វិធីដ៏ល្អក្នុងការសុំបែកគ្នាជាមួយនរណាម្នាក់

  • 2021-01-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្រឡាញ់គ្នាលើកដំបូងគឺមានឥទ្ធិពលខ្លាំងណាស់ អារម្មណ៍រំភើបពេលបានជួបមិត្តប្រុស ឬមិត្តស្រីរបស់អ្នក ហើយវាពិតជាធ្វើឲ្យអ្នកមានសេចក្តីសុខមែនទែនចំពោះអារម្មណ៍បែបនោះ។ ជាអកុសលនៅពេលដែលអ្នកដឹងចិត្តគ្នាកាន់តែច្បាស់ ការប្រែប្រួលនឹងកើតមានឡើង។ អ្នកខ្លះអាចនឹងបន្តកសាងសុភមង្គល ខណៈអ្នកខ្លះទៀតត្រូវចែកផ្លូវគ្នា។

មានហេតុផលច្រើនណាស់ដែលបណ្តាលឲ្យមានការបែកបាក់នៅក្នុងទំនាក់ទំនងស្នេហា វាអាចមកពីការក្បត់ចិត្តគ្នា ការចង់បានថ្ងៃអនាគតខុសគ្នា ឬអស់អារម្មណ៍ស្រឡាញ់គ្នា និងអាចមកពីអ្នកទើបតែដឹងថាអ្នកមិនទាន់ចង់បានទំនាក់ទំនងជាសង្សារនឹងគ្នានៅឡើយ។

ការចែកផ្លូវគ្នាគឺជារឿងពិបាកនឹងជារឿងដ៏សែនឈឺចាប់បំផុត មិនថាអ្នកធ្លាប់ឆ្លងកាត់ប៉ុន្មានដងក៏ដោយ។ ទាំងនេះជាវិធីដែលអាចជួយអ្នកក្នុងការចែកផ្លួវគ្នា និងអាចរក្សាទំនាក់ទំនងមិត្តភាពបានល្អ៖

  • ត្រូវប្រាកដថា ៩០ ទៅ ១០០ ភាគរយហើយដែលអ្នកចង់បែកគ្នា
  • និយាយត្រង់ៗ ទៅលើអ្វីដែលអ្នកចង់បាន និងហេតុផល
  • ត្រៀមខ្លួនឲ្យស្រេចចំពោះការឆ្លើយតបរបស់ដៃគូ (អាចខឹង ឬយំឆោឡោ) តែអ្នកត្រូវធ្វើចិត្តឲ្យស្ងប់ជានិច្ច
  • ព្យាយាមស្តាប់ដៃគូ និងព្យាយាមពន្យល់ឲ្យបានច្បាស់ម្តងទៀតពីហេតុផលដែលអ្នកចង់បែក
  • បើអ្នកប្រាកដហើយនោះ ត្រូវត្រៀមខ្លួនចំពោះរឿងនេះ (ការសុំអង្វរ ការស្បថស្បែថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក និងអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន ចង់ធ្វើ) វានឹងកើតឡើង

រឿងដែលអ្នកត្រូវចៀសវាងនោះគឺការមិនអើពើចំពោះដៃគូព្រោះតែចង់ឲ្យគេដឹងថាអ្នកអស់ចិត្ត ឬចង់បែក។ ត្រូវតែនិយាយទល់មុខគ្នា និងនៅកន្លែងស្ងប់ស្ងាត់ដែលមិនមានមនុស្សច្រើន។ ហើយរឿងសំខាន់បំផុតមួយទៀតនោះគឺកុំធ្វើឲ្យសោះការសុំបែកគ្នាតាមទូរស័ព្ទ ឬផ្ញើរសារ៕

រូបភាព៖ Pexels, Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den