ហេតុផល ៣ យ៉ាងដែលសុខភាពផ្លូវចិត្តមានសារសំខាន់បំផុតចំពោះអ្នក

  • 2022-08-22 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់តាំងពីបានឆ្លងកាត់ការលំបាកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះមក មនុស្សភាគច្រើនបានជួបបញ្ហាជីវិត និងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយវាបានក្លាយទៅជារឿងដូចៗគ្នាទៅហើយដែលមនុស្សគ្រប់គ្នាកំពុងតែប្រឈមមុខ។ វាបានបង្កឲ្យពួកគេមានអារម្មណ៍អវិជ្ជមាន ស្ត្រេស និងវិបត្តិនានាជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេទាំងអស់នោះក៏បានធ្វើការខិតខំព្យាយាមប្រយុទ្ធប្រឆាំង តស៊ូជាមួយបញ្ហាជីវិតប្រចាំថ្ងៃរបស់ពួកគេឲ្យបានប្រសើរឡើងវិញ។

ប្រសិនបើអ្នកមានអារម្មណ៍អវិជ្ជមានកើតឡើងញឹកញាប់ពេកនោះ វានឹងជះឥទ្ធិពលមិនល្អឡើយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ហើយក៏ប៉ះពាល់ទៅកាន់មនុស្សជុំវិញខ្លួនអ្នកផងដែរ។ រឿងរ៉ាវបាននឹងកំពុងកើតឡើងជារៀងរាល់ថ្ងៃ បើអ្នករវល់តែយករៀងមិនល្អមកទុកក្នុងចិត្តរហូតនោះ វាអាចបំផ្លាញទំនាក់ទំនង ឱកាសជីវិតល្អៗទៅថ្ងៃអនាគតរបស់អ្នកបាន។

ទាំងនេះគឺជាមូលហេតុដែលសុខភាពផ្លូវចិត្តមានសារសំខាន់បំផុតដែលមនុស្សម្នាក់ៗត្រូវតែមានការយកចិត្តទុកដាក់ឲ្យបានដិតដល់ទាំងចំពោះខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់ពួកគេ៖

  • វានឹងផ្ដល់ផលល្អៗជាច្រើនសម្រាប់សុខភាពរាងកាយរបស់អ្នក៖ ពីព្រោះសុខភាពទាំងពីរគឺមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង នៅពេលសុខភាពណាមួយនៃរាងកាយ ឬផ្លូវចិត្តល្អនោះ វានឹងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទាំងពីរ។

  • ជួយធ្វើឲ្យការគិតមានក្រមសីលធម៌ល្អ៖ ការមានសុខភាពផ្លូវចិត្តល្អធ្វើឲ្យមានភាពប្រសើរឡើងក្នុងការគិតវិជ្ជមាន ភាពរឹងមាំនឹងមានស្ថេរភាពល្អ ហើយជំរុញឲ្យអ្នកធ្វើរឿងវិជ្ជមាន និងរឿងល្អៗជាច្រើនទៀត។

  • ធ្វើឲ្យគុណភាពនៃជីវិតរស់នៅរបស់អ្នកកាន់តែប្រសើរឡើង៖ ជួយបញ្ចៀសអ្នកពីជំងឺស្ត្រេសនានា ហើយអ្នកនឹងចេះគ្រប់គ្រងវាបានយ៉ាងល្អ និងមិនបណ្ដោយឲ្យវាប្រែក្លាយទៅជាជំងឺស្ត្រេសរ៉ាំរ៉ៃដែលអាចបង្កជាបញ្ហានានាឡើយ។

មនុស្សភាគច្រើនសព្វថ្ងៃនេះគឺកំពុងតែមានផលវិបាក និងវិបត្តិផ្លូវចិត្តដូចៗគ្នា ពីព្រោះអ្នកទាំងអស់គ្នាកំពុងតែទទួលរងការប៉ះទង្គិចយ៉ាងខ្លាំងអំពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ដែលវានៅតែបន្ដជះឥទ្ធិពលមិនល្អនៅលើគ្រប់វិស័យទាំងអស់។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើសុខភាពផ្ទាល់ខ្លួន ជាពិសេសនោះគឺចំពោះសុខភាពផ្លូវចិត្តឲ្យបានច្រើនៗ៕

ចុចអានបន្ត៖ វិធីងាយៗទាំង ៥ យ៉ាងដែលអាចជួយសម្រកទម្ងន់បានលឿន និងឆាប់រហ័សបំផុត

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម