របៀបរៀនភាសាដទៃទៀតឲ្យឆាប់ចេះលឿន

  • 2021-01-09 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកជឿទេថាមនុស្សម្នាក់អាចនិយាយបានរហូតដល់ទៅ ១០ ភាសាជាងឯនោះ? ស្តាប់មើលទៅវាដូចជាមិនអាចទៅរួចទេ ប៉ុន្តែអ្នកប្រហែលជាបានជួប បានលឺ និងបានឃើញរួចទៅហើយអ្នកដែលអាចនិយាយបានចន្លោះពី ៥ ភាសាឡើងទៅ។ គិតថាវាពិបាកណាស់មែនទេ? គិតថាវាមិនអាចទៅរួចមែនទេ? ដោយសារតែរៀនត្រឹមតែ ២ ឬ ៣ ភាសាប៉ុណ្ណោះសឹងតែចាប់មិនទាន់! តែចាំថាគេធ្វើបាន ហេតុអ្វីយើងធ្វើមិនបាន?

យោងទៅតាមអ្នកជំនាញភាសាបានបង្ហាញថា អ្នកអាចរៀននិយាយភាសាបរទេស ទៅលើពាក្យនិយាយសមញ្ញៗបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ និងបែបមូលដ្ឋានក្នុងរយៈពេលបីបួនខែ តែជាលក្ខណៈស្ទាត់ជំនាញនោះវាទាមទារពេលយូរគួរសមដែរ។ ជារើយៗការរៀន និងការបង្រៀនគឺមានភាពខុសគ្នាទាំងស្រុងទៅតាមតិចនិកគ្រូ ប៉ុន្តែយើងបានសង្កេតឃើញថាអ្នករៀនភាសាមួយចំនួនធំបានផ្តោតទៅលើកំហុសឆ្គងមួយចំនួយក្នុងការរៀនឲ្យឆាប់ចេះ។

ចំណុចទាំង ៣ នេះគឺជាអ្វីដែលអ្នកគួរធ្វើការកែប្រែដើម្បីរៀនឆាប់ចេះលឿន៖

១. កុំរៀនប្រយោគដែលបានបង្កើតរួចហើយ

ប្រភេទដូចជា តើអ្នកអាយុប៉ុន្មាន? តើស្ថានីយរថភ្លើងនៅឯណា? ពីព្រោះវាមិនបានបង្រៀនឲ្យអ្នករៀនយល់ពីភាសានោះទេ វាគ្រាន់តែផ្តល់ឲ្យអ្នកនូវអារម្មណ៍មួយថាអ្នកដឹងប្រយោគនោះ។ ព្យាយាមរៀនពាក្យឲ្យបានច្រើនសិន។

២. កំុអាលរៀនច្បាប់ ឬវេយ្យាករណ៍ស្មុកស្មាញពេលដំបូង

នៅពេលចាប់ផ្តើមដំបូងកុំសូវខ្វល់ពីកំហុសលើការនិយាយ និងការប្រើវេយ្យាករណ៍ក្នុងប្រយោគនោះពីព្រោះវាជាហេតុធ្វើឲ្យអ្នកគិតថាពិបាកនឹងបោះបង់ចោល។ ព្យាយាមរៀននិយាយ ប្រើពាក្យដែលអ្នកបានរៀនកន្លងមក ឲ្យបានច្រើន វាខុសខ្លះមែនតែវានឹងធ្វើឲ្យអ្នកដឹងពីកំហុស និងរៀនទៅលឿនជាង។

៣. កុំផ្តោតទៅលើការបញ្ចេញសម្លេងខ្លាំងពេក

ភាសាមួយចំនួយគឺពិបាកក្នុងការបញ្ចេញសម្លេង ដូចច្នេះអ្នកត្រូវព្យាយាមរក្សាវាទៅតាមលក្ខណៈសមញ្ញានឹងធម្មតាសិនទៅ។

រូបភាព៖ Pexels

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម