ស្ត្រីដែលជួយស្ត្រីនៅក្នុងវិស័យអប់រំដ៏គួរឲ្យកោតសរសើរ
- 2021-02-26 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីដែលជួយស្ត្រីនៅក្នុងវិស័យអប់រំដ៏គួរឲ្យកោតសរសើរ
កាលពីមុនស្ត្រីមិនសូវបានទៅសាលា រៀនសូត្រឲ្យបានជ្រៅជ្រះដូចជាមនុស្សប្រុសឡើយ ប៉ុន្តែឥលូវនេះទាំងបុរសនឹងស្ត្រីគឺមានសិទ្ធិស្មើគ្នានៅក្នុងវិស័យអប់រំ ពីព្រោះវាមានសារៈសំខាន់បំផុតសម្រាប់អនាគតពួកគេ។ ប្រជាជនកម្ពុជាយើងឥលូវបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំរបស់កូនចៅ ពួកគាត់ជឿថាការចេះដឹង មានជំនាញគឺជាទ្រព្យដែលមិនចេះបាត់បង។
ហេតុដូចច្នេះហើយបានជាប្អូនស្រី អឿន វ៉ាពី ខិតខំព្យាយាមចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាននៅក្នុងវិស័យអប់រំ។
ប្អូនស្រី អឿន វ៉ាពី មានស្រុកកំណើតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ប្អូនបានបញ្ចប់ការសិក្សាពីវិទ្យាល័យហ៊ុនសែនកងតាណឹង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។
បច្ចុប្បន្ននេះប្អូនស្រីរស់នៅឯបុរី ១០០ ខ្នងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីបញ្ចប់ការសិក្សាប្អូនស្រីបានចូលបំពេញការងារជាអ្នកអភិវន្ឍន៍គេហទំព័រឲ្យក្រុមហ៊ុនមួយ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្អូនស្រីក៏បានប្រឡងចូលរៀនផ្នែកគរុកោសល្យ ជាអាជីពគ្រូបង្រៀនថែមមួយទៀតនឹងបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ ២០២០។
បច្ចុប្បន្ននេះប្អូនគឺជាគ្រូបង្រៀនបច្ចេកវិទ្យាព័ត៌មាននៅវិទ្យាល័យព្រះស៊ីសុវត្ថិដែលជាកម្មវិធីសិក្សាជំនាន់ថ្មី។ វាផ្តោតសំខាន់ទៅលើការសិក្សាបែបធ្វើការពិសោធន៍ ការស្រាវជ្រាវ រិះរកគំហើញថ្មីៗ។ ប្អូនស្រីក៏បានចូលរួមជួយបណ្តុះបណ្តាលក្មេងស្រីៗឲ្យយល់ច្បាស់ពីប្រព័ន្ធបច្ចេកវិទ្យានៅក្លឹប Sisters of Code ផងដែរ។
ដោយសារការសង្កេតឃើញថាចំនួនស្ត្រីនៅមានកម្រិតទាបនៅក្នុងវិស័យអប់រំបច្ចេកវិទ្យាព័ត៌មាន ហេតុដូចច្នេះហើយបានជាប្អូនស្ត្រីចូលរួមក្លឹបនេះដើម្បីជួយបង្រៀន លើកកម្ពស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានឲ្យបានប្រសើរឡើង ពីព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺស្ត្រីតែម្តង ពួកគេអាចទទួលបានឱកាសការងារល្អៗ ថ្មីៗជាច្រើន។
ប្អូនស្រីបានបង្ហាញសេចក្ដីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយក្នុងការជួយជម្រុញក្មេងស្រីៗឲ្យទទួលបានការអប់រំទៅលើវិស័យបច្ចេកវិទ្យាព័ត៌មាន។ ហើយ គោលបំណងដ៏ធំរបស់ប្អូនស្រីនោះគឺ ចង់ឲ្យមានក្លឹបអប់រំប្រព័ន្ធបច្ចេកវិទ្យាដូចក្លឹប Sisters of Code នៅគ្រប់បណ្តាលសាលា វិទ្យាល័យ និងគ្រប់បណ្តាលខេត្តទូទាំងប្រទេស។
ប្អូនស្រីក៏សូមថ្លែងអំណរគុណ ចំពោះក្រសួងអប់រំយុវជននឹងកីឡា ព្រមទាំងក្លឹប Sisters Of Code ដែលអនុញ្ញាតឲ្យប្អូនបានចូលរួមសកម្មភាពជួយអភិវន្ឍសង្គមជាតិក្នុងវិស័យនៃការអប់រំក្នុងការសាបព្រោះចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយ ពីព្រោះមានតែការអប់រំទេដែលអាចផ្លាស់ប្ដូរជីវិតមនុស្ស សង្គមគ្រួសារ និងសង្គមជាតិឲ្យមានការរីកចម្រើន៕
ចុចអានបន្ត៖