​តិចនិក ៦ ​យ៉ាង ជួយ​ឲ្យ​ស្រីៗកាត់​ចិត្ត​បាន​លឿន​​ពី​ស្នេហា​ដែល​ទើប​បាត់បង់​ថ្មីៗ

  • 2020-06-23 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បែក​បាក់​គ្នា​ជា​មួយ​មនុស្ស​ដែល​យើង​កំពុង​ស្រឡាញ់​មិន​មែន​ជា​រឿង​លេង​សើច​នោះ​ទេ។ វា​អាច​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​ឈឺ​ចុកចាប់​ខ្លាំង ជាពិសេស​សម្រាប់​ភាគី​ដែល​នៅ​ស្រឡាញ់​គេ​ខ្លាំង។ ជា​ធម្មតា ក្នុង​ទំនាក់​ទំនង​ស្នេហា​មួយ អ្នក​ដែល​នៅ​គឺ​ជា​ភាគី​ដែល​តែង​ទទួល​រង​នូវ​ការ​ឈឺចាប់​ខ្លាំង ​និង ​ក្នុង​រយៈ​ពេល​យូរ​ជាង​អ្នក​សម្រេច​ចិត្ត​ថា​ទៅ មិន​ថា​ជា​មូល​ហេតុ​អ្វី​ក៏​ដោយ ព្រោះ​ពួក​គេ​មិន​បាន​ត្រៀម​ចិត្ត​ទុក​ជា​មុន​ទាល់​តែ​សោះ។ ដូច្នេះ បើ​អ្នក​កំពុង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​ស្នេហ៍​មួយ​នេះ គប្បី​ដឹង​ពី​វិធីសាស្រ្ដ​ ៦ យ៉ាង ដើម្បី​ឲ្យ​កាត់​ចិត្ត​បាន​លឿន​ពី​ស្នេហា​ដែល​បញ្ចប់​ទៅ​ក្នុង​មួយ​ពព្រិច​ភ្នែក​នេះ៖

រូបតំណាង

**១. ឈប់​សួរ​រក​ហេតុផល៖** បើ​សុខៗ​គេ​ដើរ​ចេញ​ទៅ​ទាំង​គ្មាន​ហេតុផល​ច្បាស់លាស់​សូម្បី​បន្តិច នោះ​អ្នក​ប្រាកដ​ជា​នៅ​មិន​សុខ​ហើយ​ទាមទារ​សួរ​រក​ហេតុ​ផល​ពី​គេ​ជា​មិន​ខាន។ រឿង​ម៉្យាង​ដែល​អ្នក​គួរ​ដឹង​នោះ​គឺ អ្វី​គ្រប់​យ៉ាង​មិន​មែន​ជា​កំហុស​របស់​អ្នក​ឡើយ។ ការ​សម្រេច​ចិត្ត​របស់​គេ​ជា​អ្វី​ដែល​គេ​បាន​ត្រៀម​ទុក​យូរ​មក​ហើយ​។ ហេតុ​ដែល​គេ​មិន​ប្រាប់​ហេតុផល​មួយ​នោះ​ដល់​អ្នក​អាច​មក​ពី​វា​ជា​ហេតុផល​ដ៏​គ្មាន​ប្រយោជន៍​បំផុត ឬ គេ​មាន​ចិត្ត​ប្រែប្រួល​តែ​ម្ដង។ ដូច្នេះ​ហើយ ល្មម​ហើយ​ដែល​អ្នក​ឈប់​បន្ទោស​ខ្លួន​ឯង ឬ ចង់​ដឹង​ហេតុ​ផល​ពី​ការ​ចាកចេញ​របស់​គេ​ម្នាក់​នោះ។

២. ផ្ដាច់​ការ​ទាក់ទង៖ មិន​ថា ហ្វេសប៊ុក ឬ លេខ​ទូរសព្ទ​របស់​គេ យក​ល្អ​អ្នក​គួរ​លុប​ចោល​ឲ្យ​អស់​ ហើយ​ផ្ដាច់​ចោល​នូវ​រាល់​ការ​ទាក់ទង​គ្នា​តែ​ម្ដង ព្រោះ​វា​នាំ​ឲ្យ​អ្នក​នឹក​ដល់​គេ និង ឈឺ​ឥត​ល្ហែ​ជា​មិន​ខាន។

រូបតំណាង

៣. ទទួល​ស្គាល់​កំហុស​ឆ្គង៖ ដល់​ពេល​នេះ​ហើយ​ភាគី​ទាំង​សង​ខាង​ចាំ​បាច់​ចេះ​ទទួល​ស្គាល់​នូវ​កំហុស​រៀងៗ​ខ្លួន មិន​ទម្លាក់​កំហុស​ដាក់​គ្នា និង ព្យាយាម​បើក​ចិត្ត​ដើម្បី​ទទួល​យក​ការ​ពិត​មួយ​នេះ។ ជាក់​ស្ដែង​ វា​ពិត​ជា​ពិបាក​នឹង​ទទួល​យក​​តែ​មក​ដល់​ចំណុច​នេះ​ ម្នាក់ៗ​គួរ​​ចាត់​ទុក​ថា​អ្នក​ទាំង​ពីរ​អស់​និស្ស័យ​ត្រឹម​នេះ​ទៅ​ចុះ។

៤. យំ​បន្ធូរ​អារម្មណ៍៖ គ្មាន​អ្នក​ណា​ដែល​មិន​ពិបាក​ចិត្ត​នោះ​ទេ​ពេល​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។ ដូច្នេះ​មិន​បាច់​ខ្លាច​គេ​មើល​មក​ទន់​ជ្រាយ​ឡើយ! បើ​ចង់​យំ​ យំ​ឲ្យ​អស់​ចិត្ត​ទៅ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​។ តែ​ពេល​យំ​រួច​ហើយ ជូត​ទឹក​ភ្នែក​ចេញ​ឲ្យ​ស្អាត រួច​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​ និង ​រឹង​មាំ​បន្ត​ទៀត។

រូបតំណាង

៥. ពិភាក្សា​ជាមួយ​មនុស្ស​ជិត​ស្និទ្ធ៖ រក​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​បំផុត​ហើយ​និយាយ​ប្រាប់​ពួក​គេ​ឲ្យ​ធូរ​ចិត្ត​ទៅ មិន​ថា​ជា​ពួកម៉ាក បង​ប្អូន ឬ មិត្ត​រួម​ការងារ​ក្ដី។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​មិន​គួរ​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​នៅ​ម្នាក់​ឯង​​ឡើយ គឺ​ត្រូវ​​ស្វែង​រក​មនុស្ស​ជា​ទី​ស្រឡាញ់​ទាំង​នោះ​​ដើម្បី​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​ដល់​គេ​ និង យក​យោបល់​ល្អៗ​ពី​គេ​ផង​ដែរ។

៦. យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង៖ បើ​អ្នក​​ធ្លាប់​មាន​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ​អ្វី​មួយ​​ហើយ​មិន​ទាន់​បាន​សម្រេច នោះ​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ហើយ។ អ្នក​អាច​ប្រើ​ប្រាស់​វេលា​នេះ​ សម្រាប់​កសាង​និង​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ល្អ​ប្រសើរ និង សម្រេច​នូវ​ក្ដី​ស្រម៉ៃ​របស់​ខ្លួន។ លើស​ពី​នេះ ងើប​ពី​គេង តែង​ខ្លួន​ឲ្យ​ស្អាត​ៗ ញញឹម​ស្រស់​ស្រាយ​គ្រប់​ពេល។នៅ​ពេល​នោះ មិន​ខ្វះ​ឡើយ​បុរស​ល្អៗ​ដែល​ឈាន​ចូល​មក​ក្នុង​ជីវិត​អ្នក​ដោយ​ឯក​ឯង ហើយ​ពេល​នោះ​សង្សារ​ចាស់​របស់​អ្នក​អាច​នឹង​ត្រឡប់​មក​វិញ​ក៏​ថា​បាន៕ ​

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ ​៦ យ៉ាង មនុស្ស​ស្រី​ចាស់​ទុំ​តែង​ជៀសវាង​ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ

ប្រភព៖ justsimplysusan ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម