​ទម្លាប់​កម្សាន្ត​៧​ ​ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​កាន់​តែ​ឆ្លាត ផ្អែក​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​

  • 2018-01-15 02:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្ស​មក​ហើយ មនុស្ស​តែង​ជឿ​ថា​​ទេពកោសល្យ ប្រាជ្ញា គឺ​ត្រូវ​បាន​​ប្រទាន​ដោយ​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​គ្មាន​​វិធី​ផ្សេង​ដើម្បី​​កែប្រែ ឬ​តវ៉ា​ជាមួយ​​​​ធម្មជាតិ​​​ដែរ​​​​។ មក​ដល់​សព្វថ្ងៃ​នេះ​មនុស្ស​ថែម​ទាំង​អាច​វាស​កម្រិត​ឆ្លាតវៃ​​(IQ)​របស់​ខ្លួន ព្រម​ទាំង​សត្វ​មួយ​ចំនួន​ថែម​ទៀត​ផង​។ ប៉ុន្តែ​​​ដោយ​ផ្អែក​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ ការ​ពិត​ភាព​ឆ្លាតវៃ​​របស់​មនុស្ស​​​​​​​អាច​​​វិវត្ត​បាន ដរាប​ណា​អ្នក​​ព្យាយាម​បង្កើន​សមត្ថភាព​វា​តាម​រយៈ​ចំណង់ចំណូលចិត្ត​​​៧​យ៉ាង​ខាង​ក្រោម​៖​

១. លេង​ឧបករណ៍​តន្ត្រី​

ការ​​ឧស្សាហ៍​លេង​ឧបករណ៍​តន្ត្រី​ ជួយ​​បង្កើន​​កម្រិត​​នៃ​​​​ការ​ស្រមើស្រមៃ ការ​សង្កេត​តាមដាន ទំនាក់ទំនង ​និង​​ចំណេះដឹង​ផ្នែក​គណិតសាស្ត្រ​ជា​ដើម​។​ វា​ពិត​ជា​​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង ដល់​អំណាច​​ក្នុង​ការ​ចងចាំ មុខងារ​ខួរក្បាល និង​​ជំនាញ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​​។​

២. ការ​អាន​

វា​​សំដៅ​ចំពោះ​ការ​អាន​គ្រប់​ប្រភេទ ដូចជា​រឿង​​ប្រលោមលោក ​ឬ​សៀវភៅ​ចំណេះដឹង​ផ្សេងៗ​ជា​ដើម​។ ការ​អាន​ធ្វើ​​ឲ្យ​​ប្រព័ន្ធ​ប្រសាទ​​របស់​អ្នក​ស្ងប់ស្ងាត់ និង​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ធូរ​ស្រាល​។ ​ខួរក្បាល​អ្នក​ប្រមូល​បាន​ព័ត៌មាន​ជា​ច្រើន របៀប​ដោះស្រាយ​បញ្ហា​នានា​ ព្រម​ទាំង​យល់​ពី​​មនុស្ស​កាន់​តែ​ច្បាស់​ តាម​រយៈ​ការ​អាន​នេះ​។​

៣. ការ​ហាត់ប្រាណ​ទៀងទាត់​

ការ​​ហាត់ប្រាណ​ទៀងទាត់ ជួយ​​​បង្កើន​​ការ​ចងចាំ ការ​ផ្ចង់​អារម្មណ៍​ និង​ការ​យល់​ដឹង​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​។ ការ​អង្គុយ​នៅ​មួយ​កន្លែង​យូរ​ធ្វើ​ឲ្យ​រាងកាយ​អ្នក​ស្ពឹក​ស្រពន់ ដូច្នេះ​ការ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ មាន​គុណសម្បត្តិ​​ចំពោះ​​សុខភាព​ទាំង​​រាងកាយ​ខាង​ក្រៅ​ ព្រម​ទាំង​ខួរក្បាល​ទៀត​ផង​។​

៤. រៀន​ភាសា​​បរទេស​

ការ​រៀន​ភាសា​​​បរទេស ជួយ​ឲ្យ​​ការ​ចងចាំ និង​សមត្ថភាព​ក្នុង​ការ​រៀបចំ​ បត់បែន របស់​ខួរក្បាល​អ្នក​រឹត​​តែ​ល្អ​ប្រសើរ​។ មួយ​វិញ​ទៀត ការងារ​​ជា​ច្រើន​តម្រូវ​ឲ្យ​​អ្នក​ចេះ​យ៉ាង​តិច​ពីរ​ភាសា ដូច្នេះ​វា​គឺ​ជា​​គោលការណ៍​ ឈ្នះ​ឈ្នះ​ដែល​អ្នក​មិន​គួរ​មើល​រំលង​​សោះ​ឡើយ​។​

៥. រៀន​បន្ថែម​​គ្រប់​ពេល​

អាយុ​ច្រើន​ប៉ុណ្ណា​ក៏​គ្មាន​បញ្ហា​សម្រាប់​ការ​សិក្សា​រៀន​សូត្រ​ដែរ ដោយ​តែ​អ្នក​មាន​ការ​ប្ដេជ្ញា​ចិត្ត​គ្រប់គ្រាន់​។ រក្សា​កូន​​សៀវភៅ​តូច​មួយ​ជាប់​ខ្លួន កត់ត្រា​ចំណេះដឹង​សំខាន់ៗ​ជា​រៀងរាល់​ថ្ងៃ​ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍ រួច​កុំ​ភ្លេច​ឧស្សាហ៍​បើក​អាន​​​វា​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ​។​

៦. លំហាត់​ប្រាណ​ឲ្យ​ខួរក្បាល​

បើ​អ្នក​ចូលចិត្ត​ធ្វើ​រឿង​ស្រួលៗ ដែល​មិន​សូវ​យក​ខួរក្បាល​គិត នោះ​ខួរក្បាល​អ្នក​ក៏​ស្ពឹក​ស្រពន់ មិន​សូវ​គិត​អ្វី​ឲ្យ​បាន​រហ័សរហួន​ដូច​គ្នា​។ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ឲ្យ​វា​ហាត់​ធ្វើ​ការ ដោយ​ការ​លេង​ល្បែង​​​​​តេស្ដ​ប្រាជ្ញា​ផ្សេងៗ​​នៅ​ពេល​ទំនេរ​។ នៅ​ពេល​ដែល​ខួរក្បាល​រវល់ អ្នក​ក៏​មិន​សូវ​មាន​បញ្ហា​ជាមួយ​​​​ភាព​តានតឹង ឬ​មួម៉ៅ​ដែរ​។​

៧. ការ​​សមាធិ​

ការ​សមាធិ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្ងប់ មូល ព្រម​ទាំង​​កាត់​បន្ថយ​​​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដូច​ជា ការ​ជះ​កំហឹង ឬ​ភាព​ឆេវឆាវ​ជា​ដើម​។ មួយ​វិញ​ទៀត អ្នក​អាច​អភិវឌ្ឍ​ស្មារតី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​រឹងមាំ ដោយ​ការ​សមាធិ​នេះ​​។ នៅ​ពេល​អ្នក​រឹងមាំ​ផ្នែក​​អារម្មណ៍ ខួរក្បាល​អ្នក​ក៏​ដំណើរ​ការ​ល្អ​ដូច​គ្នា​ ៕

ចុចអាន៖

ប្រភព៖ dailypositiveinfo ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម