សិង្ហបុរីបានប្រកាសបើកឲ្យធ្វើដំណើរហើយ ដោយមិនតម្រូវឲ្យមានចត្តាឡីស័កឡើយ

  • 2021-10-11 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីពេលថ្មីៗនេះប្រទេសសង្ហបុរីបានប្រកាសជាផ្លូវការថាខ្លួននឹងធ្វើការបន្ធូរបន្ថយចំពោះការរឹតត្បិតនៃបញ្ហាដែលទាក់ទងជាមួយជំងឺកូវីដ-១៩ ហើយនឹងបានប្រកាសអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ឬទៅកាន់ប្រទេសរបស់ខ្លួនដោយគ្មានការធ្វើចត្តាឡីស័កឡើយ។

នាយករដ្ឋមន្ត្រីរបស់ប្រទេសសង្ហបុរី លោក លី សៀនឡុង បាននិយាយាថា “វាដល់ពេលហើយពីព្រោះជំងឺនេះនឹងនៅជាមួយយើងមួយជីវិត វានឹងមិនទៅណាឡើយ ដូច្នេះយើងត្រូវតែមានយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងបន្ដការរស់នៅរបស់ពួកយើងឡើងវិញជាមួយជំងឺនេះ”។ បន្ថែមពីនេះទៅទៀតលោកបាននិយាយថា យុទ្ធសាស្ត្រនៃការធ្វើដំណើរសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយរវាងប្រទេសសង្ហបុរីជាមួយប្រទេសអឡឺម៉ង់នឹងប្រទេសប្រ៊ុយណេបានទទួលជោគជ័យហើយ ដូច្នេះនឹងពង្រីកទៅកាន់ប្រទេសចំនួន ៩ ផ្សេងទៀត។

កន្លងមកប្រទេសសិង្ហបុរីមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងដើម្បីទប់ទល់ទៅនឹងជំងឺរាតត្បាតកូវីដ-១៩នេះ។ ការស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ មានការធ្លាក់ចុះទាបហើយ ប៉ុន្តែការបិទឃុំឃាំងប្រទេស ការងារ របររកស៊ីបានជះឥទ្ធិពលមិនល្អយ៉ាងខ្លាំងចំពោះតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសរបស់ខ្លួនដែលមានការធ្លាក់ដុនដាបយ៉ាងខ្លាំងផ្នែកពាណិជ្ជកម្ម ហើយនឹងអាកាសចរណ៍។

នាយករដ្ឋមន្ត្រីសង្ហបុរីបានប្រាប់ប្រជាជនរបស់ខ្លួននៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា “មេរោគឆ្លងមួយនេះទាំងថ្មីទាំងចាស់វានឹងមិនបាត់ទៅណាឡើយ”។ ប៉ុន្តែជាមួយការចាក់វ៉ាក់សាំងការពារ វិធានការគំលាតសង្គម និងការត្រួតពិនិត្យដោយប្រុងប្រយ័ត្នជាមួយអ្នកធ្វើដំណើរអាចធ្វើឲ្យយើងបន្ដការរស់ធម្មតាឡើងវិញសារជាថ្មីបាន។ លោកក៏មានប្រសាសន៍ថា វាអាចនឹងចំណាយពេលយ៉ាងតិចចន្លោះពីបីខែទៅប្រាំមួយខែដើម្បីឈានដល់ចំណុចនោះ។

លោកនាយករដ្ឋមន្ត្រី លី បាននិយាយបញ្ជាក់ប្រាប់ថាការធ្វើដំណើរសម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយជាមួយប្រទេសអាឡឺម៉ង់ និងប្រទេសព្រុយណេបានចាប់ផ្ដើមដំណើរការពីខែមុន ហើយវាបានបង្ហាញថាមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងហើយអាចធ្វើដំណើរដោយសុវត្ថិភាពនឹងមិនមានចត្តាឡីស័កឡើយ។ លោកក៏បាននិយាយទៀតថាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសដែលមានចំនួនករណីឆ្លងមេរោគកូវីដមានស្ថិរភាពអាចធ្វើឲ្យប្រទេសសង្ហបុរីដំណើរការល្អឡើងវិញផងដែរ។

ចាប់ពីថ្ងៃទី ១៣ ខែតុលាខាងមុខនេះទៅរដ្ឋាភិបាលបានប្រកាសថាខ្លួននឹងអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសកាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូឡង់ អេស្ប៉ាញ អាមេរិក និងចក្រភពអង់គ្លេស ហើយចាប់ពីខែវិឆ្ឆិកាទៅគឺប្រទេសកូរ៉េខាងត្បូង។ រដ្ឋាភិបាលក៏បានប្រកាសផងដែរថានឹងអនុញ្ញាតឲ្យក្រុមមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងរួចអាចទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងទិញទំនិញនៅតាមផ្សារទំនើបបាន។ ការបង្រៀនក្នុងថ្នាក់សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំនឹងត្រូវបានអនុញ្ញាតឲ្យបន្តទោះបីជា “សាលាខ្លះតម្រូវឲ្យបន្តការមេរៀនតាមអ៊ីនធឺណិត” ក៏ដោយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den