មកដឹងពីជំងឺគ្រុនពោះវៀន រោគសញ្ញា និងការព្យាបាល
- 2024-09-05 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីជំងឺគ្រុនពោះវៀន រោគសញ្ញា និងការព្យាបាល
ជំងឺគ្រុនពោះវៀនជាជំងឺឆ្លង ដែលអាចគំរាមគំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន ប្រសិនបើគាត់មិនបានទទួលការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។ ជំងឺនេះបង្កដោយមេរោគ បាក់តេរីឈ្មោះ Salmonella enterica (typhi , Paratyphi) ។
១ ការចំលងរោគ៖
ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការបរិភោគទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella enterica (typhi , Paratyphi) ។
២ រោគសញ្ញា៖
អ្នកជំងឺដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោមៈ
ក្តៅខ្លួន ដែលសីតុណ្ហភាពអាចដល់ 39 – 40 អង្សារ
ភាពមិនស៊ីចង្វាក់គ្នារវាងកំដៅ និងជីពចរ
អស់កំលាំង
ឈឺក្បាលខ្លាំង
ចង្អោរ
ពិបាកបន្ទោរបង់ រឺរាគរូស
មានករណីតិចតួចដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ។
៣ ការធ្វើរោគវិនិច្ឆ័យ
ការសាកសួរ និងការពិនិត្យអ្នកជំងឺឲ្យបានច្បាស់លាស់ ជាជំហានដែលសំខាន់។
ការពិនិត្យឈាម និងការបណ្តុះមេរោគដើម្បីទទួលបាននៅប្រភេទមេរោគ ព្រមទាំងថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
ការពិនិត្យលាមក ក៏មានសារៈប្រយោជន៍សំរាប់ការស្វែងរកប្រភេទមេរោគដែរ តែយើងសង្កេតឃើញថា ការដុះរបស់មេរោគមានកំរិតទាប។
៤ វិធីសាស្ត្រនៃការព្យាបាល៖
អ្នកជំងឺចាំបាច់ត្រូវការការព្យាបាលថ្នាំអង់ទីប៊្យូទីក (Antibiotic) សំរាប់សំលាប់មេរោគ Salmonella
រយៈពេលនៃការព្យាបាល អាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ (មិនសូវធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរ)
ការស្វែងរកប្រភេទមេរោគ ពិតជាមានសារៈសំខាន់សំរាប់ការព្យាបាល។
៥ វិធីបង្ការ៖
បង្កើនទំលាប់ក្នុងការធ្វើអនាម័យ ជាពិសេសលាងដៃ នឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលទទួលទានអាហារ។
ត្រូវទទួលទានទឹកស្អាត និងបរិភោគចំណីអាហារដែលឆ្អិនល្អ។
វ៉ាក់សាំងការពារមេរោគ Salmonella enterica (typhi) មានពីរប្រភេទ៖ ប្រភេទលេប និងប្រភេទចាក់សាច់ដុំ។
គេសង្កេតឃើញថាប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះ អាចការពារបានត្រឹមតែ ៥០% ទៅ ៦០% តែប៉ុណ្ណោះ ដូច្នេះហើយការធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ ព្រមទាំងទទួលទានទឹកស្អាត ហើយអាហារដែលចម្អិនបានឆ្អិនល្អ នៅតែជាការការពារដ៏ចម្បង។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital