សញ្ញាទាំង ៦ យ៉ាងនេះអាចបញ្ជាក់បានថាគេនោះមិនចង់ធ្វើជាមិត្តភក្តិជាមួយអ្នកឡើយ

  • 2021-10-19 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបង្កើតនឹងរក្សាមិត្តភាពជាមួយមិត្តភក្ដិគឺជាផ្នែកដ៏សំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ និងជីវិតរស់នៅក្នុងសង្គម។ មនុស្សភាគច្រើនតែងតែគិតថាការបង្កើតមិត្តសម្លាញ់គឺគួរតែចាប់ផ្ដើមតាំងពីវ័យក្មេងទៅដែលវាជាការគិតខុស ពីព្រោះអ្នកអាចបង្កើតមិត្តភក្តិថ្មីៗជារៀងរាល់ថ្ងៃ ប៉ុន្តែចំពោះការរកមិត្តសម្លាញ់ឬមិត្តស្លាប់រស់វិញមិនងាយនោះទេ ហើយវាមិនប្រកាន់ថារយះពេលឬអាយុឡើយ គឺវាអាស្រ័យទៅលើអ្នកទាំងពីរមានឆន្ទៈក្នុងការចែករំលែកភាពសប្បាយរីករាយ ការភ័យខ្លាច ការព្រួយបារម្ភ និងសុភមង្គលជាមួយគ្នា។

ប្រសិនបើអ្នកបានជួបនរណាម្នាក់ថ្មី ឬមានដៃគូដែលអ្នកកំពុងតែមានស្រាប់ អ្នកនឹងចាត់ទុកគេជាមិត្តភក្តិ ប៉ុន្តែមានពេលខ្លះដែលអ្នកមិនប្រាកដថាពួកគេទាំងនោះមើលមកកាន់អ្នក ឬបានចាត់ទុកអ្នកជាមិត្តភក្តិដូចជាអ្នកបានគិតចំពោះពួកគេនោះឡើយ។

ទាំងនេះគឺជាគន្លឹះខ្លះៗក្នុងការមើលថា តើមនុស្សដែលអ្នកកំពុងតែរាប់អាននោះចង់ក្លាយជាមិត្តភក្តិរបស់អ្នកដែលឬអត់៖

  • មិនថាមានរឿងអ្វីកើតឡើង ឬក៏ការធ្វើរឿងអ្វីមួយក៏ដោយអ្នកតែងតែទៅរកពួកគេមុនជានិច្ច
  • ពួកគេមិនបានធ្វើការឆ្លើយតបមកកាន់អ្នកវិញទាន់ពេល នៅពេលដែលអ្នកត្រូវការចាំបាច់នោះឡើយ
  • ពួកគេតែងតែធ្វើការជៀសវាងការណាត់ជួប ឬមានលេសដើម្បីលុបចោលផែននៃការណាត់ជួបនោះ
  • អ្នកខិតខំព្យាយាមធ្វើរឿងគ្រប់បែបយ៉ាងដើម្បីផ្គាប់ចិត្តពួកគេច្រើនជាងអ្វីដែលពួកគេធ្វើមកកាន់អ្នក
  • ពួកគេមិនសូវទាក់ទងជាមួយអ្នកនៅលើប្រព័ន្ធបណ្ដាញសង្គមឡើយ និងសូម្បីតែការសួរទុក្ខធុរៈអ្នក
  • ពួកគេតែងតែនិយាយអំពីចំណាប់អារម្មណ៍របស់ពួកគេតែប៉ុណ្ណោះ និងមិនដែលសួរនាំអំពីបញ្ហារបស់អ្នកឡើយ

មានហេតុផលជាច្រើនទៀតដែលការមានមិត្តភាពគឺជាផ្នែកដ៏មានតម្លៃនៅក្នុងសង្គមរស់នៅរបស់មនុស្សម្នាក់ៗ។ មិត្តភក្ដិពិតប្រាកដនឹងមានវត្តមានដើម្បីអ្នកក្នុងគ្រាលំបាកនានាដែលអ្នកមាន ហើយនឹងផ្តល់នូវជំនួយតាមរយះពេលវេលាមិនថាតិចឬច្រើនឡើយ។ នេះហើយជាមូលហេតុដែលអ្នកត្រូវយកចិត្តទុកដាក់នៅពេលជ្រើសរើសមនុស្សមកធ្វើជាមិត្តិសម្លាញ់ ឬជាផ្នែកមួយនៃជីវិតរបស់អ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម