សញ្ញាណបញ្ជាក់ថា ស្បែក​អ្នក​កំពុង​អាលែកហ្ស៊ី​គ្រឿង​សម្អាង​ហើយ

  • 2017-09-01 04:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ប្រតិកម្ម​ពី​គ្រឿង​សម្អាង​កើត​ឡើង​មិន​មែន​អាស្រ័យ​តាម​បរិមាណ​ដែល​អ្នក​ប្រើ​នោះ​ទេ តែ​វា​​អាស្រ័យ​លើ​ធាតុ​ផ្សំ​នៃ​គ្រឿង​ទាំង​នោះ​ និង​ការ​ប្រើ​ជា​ប្រចាំ​របស់​អ្នក​។ ដូច្នេះ​ទោះ​បី​ប្រើ​ក្នុង​បរិមាណ​តិច​តួច​ក៏​ដោយ ក៏​វា​អាច​ប៉ះពាល់​ស្បែក​អ្នក​បាន​ដែរ បើ​​​គ្រឿង​សម្អាង​ទាំង​នោះ​មិន​មាន​គុណភាព ឬ​មិន​ត្រូវ​នឹង​ស្បែក​របស់​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​អាការៈ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ស្បែក​របស់​អ្នក​កំពុង​មាន​បញ្ហា​ជាមួយ​គ្រឿង​សម្អាង​ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​ហើយ។

១- ឡើង​មុន៖

នេះ​ជា​រោគ​សញ្ញា​ដែល​ឆាប់​មើល​ឃើញ​ជាង​គេ ជា​ពិសេស​សម្រាប់​ស្បែក​ដែល​ងាយ​រង​ប្រតិកម្ម។ គ្រឿង​សម្អាង​ដែល​មាន​គុណភាព​ទាប ឬ​មិន​មាន​ម៉ាក​យីហោ​ត្រឹម​ត្រូវ​តែង​មាន​ផ្ទុក​ជាតិ​គ្រីម​ក្រាស​ដែល​ធ្វើ​ឱ្យ​ស្ទះ​រន្ធ​ញើស បង្ក​ជា​បាក់តេរី ងាយ​ឆ្លង​រោគ ស្បែក​ទៅ​ជា​ហើម និង​រលាក​​។

២- ស្បែក​ឡើង​ក្រហម រលាក​៖

បើ​ស្បែក​របស់​អ្នក​ផ្លាស់​ប្ដូរ​ពី​ការ​ឡើង​មុន រហូត​ទៅ​ជា​រលាក​ក្រហម វា​បង្ហាញ​ថា ស្បែក​របស់​អ្នក​កំពុង​រង​ប្រតិកម្ម​ធ្ងន់ធ្ងរ​ហើយ។ បើ​នៅ​តែ​មិន​ចាប់អារម្មណ៍ និង​ព្យាបាល​ឱ្យ​ទាន់​ពេល​ទេ វា​នឹង​បង្ក​ទៅ​ជា​មេរោគ​ឆ្លង​លើ​ស្បែក​កាន់​តែ​ធ្ងន់​ទៅៗ។

៣- ​ស្បែក​មុខ​ចាស់​ៗ៖

ការ​ប្រើ​គ្រឿង​សម្អាង​ថោក​ៗ ឬ​មិន​មាន​គុណភាព​រយៈ​ពេល​យូរ​ វា​នឹង​បណ្ដាល​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ប្រែ​ទៅ​ជា​ជ្រីវជ្រួញ គ្មាន​សំណើម​ ឬ​ឡើង​អាចម៍​រុយ។

៤- ករណី​កាន់​តែ​ធ្ងន់ធ្ងរ៖

ក្រៅ​ពី​ស្ថានភាព​ទាំង​៣​ខាង​លើ បើ​ស្បែក​អ្នក​មាន​បញ្ហា​ធ្ងន់ធ្ងរ​ព្រោះ​គ្រឿង​សម្អាង វា​នឹង​ឡើង​ទៅ​ជា​កន្ទួល​​ក្រហម ហើម ពេល​ខ្លះ​បណ្ដាល​ឱ្យ​រក​កល​ក្អួត​ចង្អោរ ពិបាក​ដកដង្ហើម​ក៏​មាន​។ បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ វា​នឹង​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត​ជា​មិន​ខាន​។

វិធី​បង្ការ​និង​ព្យាបាល​

ប្រតិកម្ម​ស្បែក​ទោះ​តិច​ឬ​ច្រើន វា​នឹង​ធ្វើ​ឱ្យ​ខូច​កោសិកា​ស្បែក​ ហើយ​អាច​ប៉ះពាល់​សុខភាព​។​ ដូច្នេះ​បើ​អ្នក​កំពុង​មាន​បញ្ហា​ដូច​ខាង​លើ គួរ​សាកល្បង​វិធី​ការពារ​និង​ព្យាបាល​ដូច​ខាង​ក្រោម​នេះ​៖

  • បញ្ឈប់​ការ​ប្រើ​គ្រឿង​សម្អាង​ទាំង​នោះ ហើយ​លាង​មុខ​ដោយ​ប្រើ​ទឹក​ស្អាត​ជា​ប្រចាំ ដើម្បី​បណ្ដេញ​សារធាតុ​មិន​ល្អ​ទាំង​ឡាយ​ពី​ស្បែក និង​ការ​ពារ​កុំ​ឱ្យ​កើត​ឡើង​វិញ។

  • ក្នុង​អំឡុង​ពេល​នេះ អ្នក​គួរ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ កំណត់​បរិមាណ​ស្ករ​ក្នុង​ចំណី​អាហារ និង​ហាម​យក​ដៃ​ទៅ​ប៉ះ​ស្បែក​ដែល​កំពុង​មាន​បញ្ហា​នោះ​។

  • មុន​នឹង​ទិញ​គ្រឿង​សម្អាង​មក​ប្រើ គួរ​តេស្ត​នៅ​លើ​ស្បែក​ក្រោម​ក​ដៃ​ជា​មុន​សិន។ បើ​ស្អែក​ឡើង មិន​មាន​បញ្ហា​រមាស់ ឬ​ប្រតិកម្ម​អ្វី​ទេ អ្នក​អាច​សម្រេច​ចិត្ត​ទិញ​ផលិតផល​នោះ​មក​ប្រើលើ​ផ្ទៃ​មុខ​បាន​។

  • គួរ​ទិញ​ផលិតផល​ណា​ដែល​មាន​ស្លាក​យីហោ​ត្រឹម​ត្រូវ និង​មាន​គេ​ស្គាល់​ច្រើន ហើយ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​នូវ​សារធាតុ​ផ្សំ​ដែល​ប្រាកដ​ថា​​​មិន​ប៉ះពាល់​ដល់​ស្បែក​៕

ចុចអាន៖

ប្រភព៖ womentribe ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម
អត្ថបទថ្មី