ប្រភេទជំងឺបាក់ទឹកចិត្ត ២ យ៉ាងដែលមនុស្សគ្រប់គ្នាកំពុងតែមានសព្វថ្ងៃនេះ

  • 2021-11-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយនឹងបញ្ហាកូវីដ-១៩ បានធ្វើឲ្យមនុស្សម្នាក់ៗធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តដែលជះឥទ្ធិពលមិនល្អដល់អារម្មណ៍របស់អ្នក ការគិតរបស់អ្នក និងជីវិតរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង។ ការធ្លាក់ទឹកចិត្តត្រូវបានគេកំណត់ថាជាជំងឺផ្នែកអារម្មណ៍ដែលបណ្តាលឲ្យមានអារម្មណ៍បាក់ទឹកចិត្ត សោកសៅ គិតច្រើនជាប្រចាំ និងការបាត់បង់ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីៗទាំងអស់ដែលអ្នកធ្លាប់មាន ធ្លាប់សប្បាយរីករាយកាលពីមុនមក។

នៅពេលយើងនិយាយអំពីជំងឺធ្លាក់ទឹកចិត្ត ភាគច្រើនមនុស្សតែងតែធ្វើការបែងចែកពួកវាទៅជាបញ្ហាពីរប្រភេទផ្សេងៗគ្នា។ ទាំងពីរគឺបណ្ដាលមកពីសម្ពាធនៃបញ្ហាជីវិតរស់នៅ និងដោយសារសុខភាពដែលមនុស្សគ្រប់គ្នាកំពុងតែឆ្លងកាត់ដូចៗគ្នា។ ប្រសិនបើអ្នកមិនបានធ្វើការព្យាបាល ឬរកវិធីដោះស្រាយនោះទេពួកវាមានសមត្ថភាពក្នុងការធ្វើបាបអ្នក និងអាចតោងនៅជាមួយអ្នកពេញមួយជីវិតបាន។

ប្រភេទនៃជំងឺធ្លាក់ទឹកចិត្តទូទៅទាំង ២ ប្រភេទនោះរួមមាន៖

១. ជំងឺធ្លាក់ទឹកចិត្តស្រាលដោយសារសុខភាព វាមានរយៈពេលឆាប់ជាងការធ្លាក់ទឹកចិត្តដោយសារសម្ពាធ ពីព្រោះវាកើតឡើងដោយមូលហេតុជាក់លាក់ និងមានពេលវេលារបស់វា។ រោគសញ្ញាទាំងនោះមានដូចជា អារម្មណ៍សោកសៅជាប្រចាំថ្ងៃ បាត់បង់ចំណាប់អារម្មណ៍ ឆាប់ខឹង គេងមិនលក់ឬគេងច្រើនជ្រុល ការផ្លាស់ប្ដូរទម្ងន់ អារម្មណ៍នៃការគ្មានសង្ឃឹម ឬការគិតអវិជ្ជមាន និងសុខភាពធ្លាក់ចុះខ្លាំង។

២. ជំងឺធ្លាក់ទឹកចិត្តចម្បងដែលបណ្ដាលមកពីសម្ពាធ វាអាចមានរយៈពេលយូរគឺអាស្រ័យទៅតាមបុគ្គលម្នាក់ៗ និងទៅតាមស្ថានភាពរបស់ពួកគេ សម្ពាធពីកន្លែងការងារ សាលារៀន ក្រុមគ្រួសារ មិត្តភក្ដិ ទំនាក់ទំនងស្នេហា ជីវិតរស់នៅ ឬរឿងលុយកាក់ជាដើម។ រោគសញ្ញាទាំងនោះមានដូចជា អារម្មណ៍ស្ត្រេសខ្លាំង បាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីៗទាំងអស់ គេងមិនលក់គ្រប់ពេល តែងតែគិតថាខ្លួនលែងមានតម្លៃ ស្អប់ខ្លួនឯង និងឈានទៅរកការធ្វើអត្តឃាត។

ប្រសិនបើអ្នកដឹងថានរណាម្នាក់កំពុងតែមាន ឬជួបប្រទះរោគសញ្ញាទាំងនេះយូរជាងមួយខែហើយ អ្នកត្រូវជួយពួកគេនឹងស្វែងរកជំនួយសម្រាប់ពួកគេភ្លាម ពីព្រោះជំងឺធ្លាក់ទឹកចិត្តគឺកាចសាហាវណាស់។ ពេលខ្លះអ្នកដែលមានជំងឺបាក់ទឹកចិត្តមិនងាយនឹងបង្ហាញរោគសញ្ញាទាំងនោះទៅកាន់អ្នកណាឡើយ ប៉ុន្ដែអ្នកក៏អាចធ្វើការគត់សំគាល់បានខ្លះៗដែរ ប្រសិនបើពួកគេជាគ្រួសារសាច់ញាតិ ឬមិត្តភក្ដិសម្លាញ់របស់អ្នកនោះ វាសំខាន់ណាស់ដែលអ្នកត្រូវស្វែងរកជំនួយបន្ថែមសម្រាប់ពួកគេ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den