អាហារ ៣ ប្រភេទដែលធ្វើឲ្យអ្នកនៅក្មេងជាងវ័យ
- 2021-04-08 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៣ ប្រភេទដែលធ្វើឲ្យអ្នកនៅក្មេងជាងវ័យ
ភាពចាស់ជរាគឺជាផ្នែកធម្មជាតិនៃជីវិតរស់នៅដែលមនុស្សម្នាក់ៗមិនអាចជៀសវាងបានឡើយ។ នៅពេលនិយាយដល់មនុស្សនឹងដំណើរការវ័យចំណាស់ អ្នកខ្លះមានអាយុចាស់ជាងខណៈពេលដែលអ្នកផ្សេងទៀតមានអាយុដូចគ្នាតែមើលទៅក្មេងជាងវ័យ តើមកពីមូលហេតុអ្វីទៅ? រូបរាងកាយនឹងសម្រស់គឺជារឿងសំខាន់បំផុតដែលមនុស្សម្នាក់ៗតែងតែយកចិត្តទុកដាក់ថែទាំ និងការពារ។ ទម្លាប់រស់នៅប្រចាំថ្ងៃ ការថែទាំសុខភាព និងការប្រើផលិតផលជំនួយសម្រស់គឺជាវីធីល្អដែរ តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺរបបអាហារដែលអ្នកកំពុងញ៉ាំប្រចាំថ្ងៃ។ វាមានតួនាទីសំខាន់ណាស់ទាំងសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសម្រស់។
ទាំងនេះគឺជាប្រភេទអាហារដែលអាចជួយឲ្យអ្នកមានសុខភាពល្អពីខាងក្នុងមកក្រៅ និងធ្វើឲ្យអ្នកមើលទៅនៅក្មេងជាងវ័យ៖
១. ការញ៉ាំប្រភេទសាច់ត្រី ត្រីសម្បូរទៅដោយជាតិអូមេហ្គា ៣ ដែលមានអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺបេះដូង រលាក និងជំងឺដំបៅនានាជាច្រើនប្រភេទទៀត ហើយវាក៏អាចការពារប្រឆាំងពីការខូចខាតស្បែកដែលបណ្ដាលមកពីពន្លឺព្រះអាទិត្យបានផងដែរ។ ត្រីសាលម៉ុនជាប្រភេទត្រីដែលមានវីតាមីនជួយធ្វើឲ្យស្បែករបស់អ្នកនៅក្មេងជាងវ័យបានយូរ។
២. សូកូឡាខ្មៅឬប្រភេទអាហារធ្វើពីកាកាវ សម្បូរទៅដោយជាតិប្រឆាំងអុកស៊ីតកម្មមិនល្អចេញពីក្នុងខ្លួន ហើយវាអាចកាត់បន្ថយសម្ពាធឈាម និងបង្កើនមុខងារសរសៃឈាមនៃការបត់បែនបានល្អ តែអ្វីដែលសំខាន់នោះវាជួយការពារស្បែកពីការខូចខាតដោយពន្លឺព្រះអាទិត្យ។ បន្ថែមពីនេះទៀតវាក៏ជួយលំហូរឈាមឲ្យកាន់តែប្រសើរឡើងដល់ស្បែក រក្សាជាតិទឹកនៅក្នុងខ្លួន និងធ្វើឲ្យស្បែករលោង។
៣. ការញ៉ាំបន្លែផ្លែឈើជាប្រចាំ បន្លែផ្លែឈើមានសារធាតុចិញ្ចឹមល្អៗនឹងមានជាតិកាឡូរីទាបបំផុត ដែលមានតួនាទីជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺភ្នែកឡើងបាយ ជំងឺមហារីកនានា និងអាចការពារប្រឆាំងប្រត្តិកម្មពីកាំរស្មីព្រះអាទិត្យដែលជាហេតុធ្វើឲ្យស្បែកចាស់មុនអាយុ។
ការប្រើផលិតផលជំនួយស្បែក ដូចជាផលិតផលផ្តល់សំណើម និងក្រែមការពារកាំរស្មី UV ក៏ជាជំនួយដ៏ល្អផងដែរ។ ដូចច្នេះព្យាយាមញ៉ាំប្រភេទក្រុមអាហារទាំង ៣ នេះឲ្យបានញឹកញាប់។ ការទទួលបានរបបអាហារដែលមានសុខភាពល្អ ការគេងឲ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជារឿងចម្បងដែលអ្នកត្រូវការជារៀងរាល់ថ្ងៃផងដែរ ដើម្បីសុខភាពល្អ មើលទៅក្មេងជាងវ័យ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖