យុវតីខ្មែរឆ្នើម ៣រូបដំបូងគេបង្អស់ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យ

  • 2023-07-12 03:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើតាមប្រភព មជ្ឈមណ្ឌល CAM-ATOM បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា ទិត្យម៉ារីណែត កញ្ញា សុីវ គីមលី កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ផងដែរថា៖ បញ្ញវន្តទាំង៤រូប (បញ្ញវន្តស្រ្តី៣រូប និងជាយុវតីខ្មែរដំបូងគេបង្អស់ ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ) នឹងជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។

ជាមួយគ្នានេះផងដែរ និស្សិតកម្ពុជាទាំង៤រូប ក៏ដូចជានិស្សិតកម្ពុជាផ្សេងទៀតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី លើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។នេះជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕

ចុចអានបន្ត៖ វិធីសាស្ត្រល្អបំផុតទាំង ៨ យ៉ាងក្នុងការវិនិយោគលើខ្លួនឯង កសាងជីវិតឲ្យប្រសើរជាងមុន

ប្រភព៖ មជ្ឈមណ្ឌល CAM-ATOM

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម