​ទម្លាយ​មូលហេតុ ៥​នៃ​ការ​គេង​មមើ​ដែល​គ្រប់​គ្នា​តែងតែ​សង្ស័យ

  • 2017-12-26 08:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​គេង​មមើ​ត្រូវ​បាន​ចាត់​ទុក​ជា​សកម្មភាព​ខុស​ប្រក្រតី​មួយ​ដែល​កើត​ឡើង​នៅ​ពេល​គេង​លក់ ដោយ​យើង​​មិន​ដឹង​ខ្លួន។ អ្នក​អាច​មមើ​​និយាយ​នៅ​ពេល​កំពុង​យល់សប្ដិ ហើយ​ពេល​ខ្លះ​ក៏​អាច​​មាន​កាយវិការ​ខ្លះ​ៗ​ចេញ​មក។

អាន​ត្រឹម​ចំណុច​នេះ ប្រិយមិត្ត​ជា​ច្រើន​អាច​នឹង​ចាប់​ផ្ដើម​សង្ស័យ​ខ្លួន​ឯង​ហើយ​ថា​ធ្លាប់​គេង​មមើ​ដែរ ឬ​ក៏​អត់។ ការ​ពិត​មនុស្ស​គ្រប់​គ្នា​គឺ​សុទ្ធ​តែ​ធ្លាប់​គេង​មមើ ប៉ុន្តែ​​ភាគ​ច្រើន​​គឺ​កើត​ឡើង​លើ​មនុស្ស​ប្រុស និង​កូន​ក្មេង​ច្រើន​ជាង​លើ​មនុស្ស​ស្រី។ មូលហេតុ​​នៃ​ការ​មមើ​អាច​បណ្ដាល​មក​ពី៖

១. កត្តា​​ខាង​ក្រៅ

ការ​ស្ត្រេស ភាព​សោកសៅ ការ​​ពិសា​គ្រឿង​ស្រវឹង កើត​គ្រុន និង​ការ​គេង​លក់​មិន​បាន​គ្រប់គ្រាន់​អាច​​ធ្វើ​​ឲ្យ​អ្នក​គេង​មមើ​បាន ហើយ​បើ​អ្នក​មាន​ជំងឺ​ស្រ្តេស​​ក្រោយ​ជួប​ប្រទះ​ហេតុការណ៍​ដែល​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង (Posttraumatic stress disorder - PTSD) ឱកាស​​ដែល​អ្នក​នឹង​​គេង​មមើ​គឺ​មាន​កាន់​តែ​ច្រើន។

២. តំណពូជ

ប្រសិន​បើ​អ្នក​មាន​សមាជិក​គ្រួសារ​ដែល​មាន​ប្រវត្តិ​គេង​មមើ​ញឹកញាប់ អ្នក​ក៏​អាច​កើត​មាន​អាការ​បែប​នេះ​ដូច​គ្នា។ បើ​អាណាព្យាបាល​មាន​ទម្លាប់​គេង​មមើ​កាល​ពី​នៅ​ក្មេង កូន​ៗ​​អាច​នឹង​ជួប​ប្រទះ​អាការ​ដូច​គ្នា​ដែរ។

៣. បញ្ហា​​ពាក់ព័ន្ធ​នឹង​ការ​គេង

អ្នក​អាច​​នឹង​គេង​មមើ​ប្រសិន​បើ​អ្នក​មាន​ជំងឺ​ ឬ​បញ្ហា​ដែល​ពាក់ព័ន្ធ​ដល់​ការ​គេង ដូច​ជា​ជំងឺ​ឈប់​ដក​ដង្ហើម​ពេល​​គេង​លក់ អាការ​រវើរវាយ​ពេល​ក្រោក​ពី​គេង សុបិន​អាក្រក់។ល។

៤. មាន​បញ្ហា​ផ្លូវ​ចិត្ត

សម្រាប់​មនុស្ស​អាយុ​ចាប់​ពី ២៥​ឆ្នាំ​ឡើង​ទៅ ការ​គេង​មមើ​អាច​​មាន​ទំនាក់ទំនង​​ទៅ​នឹង​បញ្ហា​ផ្លូវ​ចិត្ត ដែល​អាច​បង្ហាញ​ថា​ផ្លូវ​ចិត្ត​របស់​អ្នក​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី។

៥. ញ៉ាំ​ថ្នាំ​មួយ​ចំនួន

ថ្នាំ​ប្រភេទ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មមើ​បាន ដូច​ជា​​ថ្នាំ​ប្រភេទ Montelukast ដែល​​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ហឺត​ជាដើម។

ការ​គេង​មមើ​អាច​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ វា​ក៏​រំខាន​​ដល់​ការ​គេង​របស់​អ្នក និង​អ្នក​ដែល​គេង​ជាមួយ​អ្នក។ ប្រសិន​បើ​អ្នក​គេង​មមើ​រៀងរាល់​យប់ ឬ​ញឹកញាប់​ខ្លាំង​ខុស​ពី​ធម្មតា អ្នក​គួរ​សាកល្បង​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ ៕

ប្រភព៖ Orami ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម