វេលស៍៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីផឹកសារធាតុកាហ្វេអ៊ីនច្រើនលើសកម្រិត
- 2022-03-04 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេលស៍៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីផឹកសារធាតុកាហ្វេអ៊ីនច្រើនលើសកម្រិត
គ្រូបង្វឹកការហាត់ប្រាណផ្ទាល់ខ្លួនម្នាក់បានស្លាប់បន្ទាប់ពីគាត់បានទទួលទានផឹកម្សៅប្រូតេអ៊ីនដែលមានជាតិហ្វេអ៊ីន ដែលមានចំនួនស្មើនឹងកាហ្វេ ២០០ ពែងឯណោះ។ លោក Tom Mansfield ដែលជាឪពុកមានកូនពីរនាក់ តែងតែធ្វើការគណនាបរិមាណម្សៅដែលគាត់ចង់ប្រើនៅលើជញ្ជីងផ្ទះបាយជានិច្ចមុននឹងក្រឡុកផឹក។
ការសាកសួរបានប្រាប់ថាបុរសអាយុ ២៩ ឆ្នាំដែលមកពីរដ្ឋ Colwyn Bay នៃប្រទេសវេលស៍បានធ្លាក់ខ្លួនឈឺភ្លាមៗបន្ទាប់ពីបានផឹកម្សៅប្រូតេអ៊ីនក្រឡុករបស់គាត់កាលពីថ្ងៃទី ៥ ខែមករាកន្លងមក។ ការសន្និដ្ឋាននៃការស្លាប់នោះ លោក John Gittins ដែលជាគ្រូពេទ្យពិនិត្យសាកសពបាននិយាយថា «មូលហេតុនៃការស្លាប់នោះគឺជាការពុលជាតិកាហ្វេអ៊ីន»។
“ម្សៅប្រូតេអ៊ីនដែលមានជាតិហ្វេអ៊ីនត្រូវបានប្រើប្រាស់ដោយអ្នកហាត់ប្រាណមួយចំនួនធំ និងត្រូវបានណែនាំវាសម្រាប់ការកែលម្អការអនុវត្តកីឡាក្នុងកម្រិតជាក់លាក់ និងដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា នៅពេលមានការទទួលទានលើសពីបរិមាណដែលបានណែនាំ វាអាចបណ្ដាលឲ្យមានហានិភ័យ” ពីព្រោះកម្រិតជាតិកាហ្វេអ៊ីនជាធម្មតានឹងមានពី ២ ទៅ ៤ មិល្លីក្រាមក្នុងមួយលីត្រប្រសិនបើនរណាម្នាក់បានផឹកកាហ្វេចមួយពែង។
កាលពីថ្ងៃអង្គារការសាកសួរបាននិយាយថា៖ លោក Mansfield ចាប់ផ្តើមចុកទឹងណែនដើមទ្រូង ហើយចាប់ផ្ដើមមានអារម្មណ៍ថាបេះដូងរបស់គាត់លោតញាប់បន្ទាប់ពីបានផឹកផលិតផលនោះ។ ប៉ុន្មាននាទីក្រោយមកបន្ទាប់ពីទៅសម្រាកដេក គាត់ក៏ចាប់ផ្ដើមបែកពពុះមាត់ ឃើញដូចនោះប្រពន្ធរបស់គាត់បានស្រែកហៅក្រុមគ្រួសារ អ្នកជិតខាង និងបានហៅរថយន្តសង្គ្រោះបន្ទាន់។ គ្រូពេទ្យបានព្យាយាមជួយសង្គ្រោះគាត់អស់រយៈពេលជាង ៤៥ នាទីដែរ ប៉ុន្តែមិនអាចជួយបាន ហើយគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។
គ្រូពេទ្យពិនិត្យសាកសពបានបញ្ជាក់ប្រាប់ថា បុរសម្នាក់នោះហាក់ដូចជាមានបំណងក្នុងការទទួលយកបរិមាណលើសនៃកម្រិតដែលបានណែនាំ ហើយរឿងដែលមិននឹកស្មានដល់នោះ វាបានឆក់យកអាយុជីវិតរបស់គាត់៕
ចុចអានបន្ដ៖ អាកាសធាតុ៖ រឿង ៥ យ៉ាងដែលអ្នកគួរដឹងអំពីការប្រែប្រួលអាកាសធាតុសព្វថ្ងៃនេះ