វិធីទាំង ៣ ក្នុងការជួយធ្វើឲ្យអ្នកគេងលក់ឆាប់

  • 2021-04-22 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកកំពុងតែមានផលវិបាកក្នុងការគេងឲ្យលក់ឆាប់ជាញឹកញាប់ ម្ដងម្កាល ឬក៏មិនធ្លាប់សោះ? ប៉ុន្ដែប្រសិនបើអ្នកគេងឆាប់លក់នោះ តើការគេងរបស់អ្នកបានលក់ស្កប់ស្កល់ដែលឬទេ? វាមិនសូវជាពិបាកទេសម្រាប់អ្នកនៅវ័យក្មេងនោះ តែសម្រាប់មនុស្សពេញវ័យ មនុស្សជំទង់ និងមនុស្សចាស់ប្រាកដណាស់ថាមានផលវិបាកក្នុងការគេងឲ្យលក់ឆាប់ ពីព្រោះតែការគិតច្រើន ជាពិសេសម្នាក់ៗកំពុងតែស្ត្រេសអំពីរឿងជំងឺ កូវីដ និងការឃុំឃាំងនៅតែក្នុងផ្ទះដែលមិនអាចទៅណាមកណាបាន ហើយនឹងមិនអាចធ្វើអ្វីៗបាន។

ទាំងនេះគឺជាវិធីទាំង ៣ យ៉ាងដែលអាចធ្វើឲ្យអ្នកមានចិត្តស្ងប់សម្រាប់ការគេងលក់ស្កប់ស្កល់៖

១. កុំផ្តោតលើការបង្ខំខ្លួនឯងឲ្យដេកលក់ ប្រសិនបើអ្នកកាន់តែព្យាយាមបង្ខំខ្លួនឯង អ្នកកាន់តែមានអារម្មណ៍ដឹងខ្លួនកាន់តែខ្លាំងឡើង អ្នកគួរតែរៀនធ្វើអារម្មណ៍ឲ្យស្ងប់ដោយការបើកចម្រៀងបែបស្រទន់តិចៗ ឬក៏សៀវភៅសំឡេងដែលអាចធ្វើឲ្យអ្នកងងុយគេងបានយ៉ាងលឿន។

២. ធ្វើការគិត ការព្រួយបារម្ភឲ្យអស់មុនពេលចូលគេង ប្រសិនបើអ្នកបានជួបបញ្ហា អ្នកគួរតែព្យយាមដោះស្រាយរឿងនេះក្នុងអំឡុងពេលផ្សេងទៀតនៅពេលថ្ងៃមុនពេលចូលគេង ការថប់បារម្ភ និងការព្រួយបារម្ភអាចធ្វើឲ្យការគេងមិនបានលក់ស្កប់ស្កល់នោះឡើយ។

៣. ធ្វើការបែងចែកពេលវេលាសម្រាប់ខ្លួនឯង និងពេលស្ត្រេស បើសិនជាអ្នកមិនអាចធ្វើការដោះស្រាយពេលនេះបានទេ អ្នកត្រូវតែទុកវាមួយឡែកសិន កុំធ្វើការគិត ព្រួយបារម្ភដដែលៗជារៀងរាល់ថ្ងៃនោះ ជាពិសេសគឺពេលល្ងាចមុនចូលគេងនេះតែម្ដង អ្នកគួរធ្វើរឿងសប្បាយៗ គិតតែរឿងវិជ្ជមានវិញ។

មនុស្សជាច្រើនបានតស៊ូ និងធ្វើការព្យាយាមរិះរកវិធីយ៉ាងខ្លាំងក្នុងការទទួលបានដំណេកលក់ស្កប់ស្កល់នៅពេលយប់ ប៉ុន្តែក្នុងមួយថ្ងៃៗអ្នកបានជួបបញ្ហាជាច្រើនដែលពិបាកក្នុងការធ្វើចិត្តឲ្យស្ងប់ ដូចច្នេះមានតែអនុវត្តតាមវិធីទាំងបីខាងលើនេះទេដែលអាចជួយកាត់បន្ថយការគេងមិនលក់របស់អ្នកបាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den