ផលប៉ះពាល់ទាំង ៤ ចំពោះសុខភាពខួរក្បាលបើអ្នកញ៉ាំអាហារផ្អែមជាប្រចាំ
- 2021-04-26 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់ទាំង ៤ ចំពោះសុខភាពខួរក្បាលបើអ្នកញ៉ាំអាហារផ្អែមជាប្រចាំ
ខួរក្បាលបានប្រើប្រាស់ថាមពលច្រើនជាងសរីរាង្គដទៃទៀតទាំងអស់នៅក្នុងរាងកាយរបស់មនុស្សជាប្រចាំថ្ងៃ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា តើវានឹងមានរឿងអ្វីកើតឡើងនៅពេលខួរក្បាលទទួលយកបរិមាណជាតិស្ករច្រើនហួសកម្រិតនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនោះ? សម្រាប់មនុស្សដែលមានជាតិស្ករតិចតួចនៅក្នុងខ្លួន សុខភាពពួកគេច្រើនតែល្អជាងអ្នកដែលមានជាតិស្ករហួសកម្រិតនៅក្នុងខ្លួន។ អ្នកវិទ្យាសាស្ត្រក៏បានធ្វើការបង្ហាញប្រាប់ដែលថាអាហារផ្អែមខ្លាំងឬអាហារប្រៃខ្លាំង និងជាតិខ្លាញ់អាចបង្កើតជាការញៀននៅក្នុងខួរក្បាលរបស់មនុស្សបាន ហើយវានឹងធ្វើឲ្យបាត់បង់ការគ្រប់គ្រងខ្លួនឯង និងមានការឡើងទម្ងន់ជាដើម។
ចំពោះអ្នកដែលញ៉ាំអាហារដែលមានជាតិផ្អែមខ្ពស់ត្រូវបានគេរកឃើញថាធ្វើឲ្យប្រព័ន្ធនៃខួរក្បាលមានទំនោរ ឬជាហេតុជំរុញឲ្យអ្នកមានអារម្មណ៍ឃ្លានកាន់តែខ្លាំង និងជាញឹកញាប់បើប្រៀបធៀបទៅនឹងអ្នកញ៉ាំអាហារដែលមានជាតិស្ករទាប ហើយវានឹងបណ្ដាលឲ្យមានការកើនឡើងខ្ពស់នៃជាតិគ្លុយកូសក្នុងប្រព័ន្ធឈាមដែលបង្កើតជាផលប៉ះពាល់មួយចំនួនដល់សុខភាពខួរក្បាល៖
១. ធ្វើឲ្យអ្នកមានការញៀនតែចំពោះប្រភេទអាហារផ្អែម តាមការសិក្សាបានបង្ហាញថាវាជាហេតុផលដែលជំរុញឲ្យប្រព័ន្ធខួរក្បាលរបស់អ្នកគិតទៅលើការញ៉ាំកាន់តែច្រើនឡើង។
២. ប៉ះពាល់ដល់ការចងចាំរបស់អ្នក ការមានជាតិស្ករច្រើនពេកអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ខួរក្បាលដែលបណ្តាលឲ្យមុខងារនៃការយល់ដឹង និងការចងចាំមានការថយចុះ។
៣. ការជះឥទ្ធិពលមិនល្អចំពោះអារម្មណ៍ផ្លូវចិត្ត ជាតិស្ករច្រើននៅក្នុងខ្លួនក៏ប៉ះពាល់ដល់អារម្មណ៍ផងដែរ នេះបើយោងទៅតាមការស្រាវជ្រាវរបស់គ្រូពេទ្យផ្នែកខួរក្បាល វានឹងមានការកើនឡើងជាតិគ្លុយកូសក្នុងឈាមជាច្រើនដែលប៉ះពាល់ដល់សុខភាព។
៤. សុខភាពផ្លូវចិត្តរបស់អ្នកនឹងធ្លាក់ចុះខ្លាំង ការកើនឡើងជាតិគ្លុយកូសខ្ពស់ងាយនឹងទទួលរងការបំផ្លាញប្រព័ន្ធសរសៃឈាមដែលជាមូលហេតុចម្បងនៃការកើតជំងឺទឹកនោមផ្អែម និងបញ្ហាផ្សេងៗទៀតដូចជាការខូចខាតសរសៃឈាមនៅក្នុងខួរក្បាលដែលបណ្តាលឲ្យមានជំងឺខួរឆ្អឹងខ្នងនឹងជំងឺភ្នែកនានា។
ដូចច្នេះការទទួលយកជាតិស្ករត្រូវតែមានកម្រិតដើម្បីចៀសវាងគ្រោះថ្នាក់នៃប្រភេទជំងឺទាំងនោះ ជំនួសដោយការញ៉ាំប្រភេទបង្អែមផ្អែមៗ អ្នកគួរប្ដូរមកទទួលទានជាប្រភេទផ្លែឈើស្រស់វិញ ពីព្រោះវាមិនត្រឹមតែផ្តល់នូវជាតិផ្អែមនឹងជាតិស្ករប៉ុណ្ណោះទេ តែវាក៏ផ្ដល់នូវជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមមួយចំនួនទៀតដែលអាចទប់ស្កាត់ការកើនឡើងនៃជាតិស្ករនៅក្នុងចរន្តឈាម និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃសុខភាពរបស់អ្នក៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖