ស្វាមីល្អពិតតាមឱវាទព្រះពុទ្ធ ត្រូវមានគុណសម្បត្តិ ៥ប្រការនេះ
- 2018-04-27 07:51:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាមីល្អពិតតាមឱវាទព្រះពុទ្ធ ត្រូវមានគុណសម្បត្តិ ៥ប្រការនេះ
មនុស្សស្រីទាំងឡាយ តែងប្រាថ្នាស្វែងរកបុរសណាដែលមានគុណសម្បត្តិគ្រប់គ្រាន់ដែលនាងអាចផ្ញើជីវិតបាន ព្រមទាំងកាន់ដៃគ្នាដើរទៅរហូត ទាំងពេលមានទុក្ខ និងមានសុខ។ ម្ល៉ោះហើយតួនាទីជាស្វាមីដ៏ល្អម្នាក់គឺត្រូវអាស្រ័យការទទួលខុសត្រូវ និងការអត់ធន់ខ្លាំង មិនចាញ់តួនាទីជាប្រពន្ធល្អនោះឡើយ។ ខាងក្រោមនេះគឺជាតួនាទីទាំង ៥របស់ស្វាមីល្អ តាមឱវាទព្រះពុទ្ធអង្គ៖
១. លើកតម្កើង ផ្ដល់កិត្តិយសភរិយា
ការលើកតម្កើង ផ្ដល់ការគោរពចំពោះភរិយាយ៉ាងបើកចំហក្នុងសង្គម ចាត់ទុកថាសំខាន់ណាស់សម្រាប់ភរិយា ព្រោះនារីភាគច្រើនមិនចង់ក្លាយជាប្រពន្ធបែបលួចៗលាក់ៗនោះទេ ប៉ុន្តែគឺចង់ឲ្យស្វាមីលើកតម្កើងយ៉ាងពេញមុខពេញមាត់ និងរំពឹងស្វាមីជាទីពឹងពាក់អាស្រ័យបាន។
២. មិនប្រមាថ
ការមិនប្រមាថទឹកចិត្តប្រពន្ធ មិនប្រមាថពូជពង្សវង្សត្រកូល រូបរាង សតិបញ្ញា ឬអ្វីផ្សេងៗរបស់ប្រពន្ធ ចាត់ទុកថារឿងដែលគួរប្រតិបត្តិបំផុត ពីព្រោះបើសិនមានការប្រមាថគ្នាហើយ គឺនឹងនាំឲ្យមានការអាក់អន់ស្រពន់ចិត្ត និងកំហឹង ហើយទីបំផុត នឹងធ្វើឲ្យនាងអស់ក្ដីស្រលាញ់ និងឈានដល់ការបែកបាក់គ្រួសារ។
៣. មិនក្បត់ចិត្ត
ការក្បត់ចិត្ត គឺជាការប្រព្រឹត្តខុសក្នុងផ្លូវកាម ទាំងការគិតក្នុងចិត្ត និងទង្វើដែលប្រព្រឹត្តទាំងឡាយ។ ទង្វើទាំងនេះចាត់ទុកថាជាការធ្វើបាបផ្លូវចិត្តភរិយាយ៉ាងធ្ងន់ធ្ងរ រហូតនាំឲ្យមានការឈ្លោះទាស់ទែង និងបាត់បង់អស់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ក្នុងគ្រួសារ។ ផ្ទុយទៅវិញ បើប្ដីប្រពន្ធស្រលាញ់គ្នាស្មោះមួយទល់នឹងមួយនោះ ស្នេហានឹងដំណើរទៅដោយរលូន។
៤. ផ្ដល់ភាពជាធំក្នុងការចាត់ចែងការងារផ្ទះ
សង្គមខ្មែរតាំងពីបុរាណមានទម្លាប់ឲ្យភរិយាមើលថែចាត់ចែងការងារក្នុងផ្ទះជាចម្បង រួមទាំងការទទួលភ្ញៀវផ្សេងៗ ដែលគ្រប់គ្នាហៅថា “មេផ្ទះ”។ ចំណែកស្វាមីមាននាទីជួយទំនុកបម្រុងរឿងលុយកាក់ សម្រាប់ចំណាយនានាក្នុងផ្ទះ និងជួយនាងសម្រាប់ការងារធ្ងន់ៗ។
៥. ផ្ដល់អំណោយតាមឱកាស
ក្នុងឱកាសផ្សេងៗដែលជាថ្ងៃសំខាន់របស់គូជីវិត ដូចជាថ្ងៃកំណើត ថ្ងៃខួបអាពាហ៍ពិពាហ៍ ជាដើម ស្វាមីដែលល្អតែងតែមានអំណោយដែលជាទីចង់បានសម្រាប់មនុស្សស្រីទូទៅ ដូចជា គ្រឿងតែងខ្លួន សម្លៀកបំពាក់ ជាដើម។ ការផ្ដល់អំណោយដល់ប្រពន្ធគឺចាត់ទុកថាជាការធ្វើឲ្យចំណងស្នេហាកាន់តែរឹងមាំមួយចំណែកដែរ។
អានិសង្សសម្រាប់ស្វាមីដែលសង្គ្រោះភរិយា៖
១. ធ្វើឲ្យស្នេហាគង់វង្សយូរអង្វែង
២. ធ្វើឲ្យមានភាពសាមគ្គីក្នុងគ្រួសារ
៣. ធ្វើឲ្យគ្រួសារមានសេចក្ដីស្ងប់សុខ
៤. ធ្វើឲ្យទទួលបានការស្ញើចសរសើរ
៥. ជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ ៕
ចុចអាន៖
មុនចង់បានបុរសល្អធ្វើប្ដី ស្រីៗគួរពិនិត្យមើលខ្លួនឯង ៥ចំណុចនេះសិន
រៀបការក៏ដោយ ត្រឹមស្រលាញ់គ្នាក៏ដោយ ចង់ហៅប្ដីប្រពន្ធ ទាល់តែធ្វើបាន១១ចំណុចនេះសិន