រៀបការក៏ដោយ ត្រឹមស្រលាញ់គ្នាក៏ដោយ ចង់ហៅប្ដីប្រពន្ធ ទាល់តែធ្វើបាន១១ចំណុចនេះសិន
- 2018-04-21 01:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការក៏ដោយ ត្រឹមស្រលាញ់គ្នាក៏ដោយ ចង់ហៅប្ដីប្រពន្ធ ទាល់តែធ្វើបាន១១ចំណុចនេះសិន
ការហៅគ្នាថា "ប្ដីប្រពន្ធ" ស្ដាប់ទៅដូចជាងាយស្រួល តែបើវិភាគពីអត្ថន័យឱ្យបានស៊ីជម្រៅ ពាក្យនេះត្រូវការលក្ខណៈសម្បត្តិជាច្រើនដើម្បីហៅ ហើយត្រូវតាំងចិត្តឱ្យបានដូចពាក្យដែលហៅគ្នានេះផង។ មានច្បាប់ទូន្មានជាច្រើនបានចែងតាំងពីបុរាណកាលមក ដូចជាច្បាប់ស្រីចែងពីតួនាទីរបស់ភរិយាល្អ ព្រះរាជនិពន្ធរបស់ព្រះអង្គដួងនៅព.ស ២៣៨០ ចែងពី គតិ៥យ៉ាងរបស់ប្ដីសម្រាប់ប្រតិបត្តិចំពោះប្រពន្ធជាដើម ហើយគោលបំណងរបស់ច្បាប់ទាំងនោះគឺចង់អប់រំអ្នកជាប្ដីនិងប្រពន្ធឱ្យស្វែងយល់រៀងៗខ្លួន ដើម្បីកសាងគ្រួសារបានយូរអង្វែងតទៅ។
ចុចអាន៖ មើលពីប្រភេទស្នេហាដែលអ្នកមាន ដើម្បីដឹងពីអនាគតថាបានគ្នាឬយ៉ាងណា?
ជាន័យរួម ស្រួលស្ដាប់ ថ្ងៃនេះ កញ្ញា សូមលើកយកចំណុចមួយចំនួនសម្រាប់មនុស្សពីរនាក់ស្រលាញ់គ្នា អាចហៅគ្នាថា "ប្ដីប្រពន្ធ" បានលុះត្រាតែ៖
ដឹងថាលំបាក តែនឹងតាំងចិត្តតស៊ូជាមួយគ្នា
ដឹងថានឹងមានរឿងត្រូវឈ្លោះគ្នាថ្ងៃណាមួយ តែនឹងព្រមដោះស្រាយគ្នាតាមសម្រួល
ដឹងថានឹងមានអ្នកផ្សេងល្អជាង តែនឹងនៅតែស្មោះស្ម័គ្រនឹងគ្នា
ដឹងថាពូកែរករឿង តែនឹងចិត្តធ្ងន់មិនប្រកាន់ខឹង
ដឹងថាពូកែរអ៊ូ តែនឹងសុខចិត្តនៅស្ដាប់ មិនធុញទ្រាន់
ដឹងថានឹងត្រូវលំបាករកលុយ តែនឹងរួមសុខទុក្ខជាមួយគ្នារហូតមានបាន
ដឹងថាពេលមានបាននឹងមានអ្វីអូសទាញ តែនឹងតាំងចិត្តមិនទៅណាចោលគ្នា
ដឹងថាពេលមានកូន នឹងលែងស្អាត តែនឹងនៅតែស្រលាញ់ដូចដើម និងលើសដើម
ដឹងថាមិនល្អគ្រប់១០ តែនឹងព្រមទទួលយកគ្រប់យ៉ាង ហើយចេះកែលម្អគ្នា
ដឹងថានឹងចាស់ ឈឺ តែនឹងមើលថែគ្នា ទោះកំពុងខឹងយ៉ាងណា
ដឹងថាហត់នឿយ តែនឹងជួយចែករំលែកការងារគ្នា មិនឱ្យខាងណាហត់តែម្នាក់ឯង
ជូនពរគូស្នេហ៍ទាំងអស់ដែលកំពុងអានអត្ថបទនេះស្រលាញ់គ្នាដល់ចាស់កោងខ្នង កូនដប់ម្ភៃ៕