មុនចង់បានបុរសល្អធ្វើប្ដី ស្រីៗគួរពិនិត្យមើលខ្លួនឯង ៥ចំណុចនេះសិន
- 2018-04-17 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនចង់បានបុរសល្អធ្វើប្ដី ស្រីៗគួរពិនិត្យមើលខ្លួនឯង ៥ចំណុចនេះសិន
គ្មានអ្នកណាម្នាក់ប្រាថ្នាប្ដីមិនល្អនោះទេ តែពេលខ្លះទោះអ្នកចង់បានក៏វាមិនបានដែរព្រោះមនុស្សល្អគេមានបុណ្យជាមួយមនុស្សល្អដូចគ្នា។ ដើម្បីជាគន្លឹះក្នុងការទទួលបានបុរសចូលក្នុងជីវិតនោះ កញ្ញា ក៏ចង់ចែករំលែកពីចំណុចខ្លះៗដែលនារីគួរពិនិត្យមើលពីខ្លួនឯងដែរ។ នេះមិនមែនចង់បន្ទាបតម្លៃមនុស្សស្រីណាគ្មានចំណុចដូចខាងក្រោមនេះទេ តែគ្រាន់តែចង់ឲ្យមនុស្សស្រីមានពិចារណានិងកែប្រែចំណុចខ្វះខាតតែប៉ុណ្ណោះ៖
១. អត្តចរិត ឫកពា
ដែលឃើញបុរសល្អណាគេទៅយកស្រីហក់លោត ភ្លើតភ្លើនជាភរិយាទេ? ទោះបីជាមិនសូវមានទ្រព្យធន រូបសម្បត្តិ តែបើមនុស្សស្រីនោះអត្តចរិតល្អ ឫកពាសមរម្យ ស្គាល់ចាស់ស្គាល់ទុំ ស្គាល់ទាបស្គាល់ខ្ពស់នោះក៏មិនជាបញ្ហាសម្រាប់បុរសនោះដែរ ព្រោះគេយកប្រពន្ធមកថែទាំគ្រួសារ ធ្វើជាម្ដាយដ៏ល្អរបស់កូនៗគេ ធ្វើជាកូនប្រសាដែលស្រឡាញ់ឪពុកម្ដាយស្មើរៗគ្នា។
**២. គំនិត**
មនុស្សស្រីបើមានគំនិតទោះអត់ ទោះក្រយ៉ាងណាក៏គង់មានបានដែរព្រោះគេចេះទុកចេះដាក់ ចេះស្វះស្វែងរកស៊ី។ គេមិនមែនដេកចាំតែលុយប្ដីនោះទេ ទោះបីប្ដីនោះជាអ្នកធូរធារហើយក៏ដោយ។ មនុស្សស្រីដែលមានគំនិត ចេះគិតគូបានល្អិតល្អន់ចំពោះគ្រួសារ ហើយតែងតែជ្រោមជ្រែងប្ដីឲ្យខ្ពស់មុខខ្ពស់មាត់ មិនមែនបំបាក់មុខប្ដីឡើយ។
៣. ចំណេះដឹង
ទោះមិនបានរៀនសូត្របានខ្ពង់ខ្ពស់ខ្លាំងក៏គួរតែរៀនឲ្យបានចប់បរិញ្ញាដែរ ព្រោះបើរៀនបានប៉ុណ្ណឹងអ្នកអាចមើលពីសង្គមបានច្រើន។ ម្យ៉ាងទៀតមនុស្សស្រីដែលឲ្យតម្លៃលើការសិក្សាគឺជានារីដែលបុរសល្អចង់បាន ព្រោះគេជឿជាក់ថានាងអាចធ្វើជាប្រពន្ធដ៏រឹងមាំ ម្ដាយដ៏ឆ្លាតវៃដែលអាចចិញ្ចឹម អប់រំកូនៗឲ្យក្លាយជាមនុស្សមានសមត្ថភាពបាន។ លើសពីនេះចំណេះដឹងក៏បានបង្ហាញពីតម្លៃនៃការប្រាស្រ័យទាក់ទង និងរស់នៅក្នុងសង្គមដែរ ដូច្នេះគួរតែព្យាយាមរៀនសូត្រតាមតែអាចទៅបាន។
៤. ការរៀបចំខ្លួន
ដឹងហើយថាការរៀបចំខ្លួនមិនអាចវាយតម្លៃមនុស្សបាននោះទេ ប៉ុន្តែវាការទាក់ភ្នែកមួយផ្នែកដែលមនុស្សប្រុសសម្លឹងមើល។ បើអ្នកស្លៀកពាក់មិនសមរម្យ ឆ្គងភ្នែកនោះ បុរសល្អគេក៏មិនយកភ្នែកមើលដែរ ព្រោះគេជឿថានារីដែលទទួលបានការអប់រំខ្ពស់ និងមានឥរិយាបថល្អនាងច្បាស់ជាយល់ និងដឹងថាអ្វីសមសួន អ្វីមិនសមសួនហើយ។
៥. មានការងារ មានសមត្ថភាព
ទោះមនុស្សប្រុសមានភាពរឹងមាំហើយក៏ដោយក៏គេនៅតែចង់បាននារីម្នាក់ដែលមានភាពជឿជាក់ មានសមត្ថភាពអាចជួយខ្លួនឯងបាន។ ការងារក៏ជាអ្វីដែលមនុស្សស្រីត្រូវតែមាន ព្រោះមិនអាចចេះតែដេកចាំពេលមានប្ដីចាយលុយប្ដីនោះទេ។ ការងារនេះមិនត្រឹមតែជួយយឹតយោងគ្រួសារទេ វាក៏បង្ហាញថានារីនោះមានសមត្ថភាពរស់នៅយ៉ាងរឹងមាំដោយមិនចាំបាច់ពឹងអ្នកណា។ កុំដើរទាត់ខ្យល់ ហើយចង់បានបុរសល្អមកចិញ្ចឹមនោះ។
៦. ភាពស្មោះត្រង់
ខ្លះសំណាងបានបុរសល្អមកក្បែរហើយតែបែរជាមិនចេះរក្សា ហើយដើរស្រឡាញ់អ្នកនេះអ្នកនោះដោយគ្មានភាពច្បាស់លាស់។ ដល់ពេលចំមនុស្សប្រុសគេសាវាវិញតាំងនិយាយថាមនុស្សប្រុសសុទ្ធតែមិនល្អ តែដល់មនុស្សប្រុសល្អមកស្រឡាញ់មិនចេះស្រឡាញ់។ គួរមើលខ្លួនឯងសិនទៅ មុននិយាយថាហេតុអីស្រឡាញ់ប៉ះចំតែអ្នកបោក៕
ចុចអាន៖បើមានចំណុចនេះ គេអត់បានស្រឡាញ់អ្នកទេ គេគ្រាន់ប្រើប្រាស់អ្នកប៉ុណ្ណោះ