វិធីសាស្ត្រល្អបំផុតទាំង ៨ យ៉ាងក្នុងការវិនិយោគលើខ្លួនឯង កសាងជីវិតឲ្យប្រសើរជាងមុន

  • 2022-10-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លងមកយើងធ្លាប់បានស្គាល់យ៉ាងច្រើនអំពីការវិនិយោគដូចជា វិនិយោគភាគហ៊ុន វិនិយោគលើអចលនទ្រព្យ វិនិយោគលើសិល្បៈ វិនិយោគលើផលិតផលនិងសេវាកម្មដែលមានគុណភាពជាដើម។ ទោះយ៉ាងណាក៏ដោយមានការវិនិយោគប្រភេទមួយទៀតដែលអាចទូទាត់ភាគលាភដ៏ធំនោះគឺការវិនិយោគលើខ្លួនឯង។

ការវិនិយោគលើខ្លួនឯងផ្តល់ផលចំណេញយ៉ាងច្រើនត្រឡប់មកវិញនឹងមានរបៀបជាច្រើន ដែលវាអាចធ្វើឲ្យប្រសើរឡើងនូវការរំពឺងទុកក្នុងអាជីពរបស់អ្នក និងជួយអ្នករកចំណូលបានកាន់តែច្រើន។ វាអាចបង្កើតទំនុកចិត្តរបស់អ្នកដែលអាចជួយអ្នកឲ្យបន្តក្តីសុបិនរបស់អ្នក និងបើកទ្វារទទួលយកឱកាសថ្មី តាមចំណង់ចំណូលចិត្តនិងបទពិសោធន៍ដែលអ្នកមិនធ្លាប់បានជួប ហើយវានឹងជួយអ្នកបង្កើតជីវិតដែលពេញចិត្ត និងមានតុល្យភាពជាងមុន។

មានហេតុផលល្អជាច្រើនទៀតដែលអ្នកគួរតែវិនិយោគលើខ្លួនឯង ប្រសិនបើអ្នកមិនធ្វើដូច្នេះទេអ្នកមិនអាចទទួលបានអ្វីដែលថ្មី ក៏ដូចជាពង្រីកការច្នៃប្រឌិតបាននោះទេ។ខាងក្រោមកញ្ញាផ្តល់នូវវិថីសាស្ត្រដ៏ល្អបំផុតទាំង ៨ ចំណុចក្នុងវិនិយោគលើខ្លួនឯងដូចខាងក្រោម៖

១-ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ មិនថាអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណតាមបែបណានោះទេ ឲ្យតែបានធ្វើវាគ្រប់គ្រាន់ជារៀងរាល់ថ្ងៃគឺជាការវិនិយោគដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើបានដោយខ្លួនអ្នក។ យោងទៅតាមសាកលវិទ្យាល័យ (Michigan State University) ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃត្រូវបានផ្សារភ្ជាប់ទៅនឹងថាមពលផលិតភាពកាន់តែច្រើន កាត់បន្ថយស្ត្រេស បង្កើនថាមពលខួរក្បាល ការចងចាំកាន់តែប្រសើរ ជួយសុខភាព និងរាងកាយស្អាតរឹងមាំល្អ កាត់បន្ថយជម្ងឺ ទប់ទល់នឹងស្ថានភាពសុខភាពផ្លូវចិត្តដូចជាការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ហើយថែមទាំងបង្កើនការច្នៃប្រឌិតទៀតផង។

២-ការកំណត់គោលដៅ ការកំណត់គោលដៅនឹងជួយឲ្យអ្នកសម្រេចលទ្ធផលបានច្រើន។ សូម្បីតែការកំណត់ដែលអ្នកទំនងជានឹងផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកហើយចាត់វិធានការដើម្បីសម្រេចគោលដៅនោះ។ គោលដៅជួយបញ្ជាក់ពីអ្វីដែលអ្នកចង់បាន ជំនួសឲ្យការមានក្តីសុបិន្តមិនច្បាស់ឬការគិតមានម្តងម្កាល ជួយបង្ហាញផ្លូវនៃការចាបផ្តើម ជំហានដំបូងក្នុងការស្វែងយល់នូវអ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលបានវា។

៣-ពង្រឹងជំនាញនាពេលបច្ចុប្បន្នរបស់អ្នកនិងបន្តបន្ថែមជានិច្ចសម្រាប់អនាគត មិនថាអ្នកធ្វើអ្វីក៏ដោយ នៅក្នុងអាជីព និងជីវិតអ្នកគប្បីត្រូវការជំនាញមួយ។ ប៉ុន្តែត្រូវច្បាស់ខ្លួនឯងថាវាជាអ្វីដែលអ្នកស្រឡាញ់ឬគ្រាន់តែចង់ធ្វើវាប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ពង្រឹងជំនាញដែលអ្នកចេះ ឬក៏ចូលចិត្តស្រឡាញ់វាជាខ្លាំងវាជាវិធីល្អបំផុតមួយក្នុងការវិនិយោគលើខ្លួនឯង ជាមួយនឹងមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលអ្នកមានរួចហើយនៅក្នុងវិស័យជាក់លាក់មួយនោះ។ សូម្បីតែជំនាញក្នុងការប្រាស្រ័យទាក់ទងរឹងមាំ ភាពជាអ្នកដឹកនាំ ការកសាងក្រុមចរចារ ការសរសេរគម្រោងអាជីវកម្ម និងការនិយាយជាសាធារណៈពិតជាមានតម្លៃនៅក្នុងវិស័យផ្សេងៗគ្នាក៏ដោយតែគួរតែអនុវត្តស្វែងយល់រៀនសូត្រសម្រាប់អនាគត។ ដូច្នេះផ្តោតលើការពង្រឹងជំនាញដែលអ្នកនឹងប្រើក្នុងអាជីពឬការបណ្តាក់ទុនបន្ទាប់របស់អ្នក ដើម្បីកសាងទំនុកចិត្តនិងទីផ្សាររបស់អ្នកបានខ្ពស់។

៤-សាកល្បងរៀនជំនាញថ្មីៗនិងផ្លាស់ប្តូរបទពិសោធខ្លះ វិធីល្អមួយទៀតដើម្បីវិនិយោគលើខ្លួនឯងគឺត្រូវបន្តការរៀនសូត្រពេញមួយជីវិតដើម្បីផ្លាស់ប្តូឬបទពិសោធ និងពង្រឹងការទប់ស្កាត់បញ្ហាចំពោះមុខដែលអាចកើតឡើង។ ការរៀនជំនាញថ្មីវាបន្ថែមនូវឧបករណ៍មួយទៀតដែលអ្នកអាចប្រើដើម្បីធ្វើឲ្យកាន់តែប្រសើរនៅក្នុងអាជីពរបស់អ្នក មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការផ្សព្វផ្សាយឬសូម្បីតែចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក។ ដំបូងគិតអំពីអ្វីដែលជាជំនាញថ្មីអាចជួយអ្នកឲ្យទទួលជោគជ័យក្នុងអាជីពបច្ចុប្បន្នឬអាជីពដែលអ្នកចង់មាននាពេលអនាគត។

៥-ការសរសេរកំណត់ហេតុប្រចាំថ្ងៃ ការសរសេរកំណត់ហេតុប្រចាំថ្ងៃស្តាប់មើលទៅដូចជាវិធីគួរឲ្យភ្ញាក់ផ្អើលក្នុងការវិនិយោគលើខ្លួនឯង។ យ៉ាងណាមិញ តើអ្វីដែលនឹងត្រូវសរសេរជារៀងរាល់ថ្ងៃដែលនឹងជួយឲ្យជីវិតរបស់អ្នកប្រសើរឡើង៖ • គ្រប់គ្រងការថប់បារម្ភ • កាត់បន្ថយភាពតានតឹង • ស៊ូទ្រាំនឹងជំងឺធ្លាក់ទឹកចិត្ត • ផ្តល់អាទិភាពដល់បញ្ហា និងដោះស្រាយភាពភ័យខ្លាច • កំណត់អត្តសញ្ញាណគំនិត និងអាកប្បកិរិយាអវិជ្ជមាន • ជំនួយការពង្រឹងភាពរឹងមាំកាន់តែល្អ ក្នុងពិចារណា និងចេះដោះស្រាយបញ្ហាច្បាស់លាស់ជាងមុនហើយអាចជួយអ្នកក្នុងការដោះស្រាយភាពតានតឹងនៅកន្លែងធ្វើការផងដែរ ព្រោះអ្នកអាចបញ្ចេញអារម្មណ៍ធុញថប់ និងការភ័យខ្លាចដែលអ្នកមានពេលកំពុងធ្វើការ តាមរយៈការសរសេរបញ្ហារបស់អ្នកទៅលើសន្លឹកក្រដាសនិមួយៗ។

៦-បំបាត់ទម្លាប់អាក្រក់មួយចំនួនរបស់អ្នកដែលជាផលរំខាន ធ្វើឲ្យអ្នកមិនក្លាហាន និងភ័យខ្លាបការបរាជ័យមិនហ៊ានសាកល្បង និងមិនចង់ធ្វើទាល់តែសោះ។ កុំខ្លាចការចាប់ផ្តើម និងមិនហ៊ានទទួលការពិត ដើម្បីកែប្រែខ្លួនឯង និងជម្រុះរឿងអាក្រក់ និងទម្លាប់អាក្រក់ចោល។ មានតែអ្នកទេដែលដឹងច្បាស់ពីទម្លាប់អាក្រក់របស់អ្នក។ ហើយការខិតខំប្រឹងប្រែងដើម្បីបំបែកទម្លាប់អាក្រក់របស់អ្នកអាចជាការរំដោះខ្លួនមិនគួរឲ្យជឿ ផ្លាស់ប្តូរជីវិតរបស់អ្នកបាន។

៧-អាន ការអានសៀវភៅគឺល្អសម្រាប់ខួរក្បាលរបស់អ្នកជាងការអានកាសែត ឬទស្សនាវដ្តីព្រោះវាបង្ខំឲ្យអ្នកប្រើជំនាញគិតពិចារណា និងធ្វើឲ្យមានការតភ្ជាប់ពីជំពូកមួយទៅជំពូកមួយទៀត។ ជាពិសេសការអានបែបស៊ីជម្រៅនេះអាចជួយលើកកម្ពស់ការគិតកាន់តែលឿន និងជួយការពារការធ្លាក់ចុះនៃការយល់ដឹង។ ដូច្នេះតើអ្នកអាចអានសៀវភៅបានយ៉ាងដូចម្តេច? ដំបូងកំណត់គោលដៅ។ ឧទាហរណ៍ចាប់ផ្តើមដោយអានសៀវភៅមួយក្បាលក្នុងមួយខែហើយចំណាយពេលយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ អាចជាមុនពេលចូលគេង។

៨-ដកខ្លួនចេញពីបំណុល និងការបំពុលនានា យោងតាមការសិក្សាផែនការ និងវឌ្ឍនភាពឆ្នាំ ២០១៨ របស់ Northwestern Mutual ជនជាតិអាមេរិកជាមធ្យមមានបំណុលជាប់ខ្លួនជាង ៣៨ ០០០ ដុល្លារដែលមិនរាប់បញ្ចូលប្រាក់កម្ជីទិញផ្ទះ,ឡាន។ហើយ ២៥%នៃបំណុលនេះគឺជាបំណុលកាតឥណទាន។ ចាំថាចំណង់និងតម្រូវការចាំបាច់គឺខុសគ្នា ហើយបំណុលវាអាចបណ្តាលឲ្យអ្នកស្ត្រេស និងរារាំងអ្នកមិនឲ្យបន្តក្តីសុបិនរបស់អ្នកពីការប្រថុយក្នុងអាជីពរបស់អ្នក ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកកំពុងជំពាក់បំណុលនាពេលបច្ចុប្បន្ននេះ សូមបង្កើតគម្រាងផែនការដើម្បីឲ្យបំណុលរបស់អ្នកថយចុះយ៉ាងឆាប់រហ័ស។ ដូច្នេះអារម្មណ៍នៃសេរីភាពដែលអ្នកនឹងទទួលបានពីការលុបបំបាត់បំណុលរបស់អ្នកមិនអាចវាស់វែងជាដុល្លារនិងសេនបានទេ។

ជារួមការវិនិយោគលើខ្លួនឯងមានន័យថាការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ដែលអាចឲ្យអ្នកធ្វើអ្វីកាន់តែច្រើន រីកចម្រើនកាន់តែច្រើន ។ ការកែលម្អនូវរឿងតិចតួចទាំងនេះអាចនាំឲ្យមានឱកាសភ្លាមៗ និងការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង។ អាចជួយឲ្យអ្នករកឃើញអាជីពដែលអ្នកតែងតែចង់ធ្វើ, ធ្វើតាមក្តីសុបិន្តរបស់អ្នក និងបង្ហាញពីចំណូលចិត្តដែលបំពេញដោយសេចក្តីរីករាយ។ វានឹងជម្រុញសុខភាព និងទំនាក់ទំនងកាន់តែប្រសើរឡើង ជាពិសេសធ្វើឲ្យអ្នកទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម