្នេះ​ការ​ទទួលទាន​ទុរេន​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ គឺ​ចាំបាច់​ត្រូវ​ប្រយ័ត្ន និង​​កំណត់​បរិមាណ​ត្រឹមត្រូវ។

សម្រាប់​បុរស​ពេញ​កម្លាំង​មិន​​គួរ​ទទួលទាន​ជាតិ​ស្ករ និង​ខ្លាញ់ លើស​ពី​ ៦​ស្លាបព្រា​កាហ្វេ នោះ​ទេ​ក្នុង​មួយ​ថ្ងៃ ខណៈ​មនុស្ស​គឺ​​មិន​គួរ​​ឲ្យ​លើស​ពី ៤​ស្លាប​ព្រា​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ទទួល​ទាន ទុរេន​១​គ្រាប់​កន្លះ នោះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ទទួល​បាន​ជាតិ​ស្ករ ៤​ស្លាបព្រា​កាហ្វេ​​ និង​​ជាតិ​ខ្លាញ់​​ចំនួន ៣ស្លាបព្រា​កាហ្វេ​បាត់​ទៅ​ហើយ ដូច្នេះ​អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ផ្អែម​ៗ​បន្ត​ទៀត​ឡើយ​ក្នុង​ថ្ងៃ​ដដែល​នោះ។ យក​ល្អ ក្រោយ​ញ៉ាំ​ទុរេន​ អ្នក​គួរ​ជ្រើសរើស​ញ៉ាំ​អាហារ​ណា​ដែល​មិន​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ខ្ទិះ និង​មិន​ផ្អែម និង​កាត់​បន្ថយ​បាយ​ផង។

អ្នក​ដែល​មាន​សុខភាព​រឹង​មាំ​ អាច​អនុវត្ត​តាមវិធី​ខាង​លើ​នេះ​បាន បើ​ចង់​រក្សា​សុខភាព​កុំ​ឲ្យ​ឡើង​ទម្ងន់ ឬ​លើស​ជាតិ​ស្ករ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង គឺ​ត្រូវ​​ញ៉ាំ​ក្នុង​បរិមាណ​​តិច​បំផុត ហើយ​យូរ​ៗ​ញ៉ាំ​​ម្ដង​បាន​ហើយ។ សម្រាប់​អ្នក​មាន​ជំងឺ​តម្រង​នោម គឺ​ហាម​ញ៉ាំ​ទុរេន​ដាច់ខាត ព្រោះ​សាច់​ទុរេន​មាន​ប៉ូតាស្យូម​ខ្ពស់ ដែល​ធ្វើ​ឲ្យ​​ជំងឺ​តម្រងនោម​រើ​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ​បាន ៕

ចុចអាន៖

ប្រភព៖ liekr ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម