វិទ្យាសាស្ត្រកុំព្យូទ័រសម្រាប់តែប្រុសៗ? ស្ត្រីម្នាក់តស៊ូជម្នះគំនិតនេះ បង្រៀនក្មេងស្រីខ្មែរយើងរហូតជោគជ័យ និងមានការទទួលស្គាល់
- 2021-02-03 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិទ្យាសាស្ត្រកុំព្យូទ័រសម្រាប់តែប្រុសៗ? ស្ត្រីម្នាក់តស៊ូជម្នះគំនិតនេះ បង្រៀនក្មេងស្រីខ្មែរយើងរហូតជោគជ័យ និងមានការទទួលស្គាល់
មានមនុស្សមួយចំនួនបានស្គាល់ និងធ្លាប់បានធ្វើការពាក់ព័ទ្ធរួចជាស្រេចជាមួយ Sisters of Code ដែលជាឈ្មោះ នៃក្រុមការងារ និងក្លឹបបង្រៀនក្មេងស្រីកម្ពជាអំពីវិទ្យាសាស្ត្រ។ មានការងារដ៏សកម្មៗ នៃក្រុមងារនេះ និងបានបង្ហាញពីសារសំខាន់កាន់តែច្រើន រហូតមានការសាទរ និងទទួលស្គាល់ពីថ្នាក់ដឹកនាំ ពិសេសគឺក្រសួងអប់រំ យុវជន និងកីឡា។ អ្វីដែលយើងមិនសូវបានដឹង គឺប្រវត្តិនៅពីក្រោយការបង្កើត និងអ្វីខ្លះទម្រាំមានថ្នាក់បង្រៀនជំនាញដ៏ល្អនេះ សម្រាប់ក្មេងស្រីកម្ពុជា។
អ្វីដែលកាន់ពិសេស ស្ថាបនិកម្នាក់នៃ Sisters of Code គឺជាស្ត្រីម្នាក់ដែលមានទាំងជំនាញ និងទឹកចិត្តដ៏កម្រចង់ជួយក្មេងស្រីកម្ពុជា។ នោះគឺអ្នកនាង Nataly Rodionova គឺជាស្ថាបនិកដែលបានតាក់តែង រកឃើញនឹងបានបង្កើតក្លឹបនេះឡើង ហើយក៏ជាប្រធានគ្រប់គ្រងរបស់ **សាលាបច្ចេកវិទ្យាព័ត៌មានកម្ពុជា ដែលហៅជាភាសាអង់គ្លេសថា ** IT Academy Step Cambodia ផងដែរ។ Nataly ជាជនជាតិ Latvian នៅប៉ែកអឺរ៉ុប ហើយអ្នកនាង បានផ្លាស់មករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមគ្រួសារ តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។
ក្នុងអំឡុងឆ្នាំ ២០១៩ អ្នកនាងបានបង្កើតក្លឹប Sisters of Code ឡើងដែលជាក្លឹបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងការបង្រៀនសិស្សស្រីៗទៅលើជំនាញប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្លឹបនេះមានការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID និង ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ ការបង្រៀន គឺបានផ្តល់ជូនសិស្សចំនួន ១៥០ នាក់ រួមនឹងការបង្រៀនបន្ថែម ទៅកាន់សាលារដ្ឋ ២ ថែមទៀតផងដែរ។
ដំបូងឡើយ សូម្បីតែក្មេងស្រីៗខ្លះ គិតថាការសិក្សារផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រគឺសម្រាប់តែមនុស្សប្រុស។ ចំណុចនេះ គឺជាហេតុផលដែលអ្នកនាង Nataly ចង់ធ្វើការផ្លាស់ប្តូរ និងបានបង្កើតក្លឹបនេះឡើង ពីព្រោះវិទ្យាសាស្ត្រកុំព្យូទ័រមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍កាន់តែល្អប្រសើរទៅថ្ងៃអនាគតរបស់ពួកគាត់។
ម្យ៉ាងវិញទៀត ដើម្បីឱ្យក្មេងស្រីកាន់តែមានភាពកក់ក្តៅ ពេលចូលរៀន ក្រុមការងារ Sisters of Code ក៏បានរៀបចំគ្រូបង្រៀនសុទ្ធតែជាស្រីៗ ដូចគ្នា។ នៅទិនេះ អ្នកគ្រូបង្រៀនគឺសុទ្ធតែជាអ្នកមានជំនាញ និងអាចបង្វឹក ពីរបៀបក្នុងការសរសេរប្រព័ន្ធកូដ បង្កើតហ្គេម វេបសាយ និងការសិក្សាឲ្យយល់កាន់តែច្បាស់ទៅលើមុខងារ នៃកុំព្យូទ័រ និង អ៊ីនធឺណេត។
ចំពោះអ្នកនាង Nataly ក៏មានពាក្យពេចន៍ផ្តាំផ្ញើ និងលើកទឹកចិត្តទៅកាន់ក្មេងស្រីជំនាន់ក្រោយ នៅក្នុងប្រទេសកម្ពុជា
“ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្តទៅលើការសិក្សាអប់រំ មួយវិញទៀត សូមព្យាយាមចាប់យកជំនាញណាមួយឱ្យច្បាស់លាស់ តាមដែលអាចធ្វើទៅបាន ពីព្រោះមានតែការអប់រំរជ្រៅជ្រះទេ ទើបអាចជួយជម្រុញស្ត្រីយើងង ឲ្យក្លាយជាមនុស្សរឹងមាំ ជោគជ័យ និងទទួលបានឱកាសល្អៗ ដែលកំពុងតែរង់ចាំអ្នកនៅថ្ងៃអនាគត៕”
ចុចមើលវីដេអូបន្ថែមដើម្បីដឹងពីសកម្មភាពថ្មីរបស់ Nataly និងក្រុមការងារ Sisters of Code
ប្រភពរូបភាព៖ Sisters of Code, Nataly Rodionova
ចុចអានបន្ត៖