រឿង​សំខាន់​​ៗ​ដែល​ប្ដី​ប្រពន្ធ​​​ដាច់​ខាត​ត្រូវ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក

  • 2018-04-30 07:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ម្នាក់​បាន​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ ប៉ុន្តែ​រៀន​មិន​ចប់ ឪពុក​ម្ដាយ​ក៏​ចាត់ចែង​រក​ប្រពន្ធ​ឲ្យ។ ក្រោយ​រៀបការ​រួច គេ​ក៏​បាន​ដាក់​ពាក្យ​ធ្វើ​ជា​​គ្រូ​បង្រៀន​នៅ​សាលាបឋម​សិក្សា​មួយ​នៅ​ក្បែរ​ផ្ទះ។ ដោយ​សារ​គ្មាន​បទពិសោធន៍​បង្រៀន ចូល​បង្រៀន​មិន​បាន​មួយ​អាទិត្យ គេ​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ។

ពេល​ត្រលប់​មក​ដល់​ផ្ទះ ប្រពន្ធ​បាន​លួងលោម​គេ​ថា៖

“កុំ​បារម្ភ​ច្រើន​ពេក​បង អាច​មាន​ការងារ​សក្ដិសម​ជាង​នេះ​ដែល​កំពុង​រង់​ចាំ​បង​​ក៏​ថា​បាន"

ក្រោយ​​មក​គេ​ក៏​បាន​ទៅ​ធ្វើ​ការ​ជា​កម្មករ​ស៊ី​ឈ្នួល ប៉ុន្តែ​​មិន​បាន​ប៉ុន្មាន​ក៏​ត្រូវ​ថៅកែ​ដេញ​ត្រលប់​មក​ផ្ទះ​វិញ​ទៀត ព្រោះ​គេ​ធ្វើ​ការ​យឺតយ៉ាវ។ ម្ដង​នេះ ប្រពន្ធ​របស់​គេ​បាន​លួងលោម​ទៀត​ថា៖

“មនុស្ស​យើង​ធ្វើ​ការ​មិន​បាន​លឿន​ដូច​គ្នា​ទេ​បង អ្នក​ផ្សេង​គេ​ធ្វើ​រាប់​សិប​ឆ្នាំ​ទៅ​ហើយ ចំណែក​បង​ធ្លាប់​តែ​រៀន ចង់​ទៅ​ធ្វើ​ឲ្យ​បាន​លឿន​ដូច​គេ​ម្ដេច​នឹង​កើត?”

រូបតំណាង

គេ​បាន​ទៅ​ធ្វើ​ការងារ​ច្រើន​យ៉ាង​ទៀត ប៉ុន្តែ​លទ្ធផល​ក៏​មិន​សូវ​ខុស​គ្នា គឺ​បរាជ័យ​ជា​បន្តបន្ទាប់។ គ្រប់​ពេល​ដែល​ជួប​រឿង​បែប​នេះ ប្រពន្ធ​របស់​គេ​ក៏​ចេះ​តែ​លួង​ចិត្ត ដោយ​មិន​ដែល​ជេរ​ស្ដី ឬ​ចោទ​ប្រកាន់​អ្វី​ឡើយ។ លុះ​ដល់​គេ​អាយុ​ជិត ៣០ឆ្នាំ ដោយ​សារ​មាន​សមត្ថភាព​ផ្នែក​ភាសា គេ​ក៏​​ដាក់​ពាក្យ​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្រៀន​នៅ​សាលា​រៀន​មួយ។ ក្រោយ​មក​ នៅ​ពេល​មាន​បទពិសោធន៍​​ផ្នែក​បង្រៀន​ហើយ គេ​ក៏​ចេញ​មក​បើក​សាលា​រៀន​ផ្ទាល់​ខ្លួន​ ហើយ​ក្រោយ​មក​ទៀត​ក៏​បាន​បើក​ហាង​លក់​ផលិតផល​ដែល​ធ្វើ​ដោយ​ជន​ពិការ ជា​ច្រើន​សាខា​​ទៀត។ ពី​មនុស្ស​ប្រុស​ម្នាក់​​ដែល​មិន​ទទួល​ជោគជ័យ​ក្នុង​ការងារ ពេល​នេះ​គេ​បាន​ក្លាយ​ជា​សេដ្ឋី​បណ្ដើរ​ៗ​បាត់​ទៅ​ហើយ។ លុះ​ដល់​ថ្ងៃ​​មួយ គេ​ក៏​បាន​សួរ​ប្រពន្ធ​ថា៖

“សូម្បី​តែ​ខ្លួន​បង​ផ្ទាល់ នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​រសាត់​អណ្ដែត​គ្មាន​គោលដៅ ហេតុ​អ្វី​អូន​នៅ​តែ​ជឿជាក់​លើ​បង?”

ប្រពន្ធ​ក៏​ឆ្លើយ​តប​ថា៖

“ដី​ល្អ ប៉ុន្តែ​បើ​ដាំ​ស្រូ​វ​មិន​បាន យើង​គួរ​តែ​សាក​ដាំ​សណ្ដែក បើដាំ​សណ្ដែកមិន​បាន យើង​ដាំ​ឪឡឹក បើ​ដាំ​ឪឡឹក​មិន​បាន​ទៀត យើង​គួរ​តែ​សាក​ដាំ​ផ្កា។ វា​ត្រូវ​តែ​មាន​គ្រាប់​ពូជ​ណា​មួយ​ដែល​សក្ដិសម​នឹង​ដី​ប្រភេទ​នេះ។ នៅ​ពេល​​រក​បាន​គ្រាប់​ពូជ​ដែល​សក្ដិសម​នឹង​វា​ហើយ យើង​នឹង​​ទទួល​បាន​ផល​ល្អ​ពេញ​ចិត្ត”

ស្ដាប់​ប្រពន្ធ​និយាយ​ចប់​ហើយ គេ​ក៏​រលីងរលោង​ទឹក​ភ្នែក

“អរគុណ​អូន​សម្រាប់​ក្ដី​ស្រលាញ់ ក្ដី​អត់ធ្មត់ និង​ការ​ជឿជាក់​ដែល​មាន​ចំពោះ​បង។ អូន​គឺ​ជា​គ្រាប់​ពូជ​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា និង​ពូកែ​អត់ធ្មត់​បំផុត។ បើ​គ្មាន​អូន​​ជា​កម្លាំង​​ចិត្ត​រហូតមក​ បង​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ”។

ប្រពន្ធ​និយាយ​ចុង​ក្រោយ៖ “លើ​លោក​នេះ គ្មាន​អ្នក​ណា​គ្មាន​ប្រយោជន៍​​ទេបង គ្រាន់​តែ​ពេល​ខ្លះ យើង​នៅ​ខុស​កន្លែង និង​ខុស​ពេល​តែ​ប៉ុណ្ណោះ” ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី