ជំងឺឆ្លងទាំង ៦ប្រភេទ ដែលងាយកើតឡើងនៅក្នុងរដូវភ្លៀង

  • 2024-05-27 06:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវភ្លៀងចូលមកដល់ បញ្ហាសុខភាពងាយនឹងកើតមានឡើងណាស់ ជាពិសេសជំងឺឆ្លងមួយចំនួនខាងក្រោម ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯង និងកូនជាំទីស្រលាញ់របស់អ្នកនោះ។

ជាក់ស្ដែងក្នុងរដូវភ្លៀងនេះ​ ជំងឺឆ្លងទាំង៦ប្រភេទខាងក្រោមនេះ លោកអ្នកគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ៖

១. គ្រុនផ្តាសាយ៖ អំឡុងពេលដែលមានភ្លៀងធ្លាក់ជោគជាំបែបនេះ សង្កេតឃើញថាគ្រប់គ្នាតែង កើតជំងឺផ្តាសាយញឹកញាប់បំផុត។ ជំងឺបង្កឡើងដោយវីរុសនេះងាយឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតណាស់ ហើយប៉ះពាល់ផ្លូវដង្ហើមផ្នែកខាងលើ ច្រមុះ និងបំពង់ក។ អ្នកជំងឺភាគច្រើនមានអាការៈហៀរសម្បោរ កណ្តាស់ ឈឺខ្លួន រលាកបំពង់ក ស្អកក និងក្តៅខ្លួន។ ការទទួលទានអាហារសុខភាព សារធាតុបំប៉នគ្រប់គ្រាន់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំការពារ រាងកាយអាចកាត់បន្ថយការប្រឈមមួយកម្រិត។

២.គ្រុនឈាម៖ វីរុសបង្កជំងឺគ្រុនឈាមត្រូវបានចម្លងនៅពេលមូសខ្លាញីមានផ្ទុកមេរោគខាំ ពិសេសនៅពេលព្រឹក។ អ្នកជំងឺអាចមានអាការៈឈឺសន្លាក់ ឈឺសាច់ដុំ ហើមកូនកណ្តុរ ឈឺក្បាល គ្រុនក្តៅ អស់កម្លាំង និងឡើងកន្ទួលលើស្បែក។ គ្រុនឈាមនេះអាចផ្តល់ផលវិបាកជាការហូរឈាម ឈឺពោះ និងខ្សោយ។ គួរបញ្ជាក់ថាគ្មានការព្យាបាលពិសេសណាមួយសម្រាប់អ្នកជំងឺគ្រុនឈាមឡើយ ដែលការព្យាបាលជាទូទៅក្នុងបំណងបន្ថយនូវសញ្ញា បង្គ្រប់ជាតិទឹក និងឱ្យអ្នកជំងឺសម្រាកឱ្យបានច្រើន ដោយមានការត្រួតពិនិត្យដិតដល់ពីគ្រូពេទ្យប៉ុណ្ណោះ។

៣. ជំងឺគ្រុនចាញ់៖ វាត្រូវបានដឹងថាជាជំងឺមួយក្នុងចំណោមជំងឺផ្សេងទៀត កើតមាននៅខែភ្លៀង និងបង្កឡើងពីមូសដែកគោលញីដែលមានប្រភពមកពីកន្លែងដក់ទឹកមិនស្អាតនៅជុំវិញផ្ទះរបស់អ្នក។ វាត្រូវបានបង្ហាញឡើងតាមរយៈសញ្ញានៃការក្តៅខ្លួន ឈឺខ្លួន ខ្សោយសាច់ដុំ និងបែកញើស ដែលទាមទារឱ្យមានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានលឿនបំផុតតាម ដែលអាចធ្វើបាន ដើម្បីបញ្ចៀសនូវផលវិបាកដូចជាខាន់លឿង ស្លេកស្លាំងធ្ងន់ធ្ងរ ខ្សោយថ្លើម និងខ្សោយតម្រងនោម។

៤. ជំងឺអាសន្នរោគ៖ ជំងឺឆ្លងតាមរយៈអាហារ និងទឹកមានផ្ទុកមេរោគប្រភេទបាក់តេរី ឬគ្មានអនាម័យ ដែលធ្វើឱ្យអ្នជំងឺរាកធ្ងន់ធ្ងរ សុទ្ធតែទឹក ក្អួត ធ្វើឱ្យបាត់បង់ជាតិទឹកធ្ងន់ធ្ងរ និងឈឺសាច់ដុំ។ អាការៈទាំងនេះអាចកើតមានច្រើនម៉ោងរហូតបង្កឱ្យអ្នកជំងឺមានកាខ្សោះជាតិទឹកធ្ងន់ធ្ងរ និងបាត់បង់តុល្យភាពអេឡិចត្រូលីត្រ។ ធ្វើយ៉ាងណាត្រូវរកឃើញឱ្យលឿនពីវត្តមានបាក់តេរី V. cholera ក្នុងលាមក និងធ្វើការព្យាបាលដោយបង្គ្រប់ជាតិទឹកភ្លាមៗ ព្រោះវាអាចឱ្យអ្នកជំងឺអាចស្លាប់បាន។

៥.គ្រុនពោះវៀន៖ បង្កពីបាក់តេរីឈ្មោះថា Salmonella ឆ្លងដោយសារការទទួលទានអាហារ និងទឹកមានផ្ទុកនូវបាក់តេរី ដែលតែងមាននៅក្នុងលាមកអ្នកជំងឺ។ បន្ទាប់ពីបាក់តេរីឆ្លងចូល អ្នកជំងឺនឹងមានអាការៈក្តៅខ្លួន ឈឺពោះខ្លាំង ឈឺក្បាល ក្អួត ដែលទាមទារឱ្យមានការព្យាបាលដោយប្រើថ្នាំផ្សះ និងប្រឹក្សាជាមួយគ្រូពេទ្យ។

៦. រលាកថ្លើមប្រភេទ A៖ មេរោគថ្លើមប្រភេទ A មានការឆ្លងខ្ពស់បំផុតនោះក្នុងចំណោមមេរោគ រលាកថ្លើមផ្សេងទៀត ដែលឆ្លងពីការទទួលទានអាហារ ឬទឹកមានមេរោគ។ អ្នកជំងឺអាចលេច ចេញនូវសញ្ញាខាន់លឿងដែលធ្វើឱ្យភ្នែក និងស្បែកឡើងលឿង ឈឺពោះ បាត់បង់ចំណង់ អាហារ ចង្អោរ ក្តៅខ្លួន រាក និងអស់កម្លាំង។ ដូច្នេះ អ្នកត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន លាងសម្អាតដៃជាប្រចាំ ប្រុងប្រយ័ត្នជានិច្ចរាល់ការទទួលទានអាហារ និងអាចចាក់ថ្នាំបង្ការ បន្ថែមក្នុងករណីចាំបាច់។

អ្នកប្រុងប្រយ័ត្នអ្នកត្រូវប្រាកដថាអ្នកមិនទទឹកទឹកភ្លៀង ឬមិនពាក់ខោអាវសើមយូរពេក លាងសម្អាតដៃជាប្រចាំ បង្កើនប្រព័ន្ធការពាររាងកាយដោយទទួលទានវីតាមីន C និងបន្ថែបៃតង នៅឱ្យឆ្ងាយពីអ្នកជំងឺ សម្អាតទីធ្លាជុំវិញផ្ទះ បំបាត់ជម្រកមូស ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លងខាងលើ។ តែបើអ្នកមានសញ្ញាសង្ស័យណាមួយត្រូវប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត៕

ប្រភព៖ Health Line ប្រែ​សម្រួល៖ សិរីរត្នន៍