អាហារដែលគួរចៀសវាង ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ

  • 2021-10-13 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​ចង់​បាន​សុខភាព​ល្អ ​អ្ន​ក​គួរ​កាត់​បន្ថយ​អាហារ​ទាំង​នេះ ​ព្រោះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​បាន។

​១. អាហារ​មាន​ជាតិ​ផ្អែម​ខ្លាំង

អាហារ​ផ្អែម​ខ្លាំង​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​​ដល់​ការ​ស្រូប​វីតាមីន។ លើស​ពី​នេះ ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ​វា​ក៏​បង្ករ​គ្រោះ​ថ្នាក់​ដល់ Microflora ពោះ​វៀន​ផង​ដែរ បណ្តាល​ឲ្យ​រាង​កាយ​ស្ថិត​ក្នុង​អតុល្យភាព។ ជា​លទ្ធផល ​វា​​នឹង​​ធ្វើ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ផង​ដែរ។

​២. អាហារ​មាន​ជាតិ​ប្រៃ​​ខ្លាំង

​​វា​​​អាច​បង្កើន​ហានិភ័យ​ទៅ​ជា​ជំ​ងឺ អូតូ​អ៊ុយ​មីន ព្រម​ទាំង​រា​រាំង​មុខ​ងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ ​វា​ក៏​ធ្វើ​ឲ្យ​រលាក​ដល់​​​ពោះ​វៀន ដែល​ផ្តល់​ទុក្ខ​ទោស​យ៉ាង​ច្រើន​ដល់​រាង​កាយ។ ហេតុ​នេះ ​អ្នក​គួរ​តែ​​កំណត់​កម្រិត​ការ​ប្រើ​ប្រាស់​អំបិល​​ប្រចាំ​ថ្ងៃ​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ។

​​៣. ​អាហារ​ចៀន បំពង

​ម៉ូលេគុល​ AGEsនៅ​ក្នុង​អាហារ​ទាំង​នេះ ងាយ​នឹង​ប្រតិកម្ម​ជាតិ​ស្ករ​ជាមួយ​ប្រូតេអ៊ីន​ឬ​ខ្លាញ់ ​ក្នុង​ពេល​​ចម្អិន​​ខ្លាំង​ណាស់។ កាល​ណា AGEs ​កើន​ឡើង​ក្នុង​រាង​កាយ ​​វា​នឹង​បំ​ផ្លាញ​កោសិកា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរ​ការ​មិន​ល្អ ហើយ​ថែម​ទាំង​​បំផ្លាញ​ចរន្ត​ប្រឆាំង​អុក​ស៊ីត​កម្ម​របស់​រាង​កាយ ​ដែល​ជះ​ផល​អវិជ្ជមាន​ដល់​មីក្រូ​សរីរាង្គ​ល្អ​ៗ​ក្នុង​ពោះ​វៀន​ផង​ដែរ។ ​

៤. ជាតិ​កាហ្វេ​អ៊ីន​ច្រើន

ជាតិអុកស៊ីតកម្ម​ក្នុង​កាហ្វេអ៊ីន​នឹង​ជួយ​រំញោច​ដល់​រាង​កាយ ​តែ​ករណី​ច្រើន​ពេក ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ស្ពឹក​ស្រពន់ ​ឆាប់​ងងុយ​គេង ​និង​កាត់​បន្ថយ​ភាព​ស៊ាំ​របស់​ប្រព័ន្ធ​ការពារ។ ​សម្រាប់​ភេសជ្ជៈ​ដែល​គ្រាន់​តែ​​ផ្ទុក​ជាតិ​ស្ករ កាហ្វេ​អ៊ីន ​និង​សារធាតុ​ផ្អែម​នោះ​ទេ ​​មិន​ត្រូវ​ផឹក​៦​ម៉ោង ​មុ​ន​ចូល​គេង​នោះ​ទេ ។

៥ ​ស្រា

ការ​​សិក្សា​ជា​ច្រើន ​បង្ហាញ​ថា​ សូម្បី​តែ​​ផឹក​ស្រា​មួយ​កែវ ឬ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ ក៏​វា​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ។ ​លើស​ពី​នេះ ​ក៏​ងាយ​នឹង​កើត​ជំ​ង​រលាក​សួត ​​ផ្លូវ​ដង្ហើម​ថែម​ទៀត។ ​

​ហេតុ​នេះ ​ការ​ជ្រើស​រើស​ចំណី​អាហារ​ល្អ គឺ​​ជា​អត្ថប្រយោជន៍​​ដល់​រាង​កាយ។ ​មិន​តែ​ប៉ុណ្ណោះ ​បើ​អ្នក​បាន​ហាត់​ប្រាណ​និង​សម្រាក​បាន​គ្រប់​គ្រាន់ ​នោះ​នឹង​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ធ្វើ​ការ​បាន​ល្អ ​និង​មាន​​ប្រសិទ្ធភាព៕

ប្រភព៖ Sanook ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម