អង់គ្លេស៖ ករណីជំងឺគ្រុនឈាមប្រភេទ CCHF ត្រូវបានរកឃើញថ្មីៗនេះ
- 2022-03-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេស៖ ករណីជំងឺគ្រុនឈាមប្រភេទ CCHF ត្រូវបានរកឃើញថ្មីៗនេះ
មន្ត្រីចក្រភពអង់គ្លេសបាននិយាយបញ្ជាក់ថា ពួកគេបានរកឃើញករណីមេរោគនៃជំងឺមួយហៅថា គ្រុនឈាមគ្រីមៀនកុងហ្គោ នៅក្នុងប្រទេសអង់គ្លេស ដែលជាភាសាអង់គ្លេសហៅថា Crimean-Congo Haemorrhagic Fever (CCHF) ជាជំងឺរីករាលដាលដែលបង្កឡើងដោយមេរោគឆ្លងពីប្រភេទគ្រួសារសត្វចៃ។
ស្ត្រីម្នាក់បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Royal Free នៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះនាងបានធ្វើដំណើរទៅកាន់តំបន់អាស៊ីកណ្ដាល ដែលជាកន្លែងឆ្លងមេរោគដោយសារការខាំរបស់សត្វចៃ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញនិយាយថា ជំងឺនេះមិនងាយឆ្លងរវាងមនុស្សទេ មានន័យថាហានិភ័យចំពោះសាធារណជនមានកម្រិតទាបណាស់។ អ្នកជំនាញបានអះអាងថាវាមិនមែនចម្លងដោយសត្វចៃនៅក្នុងចក្រភពអង់គ្លេសឡើយ។
ជំងឺនេះអាចឆ្លងបានពីការប៉ះឈាម ឬជាលិកាដែលឆ្លងពីមនុស្ស ឬសត្វ។ រោគសញ្ញាបន្ទាប់ពីការឆ្លងគឺនឹងវិវឌ្ឍន៍យ៉ាងឆាប់រហ័សបន្ទាប់ពីពីរបីថ្ងៃក្រោយមក ដែលរួមមានគ្រុនក្តៅ ឈឺក្បាល ក្អួតចង្អោរ និងកន្ទួលដែលបណ្តាលមកពីការហូរឈាមតាមស្បែក។ អ្នកជំងឺអាចធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរជាមួយនឹងការខូចខាតសរីរាង្គ ដែលអាចបណ្តាលឲ្យស្លាប់បាន។
ប៉ុន្តែលោកវេជ្ជបណ្ឌិត Sir Michael Jacobs ទីប្រឹក្សាផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យ Royal Free London បាននិយាយថា មន្ទីរពេទ្យនេះគឺជាមជ្ឈមណ្ឌលឯកទេសក្នុងការព្យាបាលអ្នកជំងឺដែលមានមេរោគដូចជា គ្រុនក្តៅ ឬគ្រុនឈាមគ្រីមៀនកុងហ្គោ។
ដូច្នេះប្រជាជនដែលរស់នៅ ឬទៅលេងតំបន់ដែលងាយនឹងឆ្លងជំងឺគ្រុនឈាម គួរតែប្រើវិធានការការពារផ្ទាល់ខ្លួន ដើម្បីចៀសវាការប៉ះពាល់ជាមួយប្រភេទសត្វចៃ ចៀសវាងតំបន់ដែលមានសត្វចៃរស់នៅច្រើន ការប្រើប្រាស់ថ្នាំការពារសត្វល្អិតឬចៃ ការប្រើថ្នាំសម្លាប់មេរោគ និងពិនិត្យមើលសម្លៀកបំពាក់ ឬស្បែកដោយប្រុងប្រយ័ត្នថាមិនមានសត្វល្អិតឬប្រភេទចៃ៕
ចុចអានបន្ដ៖ ២០២២៖ ប្រទេសដប់នេះគឺជាប្រទេសប្រកាន់ពូជសាសន៍ជាងគេបំផុតនៅលើពិភពលោក