វិធីបំបាត់ភាពខ្មាស់អៀន និងវិធីបង្កើនភាពជឿជាក់

  • 2021-01-04 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកកំពុងតែគិតថាអ្នកគឺជាមនុស្សដែលមានភាពអៀនខ្មាស់ខ្លាំង និងច្រើនជាងគេនៅក្នុងសង្គមរស់នៅបច្ចុប្បន្ននេះមែនទេ? ហើយតើបានព្យាយាមបំបាត់វាចោលខ្លះៗហើយឬនៅ ឬមួយក៏គិតថាវាជារឿងធម្មតាសម្រាប់មនុស្សលោក?

ភាពខ្មាស់អៀនគឺគ្រាន់តែជាការភ័យខ្លាយនៅក្នុងទំនាក់ទំនង និងការប្រាស្រ័យទាក់ទងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយនឹងជាមួយអន្តរកម្មសង្គម។ ទោះបីអ្នកជាមនុស្សពូកែវៃឆ្លាត ឬមានទេពកោសល្យយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានភាពអៀនខ្មាស់ វាគឺជាឧបសគ្គដ៏ធំដែលធ្វើឲ្យអ្នកបាត់បង់ឱកាសសំខាន់ៗជាច្រើន។ តើអ្នកធ្លាប់ទេកាលពីនៅរៀន? ដែលភាពអៀនខ្មាស់បានរារាំងមិនឲ្យអ្នកឆ្លើយសំណួរនៅក្នុងថ្នាក់ បើទោះបីជាអ្នកប្រាកដ ១០០ ភាគរយនៃចម្លើយនោះក៏ដោយ។ ហើយវាអាចនៅតែបន្តរហូតទៅទៀតប្រសិនបើអ្នកមិនបានព្យាយាមធ្វើការផ្លាស់ប្តូរ។ វាក៏អាចបាត់ដោយខ្លួនឯង តែអ្នកខ្លះទៀតក៏មិនអាច។ ទំាងនេះជាវិធីដែលអាចជួយអ្នកបាន៖

#១ ព្យាយាមប្រើក្រសែភ្នែកនៅពេលនិយាយជាមួយនរណាម្នាក់ វាកាន់តែធ្វើឲ្យអ្នកមានភាពអៀនខ្មាស់ និងភ័យខ្លាចកាន់តែខ្លាំងឡើងប្រសិនបើអ្នកគេចវេះការសម្លឹងមើលក្រសែភ្នែក ឬទឹកមុខ។ ភាពខ្មាសអៀននេះវាអាចនឹងកើតឡើងដោយសារតែដំណពូជ ដូចច្នេះកុំបន្ទោសខ្លួនឯង តែព្យាយាមផ្លាស់ប្តូរឲ្យបានប្រសើរឡើង។

#២ ព្យាយាមចូលរួមក្នុងសកម្មភាពដែលនឹងអាចលុបបំបាត់ភាពអៀនខ្មាស់របស់អ្នកចោល ការចូលរួមសិក្ខាសាលា ការស្ម័គ្រចិត្តចូលរួមជួយជាមួយអង្គារនានា ឬកម្មវិធីសម្បុរជនខ្លះៗជាវីធីដ៏មានប្រសិទ្ធិភាព ហើយវាជាការលើកទឹកចិត្តឲ្យខ្លួនឯង ផ្តល់ភាពក្លាហាន ការជួយសង្គម និងអាចលុបបំបាត់ចោលភាពអៀនខ្មាស់របស់អ្នកបានបន្តិចម្តងៗ។

#៣ ព្យាយាមនៅជាមួយមនុស្សដែលតែងតែលើកទឹកចិត្តអ្នកឲ្យចាកចេញពីភាពអៀនខ្មាស់ ប្រសិនបើអ្នកសេពគប់ជាមួយមនុស្សដែលពូកែនិយាយ ហើយមិនដែលខ្លាចក្នុងបញ្ចេញមតិរបស់ពួកគេ យូរទៅអ្នកនឹងក្លាយជាមនុស្សដូចជាពួកគេដែរ។ ប្រហែលជាមិនដូចទាំងស្រុង ប៉ុន្តែអ្នកនឹងដឹងពីបៀបក្នុងការនិយាយ ឬបញ្ចេញមតិរបស់អ្នកមកក្រៅ។

#៤ កុំភ្លេចឲ្យសោះក្នុងការថែរក្សាសម្រស់របស់អ្នក វាជាការពិតណាស់ដែលសម្រស់ហើយនឹងទំនុកចិត្តគឺមានទំនាក់ទំនងជាមួយគ្នា។ រូបរាងកាយរបស់អ្នកគឺជាអ្វីដែលធ្វើឲ្យអ្នកមានភាពជឿជាក់នៅលើខ្លួនឯង។ ដូចច្នេះត្រូវចេះរៀបចំខ្លួនឲ្យបានស្អាតសមរម្យ មិនចំបាច់ទាល់តែរបស់ថ្លៃៗ ឬប្រេនៗនោះទេ គឺការចេះឆ្នៃប្រឌិតរបស់អ្នក។

#៥ ស្វែងយល់ពីខ្លួនឯង ចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់អ្នក ការដឹងថាខ្លួនឯងពូកែលើអ្វីមួយ អ្នកនឹងផ្តោតការយកចិត្តទុកដាក់ជាមួយវាដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នក និងធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន។

ប្រសិនបើអ្នកទទួលរងការវាយប្រហារទៅលើភាពអៀនខ្មាស់របស់អ្នកដែលបណ្តាលឲ្យអ្នកមិនសប្បាយចិត្ត ឬទូចចិត្តលើខ្លួនឯង សូមកុំអស់សង្ឃឹមអៃ ចាប់ផ្តើមអនុវត្តវិធីទាំងនេះដែលនឹងអាចជួយលើកស្ទួយ និងផ្តល់ទំនុកចិត្តឲ្យអ្នកក្នុងការរស់នៅដោយភាពសប្បាយរីករាយ៕

រូបភាព៖ Pexels, Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den