វេទិកាសារព័ត៌មានប្រចាំឆ្នាំស្ដីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្រ្តី»

  • 2024-12-06 10:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO បានរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ មន្រ្តីស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និស្សិត អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ប្រមាណ៣០០រូប ចូលរួមដោយផ្ទាល់ និង ១០០រូប ចូលរួមតាមប្រព័ន្ធអនឡាញ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ អំពីការគាំទ្ររបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្រ្តី តាមរយៈការកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ២០២៤-២០២៨ របស់ក្រសួងកិច្ចការនារី ក្នុងជំរុញការបញ្ជ្រាបយេនឌ័រ តាមរយៈអភិក្រមបរិវត្តកម្មយេនឌ័រ និងយុទ្ធសាស្រ្តអាទិភាព ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សុខុមាលភាព កិច្ចការពារផ្លូវច្បាប់ ការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងការលើកកម្ពស់សីលធម៌សង្គម។

លោកជំទាវ កិត្តិបណ្ឌិត បានសង្កត់ធ្ងន់ អំពីគុណតម្លៃ និងតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយ និងអ្នកដែលមានប្រជាប្រិយភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលរួមលើកកម្ពស់ការយល់ឃើញ ទស្សនៈយល់ដឹង និងសម្រួចគំនិតប្រជាពលរដ្ឋ ព្រមទាំងជំរុញការអនុវត្តសកម្មភាពវិជ្ជមាន ការអនុវត្តសិទ្ធិស្រ្តី និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី នៅក្នុងគ្រប់វិស័យ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកត់សម្គាល់ពីវឌ្ឍនភាពសមភាពយេនឌ័រ ទាំងក្នុងវិស័យអប់រំ និងក្នុងវិស័យការងារនៅកម្ពុជា។ ជាក់ស្តែង គឺការផ្លាស់ប្តូរផ្នត់គំនិតបុរាណពី «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ទៅជា «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» ក្នុងសង្គមកម្ពុជាដូចពេលបច្ចុប្បន្ន ដែលនេះជាសក្ខីកម្មនៃការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឱ្យស្ត្រីចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលុបបំបាត់វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្ត្រីនិងក្មេងស្រី តាមរយៈការជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មាន និងមាតិកាពាក់ព័ន្ធនឹងស្ត្រីនិងក្មេងស្រីឱ្យបានកាន់តែច្រើន។ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ ទាំងទំនើប បាននិងកំពុងជះឥទ្ធិពលខ្លាំងទៅលើទស្សនៈនិងការយល់ឃើញរបស់សាធារណជន ចំពោះតួនាទីរបស់ស្ត្រីនៅក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គម ចូលរួមឱ្យសកម្មបន្ថែមទៀត ក្នុងការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងគ្រប់ជ្រុងជ្រោយពីស្ត្រីនិងក្មេងស្រី និងឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាពុទ្ធិ និងមូលដ្ឋាន គាំទ្រនិងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់ទិដ្ឋភាព និងចូលរួមចំណែកក្នុងការកសាងបណ្តាញស្ត្រីនិងក្មេងស្រីកាន់តែរឹងមាំ ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការពិភាក្សា និងជួយគ្នាទៅវិញទៅមក ក៏ដូចជាការពារពួកគាត់ឱ្យជៀសផុតពីភាពងាយរងគ្រោះដោយសារអំពើហិង្សា ការឆបោកនិងការបៀតបៀតគ្រប់រូបភាព។

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា វេទិកានេះប្រព្រឹត្តទៅស្របពេលដែលពិភពលោកកំពុងប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី ក្រោមមូលបទជាសកល «រួមគ្នា ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី» ដែលគូសរំលេចពីភាពចាំបាច់នូវភាពជាដៃគូពីពហុភាគីពាក់ព័ន្ធ ជាពិសេសសារព័ត៌មាន ក្នុងការចូលរួមលុបបំបាត់ការរំលោភបំពានលើសិទ្ធិមនុស្ស។ លោកក៏បានលើកឡើងអំពីការវិវត្តនៃតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលរួមចំណែកកែលម្អផ្នត់គំនិតសង្គម និងការយល់ឃើញទៅលើផ្នត់គំនិតយេនឌ័រ ដោយរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយអាច និងគួរតែចូលរួមលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការលើកកម្ពស់ភាពជាគំរូវិជ្ជមាន និងការផ្តល់ឱកាសឱ្យស្រ្តីនិងជនរងគ្រោះអាចបញ្ចេញមតិជាសាធាណៈបាន។ លោកស្រី Susanna Elmberger ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ នៃស្ថានទូតស៊ុយអែត ក៏បានលើកឡើងអំពីឥទ្ធិពលនៃសារព័ត៌មានក្នុងការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ ក៏ដូចជាសង្គមផងដែរ ដូច្នេះតាមរយៈការបង្កើនការយល់ដឹង និងការតស៊ូមតិនានា ប្រព័ន្ធផ្សព្វផ្សាយអាចចូលរួមចំណែកក្នុងការបង្កើតសង្គម ពោពេញដោយបរិយាបន្ន និងសុវត្ថិភាព។

អង្គវេទិកាបានចូលរួមចែករំលែក និងពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ពីវាគ្មិនមកពីក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី មណ្ឌលព័ត៌មានស្រ្តីកម្ពុជា អង្គការ ActionAid Cambodia និងក្រុមស្រាវជ្រាវលើគោលការណ៍ណែនាំ ស្ដីពីសុវត្ថិភាពរំញោចយេនឌ័រ ពាក់ព័ន្ធនឹងប្រធានបទ ស្តីពីគុណតម្លៃ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាលើស្រ្តី។

កិច្ចការអាទិភាពគន្លឹះៗ ដែលបានលើកឡើងក្នុងវេទិកា មានដូចខាងក្រោម៖

ទី១. អ្នកសារព័ត៌មានអាជីព និងអ្នកអនុវត្តសកម្មភាពវិជ្ជាជីវៈនៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ត្រូវរួមគ្នាអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសមភាពយេនឌ័រ។

ទី២. ពិនិត្យមើលលទ្ធភាពក្នុងការពង្រឹងនិងពង្រីកវិសាលភាពលើការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានស្តីពីអំពើហិង្សាលើស្រ្តី។

ទី៣. បន្តផ្តោតលើការបង្កើនការយល់ដឹង និងការឆ្លើយតបទៅនឹងសមភាពយេនឌ័រក្នុងប្រព័ន្ធសារព័ត៌មានបណ្តាញ ផ្សព្វផ្សាយ រួមទាំងការបង្កើនមាតិកាយេនឌ័រជាវិជ្ជមាន ការផ្សព្វផ្សាយភាពជាគំរូនៃការចូលរួមរបស់ស្រ្តីនៅគ្រប់ វិស័យ និងការចូលរួមរបស់បុរសនិងក្មេងប្រុសក្នុងការលើកកម្ពស់សមភាពយេនឌ័រជាដើម។

ទី៤. រៀបចំនិងអនុវត្តនូវគំនិតផ្តួចផ្តើមនានា ក្នុងការចងក្រងនិងពង្រឹងបណ្តាញស្រ្តី ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការលើកកម្ពស់មេត្រីភាព និងការចូលរួមរបស់ស្រ្តី ក្នុងវិស័យសារព័ត៌មាន។

ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធ នឹងទទួលយកធាតុចូលនិងអនុសាសន៍ចេញពីវេទិកានេះ ដើម្បីជាធាតុចូលក្នុងការតាក់តែងគោលនយោបាយ និងដាក់ចេញដំណោះស្រាយសមស្រប។ ក្រសួងទាំងពីរបានប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហការរួមគ្នា លើការពង្រឹងបណ្តាញទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នករៀបចំមាតិកា និងដៃគូ ពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពជាបន្តបន្ទាប់បន្ថែមទៀត៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី