ហេតុផល ៥ យ៉ាងដែលស្ត្រេសអាចជះឥទ្ធិពលដល់ផ្នែកហិរញ្ញវត្ថុរបស់អ្នកបាន

  • 2021-08-13 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រេសអាចជាអារម្មណ៍មួយដែលមានឥទ្ធិពលខ្លាំង ហើយនៅពេលដែលអ្នកមិនបានធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឬព្យាបាលឲ្យទាន់ពេលវេលានោះទេវាអាចនឹងមានផលប៉ះពាល់ទៅលើផ្នែកជាច្រើននៃជីវិតរស់នៅរបស់អ្នក។ ភាពតានតឺងដែលបណ្ដាលមកពីស្ត្រេសក៏អាចធ្វើឲ្យអ្នកបោះបង់ចោលស្ទើរតែអ្វីៗទាំងអស់ដែលអ្នកខិតខំព្យាយាមធ្វើកាលពីមុនមក ជាពិសេសនោះគឺវាទាក់ទងទៅនឹងបញ្ហាហិរញ្ញវត្ថុរឿងលុយកាក់របស់អ្នកបានផងដែរ។

សម្រាប់មនុស្សភាគច្រើនបញ្ហាផ្នែកហិរញ្ញវត្ថុតែងតែកើតមានឡើងជារឿយៗនៅក្នុងជីវិតប្រចាំថ្ងៃដែលវាបណ្ដាលឲ្យអ្នកមានភាពតានតឹងរហូតដល់ស្ត្រេស។ ហេតុដូច្នេះហើយបានជាវាមានសារសំខាន់ណាស់សម្រាប់អ្នកក្នុងការរៀនគ្រប់គ្រងទៅលើភាពតានតឹងរបស់អ្នកឲ្យនៅដាច់ដោយឡែកពីរឿងលុយកាក់។ អ្នកត្រូវប្រាកដថាអ្នកបានបែងចែកច្បាស់លាស់ទៅលើផ្នែកហិរញ្ញវត្ថុជាមួយនឹងបញ្ហាស្ត្រេសរបស់អ្នក។

ទាំអនេះគឺជាមូលហេតុ ៥ យ៉ាងដែលអារម្មន៍នៃភាពតានតឹង ឬស្ត្រេសអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ផ្នែកហិរញ្ញវត្ថុរបស់អ្នកបាន៖

១. អ្នកចំណាយនៅពេលមានភាពតានតឹងឬស្ត្រេស ទម្លាប់នេះពាក់ព័ន្ធទៅនឹងការប្រើប្រាស់លុយកាក់របស់អ្នកក្នុងការទិញរបស់របរដើម្បីធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញដោយសារអារម្មណ៍នៃស្ត្រេសទាំងនោះ។

២. អ្នកមិនមានការរៀបចំឲ្យបានត្រឹមត្រូវ ការចំណាយលុយទៅលើការរស់នៅប្រចាំថ្ងៃគឺត្រូវមានកម្រិតនឹងចំនួនឲ្យបានច្បាស់លាស់ថាអ្វីដែលអ្នកគួរចំណាយនឹងអ្វីដែលមិនគួរ ពីព្រោះនៅពេលដែលអ្នកស្ត្រេសការចំណាយមិនគិត ឬមិនដឹងខ្លួននឹងកើតឡើងជាមិនខាន។

៣. អ្នកធ្វើការសម្រេចចិត្តដោយប្រតិកម្ម ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត ពីព្រោះនៅពេលដែលអ្នកមានអារម្មណ៍តានតឹងអ្នកនឹងធ្វើការចំណាយខ្ជះខ្ជាយ មិនគិតមុខគិតក្រោយឡើយដែលអាចជះឥទ្ធិពលដល់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

៤. ពេលស្ត្រេសអ្នកប្តូរទៅទម្លាប់អាក្រក់វិញ នៅពេលដែលអ្នកមានភាពតានតឹងច្រើនទម្លាប់មិនល្អមួយចំនួនអាចនឹងត្រលប់មករកអ្នកវិញដោយស្វ័យប្រវត្តិដែលវាទាក់ទងទៅនឹងចំណុចដែលបានរាយរាប់ទាំងប៉ុន្មានខាងលើ។

៥. ស្ត្រេសធ្វើឲ្យអ្នកលះបង់គម្រោងផែនការរបស់អ្នក មនុស្សម្នាក់ៗតែងតែមានផែនការផ្នែកហិរញ្ញវត្ថុរបស់ពួកគេដោយខិតខំព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចផែនការនោះ ប៉ុន្តែភាពតានតឹងអាចនឹងធ្វើឲ្យពួកគេបោះបង់ចោលផែនការនោះទាំងស្រុងបាន។

ស្ត្រេសគឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗដែលវាតែងតែកើតឡើង ទោះបីតិចឬច្រើនវានឹងកើត។ ដូច្នេះការរិះរកវិធីក្នុងការរក្សាកម្រិតស្ត្រេសរបស់អ្នកគឺជាហេតុផលល្អមួយដើម្បីចៀសវាអារម្មណ៍តានតឹងទាំងនោះដែលប៉ះពាល់ដល់ទិដ្ឋភាពផ្សេងទៀតនៃជីវិតរស់នៅ។ អ្នកក៏អាចស្វែងរកជំនួយពីមិត្តភក្តិក្រុមគ្រួសារ និងអ្នកជំនាញសុខភាពផ្លូវចិត្តប្រសិនបើអ្នកត្រូវការជំនួយបន្តិចបន្តួចដើម្បីដោះស្រាយភាពតានតឹងនឹងបញ្ហាស្ត្រេសរបស់អ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den