ពេលផ្ដាសាយញ៉ាំកាហ្វេបានអត់?
- 2023-09-22 03:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលផ្ដាសាយញ៉ាំកាហ្វេបានអត់?
សម្រាប់អ្នកមានទម្លាប់ញ៉ាំកាហ្វេព្រឹកៗ ប្រហែលជាអាចមានចម្ងល់ទាក់ទងនឹងការញ៉ាំកាហ្វេពេលមានជំងឺផ្ដាសាយ។ តើពេលកើតជំងឺផ្ដាសាយអាចញ៉ាំកាហ្វេបានឬអត់? សំណួរនេះប្រហែលជាមាននៅក្នុងចិត្តយូរហើយមែនទេ តស់មកស្វែងយល់ជាមួយកញ្ញាទាំងអស់គ្នា។
ការផឹកកាហ្វេពេលយើងកំពុងមានជំងឺណាមួយអាចមានទាំងផលល្អ និងផលរខានមួយចំនួនដែរ អាស្រ័យលើប្រភេទនៃជំងឺរបស់យើង។ ពេលខ្លះកាហ្វេអ៊ីនអាចមានអន្តរកម្មជាមួយនឹងឱសថមួយចំនួនដែរ។
ការផឹកកាហ្វេអាចជួយផ្ដល់ថាមពល។ សម្រាប់អ្នកមានទម្លាប់ញ៉ាំកាហ្វេទំនងជាពិបាកក្នុងការអត់កាហ្វេនៅព្រឹកឡើង។ អ្នកញ៉ាំកាហ្វេជាច្រើនជឿថាកាហ្វេអាចជួយបង្កើនថាមពល ដែលនេះជាគុណប្រយោជន៍មួយនៃកាហ្វេ ហើយក៏ជាហេតុផលមួយដែលអ្នកមានបញ្ហាមិនស្រួលខ្លួនមួយចំនួននៅជ្រើសរើសការញ៉ាំកាហ្វេ។ ដូចគ្នាដែរសម្រាប់អ្នកមានជំងឺផ្ដាសាយក៏អាចផឹកកាហ្វេក្នុងហេតុផលដូចគ្នានេះដែរ។ ប៉ុន្តែត្រូវចាំថាការផឹកកាហ្វេក៏អាចធ្វើឲ្យយើងនោមញឹក ដែលជាហេតុអាចនាំឲ្យយើងបាត់បង់ជាតិទឹក ដែលការបាត់បង់ជាតិទឹកនេះមិនល្អសម្រាប់អ្នកជំងឺនោះទេ។ បើយើងកំពុងមានជំងឺផ្ដាសាយ ឬជំងឺស្រាលផ្សេទៀត គួរញ៉ាំកាហ្វេក្នុងកម្រិតតិចតួចដូចជាត្រឹមមួយពែង ឬពីរពែងក្នុងមួយថ្ងៃ។
ចុះពេលផ្ដាសាយគួរផឹកកាហ្វេក្ដៅ ឬកាហ្វេទឹកកក? ជាក់ស្ដែងអាស្រ័យលើស្ថានភាព និងចំណង់ចំណូលចិត្តរបស់អ្នកញ៉ាំ គ្រាន់តែអ្នកខ្លះមិនអាចញ៉ាំទឹកកបានពេលមានជំងឺផ្ដាសាយ ឬពេលមានអាការៈឈឺកអមមកជាមួយជាដើម។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនក៏នៅតែញ៉ាំកាហ្វេទឹកកកបានដដែល។ ពោលគឺការញ៉ាំកហ្វេក្ដៅ ឬកាហ្វេទឹកកកអាស្រ័យលើចំណង់ចំណូលចិត្ត និងស្ថានភាពរោគសញ្ញារបស់ខ្លួន។
ជាទូទៅសម្រាប់ជំងឺស្រាលៗដូចជាផ្ដាសាយយើងអាចញ៉ាំកាហ្វេបាន ប៉ុន្តែសម្រាប់អ្នកមានជំងឺផ្សេងដែលមានសភាពធ្ងន់ធ្ងរ មានអាការៈក្អួត ឬរាក ដែលអាចនាំឲ្យបាត់បង់ជាតិទឹក ការផឹកកាហ្វេអាចធ្វើឲ្យអាការៈកាន់ធ្ងន់ធ្ងរ។ ដូចគ្នាដែរបើសិនជាយើងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាលើជំងឺផ្សេង មិនមែនជាជំងឺស្រាលដូចជាផ្ដសាយ យើងគួរសាកសួរគ្រូពេទ្យឲ្យបានច្បាស់អំពីការប្រើប្រាស់ថ្នាំ និងការញ៉ាំកាហ្វេ ព្រោះថាមានប្រភេទថ្នាំខ្លះអាចមានអន្តរកម្មជាមួយជាតិកាហ្វេអ៊ីន។