គួររៀនពីរបៀបជួយខ្លួនឯងនៅពេលខឹង ដើម្បីអាចជួយទប់កំហឹងបានមិនឲ្យចេះតែបញ្ចេញដាក់អ្នកផ្សេងដោយមិនដឹងខ្លួន

  • 2025-07-09 09:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំហឹង នៃការខឹង​ គឺជាផ្នែកមួយនៃអារម្មណ៍របស់មនុស្សយើងទូទៅ តែគ្រប់គ្នាក៏ត្រូវចេះទប់នឹងគ្រប់គ្រងកំហឹងរបស់ខ្លួនដែល ខឹងនាំឲ្យយើងមានបញ្ហាជាមួយអ្នកដទៃបាន។ ការខឹងអាចមានផលអាក្រក់សម្រាប់សុខភាពផ្លូវកាយ និងអារម្មណ៍របស់យើង។ បើយើងអាចគ្រប់គ្រងកំហឹងបានដោយរៀនយល់ពីបញ្ហានៃការខឹង និងយកមូលហេតុនៃកំហឹងនោះមកពិចារណា ដើម្បីអាចគ្រប់គ្រងកំហឹងបាន អ្នកអាចសាកអនុវត្តរៀនពីវិធីសំខាន់ៗជួយខ្លួនឯងនៅពេលខឹង ដើម្បីអាចជួយទប់កំហឹងបានខាងក្រោម ៖

ហេតុអ្វីត្រូវទប់កំហឹងពេលខឹង?

កំហឹងមិនអាចនិយាយបានថាល្អឬអាក្រក់នោះទេ។ កំហឹងគឺជាអារម្មណ៍របស់មនុស្ស ដែលដើរតួសំខាន់ក្នុងការបញ្ចេញអារម្មណ៍របស់មនុស្សយើងមកខាងក្រៅឲ្យអ្នកដទៃបានដឹង ដូចជាពេលយើងកំពុងមានទុក្ខ និងអារម្មណ៍ផ្សេងទៀតនៅពេលដែលយើងត្រូវបានរំលោភបំពានក្នុងប្រការណាមួយ។ ជារឿងទូទៅអ្នកណាក៏មានពេលណាមួយនោះបានបញ្ចេញកំហឹងដែរ ដែលនេះជារឿងទូទៅ ទៅហើយនិងមិនចាំបាច់មានការព្យាបាលនោះទេ។ ប៉ុន្តែបើកំហឹងចាប់ផ្ដើមបង្កគ្រោះថ្នាក់ដល់អ្នកផ្សេងនៅជុំវិញខ្លួនក៏ដូចជារូបខ្លួនយើងផ្ទាល់វិញនោះ គឺត្រូវព្យាបាលហើយ។ យ៉ាងនេះហើយទើបមានវិធីច្រើនយ៉ាងណាស់ក្នុងការគ្រប់គ្រងកំហឹង ហើយបំប្លែងកំហឹងឲ្យទៅជាសកម្មភាពមានប្រយោជន៍វិញ។

តើគួរគ្រប់គ្រងកំហឹងឲ្យបានបែបណា?

ការគ្រប់គ្រងកំហឹង គឺមិនមែនជាការលាក់ទុកកំហឹងក្នុងចិត្តទេ វាអាចកាន់តែធ្វើឲ្យយើងគ្រាំគ្រាទ្រាំលែងបាន។ តែត្រូវយល់ពីវិធី គ្រប់គ្រងអារម្មណ៍ខ្លួនឯង ឲ្យច្បាស់និងមូលហេតុដែលធ្វើឲ្យអារម្មណ៍ទៅជាបែបនេះ ។ ម្យ៉ាងដើម្បីទប់កុំឲ្យកំហឹងបញ្ចេញជាសកម្មភាពណាមួយផ្តេសផ្តាស អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃគួររៀនធ្វើការទប់ចិត្តគ្រប់គ្រងអារម្មណ៍ខឹងឲ្យបាន ឲ្យអស់បីសមត្ថភាព ប្រឆាំងភាពប្របូកច្របល់ក្នុងខ្លួនដោយមិនបង្កឲ្យមានបញ្ហាជាមួយនឹងទំនាក់ទំនងក្នុងសង្គមផងដែរ។

នេះជាវិធីខ្លះៗដែលយើងអាចយកទៅអនុវត្ត ក្នុងការគ្រប់គ្រងអារម្មណ៍ពេលដែលយើងខឹងខាងក្រោមដូចជា៖

• គិតមុននឹងនិយាយ៖ យកពេលគិតឲ្យបានច្រើនមុននឹងនិយាយចេញមក ព្រោះពាក្យមួយម៉ាត់ៗដូចជាអាវុធអ៊ីចឹង។

• បញ្ចេញអារម្មណ៍មិនពេញចិត្តនៅពេលដែលចិត្តត្រជាក់៖ លើកយកបញ្ហាដែលកប់ទុកក្នុងចិត្តនោះមក ហើយរកវិធីរំសាយចេញក្នុងផ្លូវមួយដែលមិនបំពានលើនរណាម្នាក់។

• ដើរចេញ៖ ដើរឬរត់ហាត់ប្រាណ ធ្វើយ៉ាងណាបានបញ្ចេញកម្លាំងកាយដែលអាចបង្វែអារម្មណ៍ខឹងបាន។

• ចំណាយពេលធ្វើឲ្យត្រជាក់ចិត្ត៖ ទប់អារម្មណ៍មួយពេលហើយធ្វើចិត្តឲ្យត្រជាក់អាចជួយយើងដោះស្រាយឧបសគ្គផ្លូវចិត្តនេះបាន ហើយជៀសវាងភាពឆេវឆាវបានថែមទៀតផង។

• កំណត់វិធីដោះស្រាយដែលល្អ៖ ត្រូវចងចាំថាពេលឲ្យកំហឹងឈ្នះចិត្តយើង គឺគ្មានគុណប្រយោជន៍សម្រាប់អ្នកណានោះទេ។ ផ្ទុយទៅវិញការពិចារណាដ៏ត្រឹមត្រូវអាចធ្វើឲ្យការគិតផ្លាស់ប្ដូរហើយអាចមានវិធីដោះស្រាយដ៏ល្អ។

• សើចច្រើនចម្រើនអាយុ៖ លើកទឹកចិត្តខ្លួនឯង និងធ្វើឲ្យអារម្មណ៍ធូរស្រាលដោយការសើចគឺពិតជាមានប្រសិទ្ធភាពប៉ុន្តែកុំជ្រុលពេកអាចទៅជាចម្លែក។

• រៀនបន្ធូរអារម្មណ៍៖ ដកដង្ហើមមួយៗវែងៗ ធ្វើសមាធិនិង ហាត់យ៉ូហ្កា អាចជួយយើងគ្រប់គ្រងអារម្មណ៍បាន។ យើងអាចស្ដាប់ចម្រៀង សរសេរឬធ្វើអ្វីក៏បានដែលអាចធ្វើឲ្យយើងបំភ្លេចកំហឹងបានមួយពេល។

• រកជំនួយ៖ នៅពេលដែលកំហឹងទប់លែងបាន ត្រូវដឹងថាត្រូវរកជំនួយពីអ្នកណាឲ្យបានត្រឹមត្រូវដូចជានិយាយប្រាប់មិត្តភក្ដិ រកគ្រូពេទ្យឯកទេសដែលអាចជួយយើង កុំឲ្យឈានដល់កើតមានវិប្បដិសារីបាន។

• រៀនពីសិល្បៈក្នុងការគ្រប់គ្រងអារម្មណ៍៖ ការគ្រប់គ្រងអារម្មណ៍គឺពិបាកសម្រាប់គ្រប់គ្នា។ យើងអាចថានិយាយចេះតែស្រួលហើយ ពេលធ្វើផ្ទាល់បានដឹងថាពិបាក ប៉ុន្តែបើឧស្សាហ៍អនុវត្តទៅយើងនឹងទម្លាប់ហើយ។

បើមានសំនួរ ឬករណីមន្ទិលសង្ស័យណាមួយជុំវិញបញ្ហាសុខភាពរបស់អ្នក ជម្រើសដ៌ល្អបំផុតអ្នកគួរតែទៅពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញខាងផ្នែកបញ្ារបស់ជំងឺដែលអ្នកសង្ស័យអំពីអាការ:កំពុងកើតចំពោះអ្នក។

អត្ថបទ៖ សិរីរត្នន៍