គ្រោះថ្នាក់ទាំង១០យ៉ាងកើតឡើងដោយសារការអង្គុយច្រើនពេក
- 2020-10-19 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះថ្នាក់ទាំង១០យ៉ាងកើតឡើងដោយសារការអង្គុយច្រើនពេក
ការធ្វើការក្នុងការិយាល័យពិតជាមានការងារច្រើនត្រូវបំពេញ ហើយត្រូវចំណាយពេលជាច្រើនអង្គុយធ្វើការ។ អ្នកគិតថាធ្វើការក្នុងការិយាល័យមានផាសុខភាព តែធាតុពិតការអង្គុយច្រើនមិនល្អសម្រាប់សុខភាពនោះទេ។ អ្នកធ្វើការដូចជាអ្នកគិតលុយ អ្នកលក់សំបុត្រ អ្នកបើកបរជាដើមសុទ្ធតែអាចប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ទាំង១០ដោយសារការអង្គុយច្រើន ដោយមិនបានបញ្ចេញពលកម្មលំហាត់ប្រាណ។
១. ជម្ងឺបេះដូង
វេបសាយ WebMD បានធ្វើការបង្ហាញពីការពិសោធន៍រវាងអ្នកបើកបរនិងព្រូឡានដែលធ្វើការជារៀងរាល់ថ្ងៃ ដោយគេបានបែងចែងជាក្រុមផ្សេងគ្នា ហើយគេផ្តល់របបអាហារដូចគ្នា។ ប៉ុន្តែលទ្ធផលបញ្ចាក់ថាអ្នកបើកបរមានឱកាសកើតជម្ងឺបេះដូងច្រើនជាងព្រូឡានទៅទៀត។
២. កាត់បន្ថយអាយុ
កាលណាអ្នកអង្គុយច្រើនដោយមិនមានធ្វើការបម្លាស់ទី និងលំហាត់ប្រាណប្រចាំថ្ងៃ អ្នកស្រាវជ្រាវបង្ហាញថាអាចកាត់អាយុជីវិតអ្នក ដោយសារការកើនឡើងនៃជម្ងឺផ្សេងៗធ្វើអោយជីវិតចុះខ្សោយយ៉ាងលឿន។
៣. ជម្ងឺវង្វេង
ការអង្គុយយូរអាចបង្ហាញរោគសញ្ញាដូចជាឧស្សាហ៍វង្វេង ហើយក៏អាចបង្កអោយកើតជម្ងឺផ្សេងៗដូចជា ជម្ងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ូលក្នុងឈាមខ្ពស់។ អ្នកគួរតែមានបម្រែបម្រួលសកម្មភាពខ្លួនប្រាណរាល់ថ្ងៃ ព្រោះវាគ្រាន់បើជាងធ្វើលំហាត់ប្រាណបានតែម្តងម្កាលរៀងរាល់សប្តាហ៍។
៤.ជម្ងឺទឹកនោមផ្អែម
ការញ៉ាំរបស់ផ្អែមអាចបង្កអោយមានជម្ងឺទឹកនោមផ្អែម ហើយវាក៏ជាជម្ងឺតំណពូជផងដែរ។ តែយ៉ាងណាមិនទាន់មានអ្នកវិទ្យាសាស្រ្ដបានបង្ហាញថាមូលហេតុជាក់លាក់ថាអង្គុយយូរធ្វើអោយមានជម្ងឺនេះ។ បើតាមការសន្និដ្ឋានគឺដោយសារការឆ្លើយតបរបស់អាំងសូលីនដែលមានមុខងារជួយរំលាយជាតិស្ករ ធ្វើដំណើររការមិនបានល្អដោយសារធ្វើការអង្គុយយូរពេក។
៥. សរសៃឈាមវ៉ែនជ្រៅ (Deep vein thrombosis)
គ្រោះថ្នាក់សរសៃឈាមវ៉ែនបង្ហាញអាការៈដែលធ្វើអោយកំណកឈាមកើតឡើងក្នុងសរសៃវ៉ែនដែលនៅត្រង់ជើង ហើយវាកាន់តែគ្រោះថ្នាក់បើសិនជាកំណកឈាមធ្លាក់ទៅដល់សួត នេះដោយសារការអង្គុយយូរពេក។ ពេលខ្លះវាក៏មិនបានចេញរោគសញ្ញាអ្វីដែរ ដែលវាធ្វើអោយជម្ងឺកាន់តែធ្ងន់ធ្ងរឡើង។
៦. ឡើងទម្ងន់
វាប្រាកដជាមិនល្អទេ នៅពេលដែលបរិភោគអាហារហើយមិនមានសកម្មភាពជួយការដុតរំលាយជាតិខ្លាញ់។ ដូច្នេះវាធ្វើអោយអ្នកឆាប់ឡើងគីឡូ ហើយបូកបញ្ចូលនឹងការមើលទូរទស្សន៍ ឬអង្គុយមុខកុំព្យូទ័រយូរពេក។
៧. ឆាប់ខឹងច្រឡោត
វាមិនគួរអោយជឿដែលការអង្គុយយូរមុខកញ្ចក់កុំព្យូទ័រឬទូរស័ព្ទ អាចមានផលប៉ះពាល់ដល់សុខភាពនិងខួរក្បាលថែមទៀតផង។ វាមានអាការៈដែលធ្វើអោយអ្នកគេងមិនលក់ ហើយចាប់ផ្តើមខឹងច្រឡោតដាក់អ្នកដទៃ។ ណាមួយបើសិនអ្នកចំណាយពេលនឹងបណ្តាញសង្គម នោះអ្នកនឹងមិនសូវមានទំនាក់ទំនងជាមួយមិត្តភក្តិឬអ្នកផ្ទះ ដែលអាចនិយាយបានថាអ្នកមានគម្លាតនឹងសង្គមមួយនេះ។
៨. ឈឺឆ្អឹងខ្នង
វាមិនត្រឹមតែឈឺខ្នងប៉ុណ្ណោះ តែក៏រោយក ចុកស្មា បើសិនជាអ្នកអង្គុយយូរហើយមិនត្រង់ខ្លួន។ ទោះបីជាអ្នកអង្គុយលើកៅអីមានតម្លៃថ្លៃយ៉ាងណាក៏ដោយ ក៏គួរតែចុះមកដើម្បីធ្វើការលំហាត់ប្រាណខ្លះទើបវាប្រសើរ។
៩. ឆ្អឹងមិនរឹងមាំ
សាកស្រមៃថាអ្នកអង្គុយរហូតមិនបានប្រើប្រាស់ផ្នែកផ្សេងៗនៃសារពាង្គកាយ នោះវានឹងធ្វើអោយសាច់ដុំមានការចុះខ្សោយ។ បើសិនជាអ្នកបន្តបែបនេះទៀតឆ្អឹងអ្នកមិនមានភាពរឹងមាំ មិនអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចជាការដើរលំហាត់ប្រាណយឺតៗ ឬរមួលក្រពើ និងឈឺសន្លាក់ ក៏ដូចជាអង្គុយឈឺទៀតផង។
១០. ជម្ងឺមហារីក
ការពិតណាស់វាមានឱកាសខ្ពស់ក្នុងការកើតជម្ងឺមហារីកផ្សេងៗដូចជាមហារីកសួតជាដើម បើសិនជាអ្នកអង្គុយយូរពេក។ ជាក់ស្តែងចំពោះមនុស្សស្រីឆាប់កើតជម្ងឺមហារីកសុដន់។ តើធ្វើដូចម្តេចទើបអាចជៀសផុតពីជម្ងឺទាំងអស់នេះបាន? អ្នកអាចចេញពីកន្លែងអង្គុយឬទៅបន្ទប់ទឹករៀងរាល់មួយម៉ោងមួយដង អាចលប់មុខ លាងដៃឬញ៉ាំទឹកជាដើម និងផ្លាស់ប្តូរទម្លាប់អង្គុយដែលមិនល្អសម្រាប់អ្នក ឬអ្នកអាចធ្វើចលនាជើងដោយដើរពេលកំឡុងធ្វើការ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
វិធីថែទាំខ្លួនឯងនៅរដូវភ្លៀង ទាំងសុខភាពនិងការធ្វើដំណើរ