​៦ យ៉ាង មនុស្ស​ស្រី​ចាស់​ទុំ​តែង​ជៀសវាង​ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ

  • 2020-06-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ពី​ភាព​ចាស់​ទុំ​ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​កើតមកមាន​នោះ​ឡើយ​គឺ​វា​តម្រូវ​ឲ្យ​ម្នាក់ៗ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ផ្ទាល់​ពី​ការ​ឆ្លង​កាត់​រឿង​ជាច្រើន​នៅ​ក្នុង​ឆាក​ជីវិត។ ភាព​ចាស់​ទុំ​នឹង​មក​ដោយ​ឯក​ឯង​នៅ​ពេល​ដែល​អ្នក​ចេះ​គ្រប់​គ្រង​ស្ថានភាព​នានា​ដោយ​មិន​យក​អារម្មណ៍​មួយ​ឆាវ​មក​ដោះស្រាយ។ ដូច្នេះ តើ​មនុស្ស​ស្រី​ដែល​មាន​ភាព​ចាស់ទុំ​តែង​ដោះស្រាយ​បញ្ហា​ដោយ​របៀប​ណា? មក​ដឹង​ពី ៦ យ៉ាង​ដែល​ពួក​គេ​មិន​ដែល​ធ្វើ​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ​៖

រូបតំណាង

**១. ពួក​គេ​មិន​ដែល​បៀម​ទុក្ខ​យូរ​ឡើយ៖** មនុស្ស​ដែល​មាន​គំនិត​ចាស់​ទុំ​​តែង​បែង​ចែក​អារម្មណ៍​បាន​ច្បាស់លាស់ ព្រោះ​ពួក​គេ​ដឹង​ថា​វា​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ពេល។ ដូច្នេះ​ពួក​គេ​មិន​គិត​ច្រើន​ពេក​ពី​បញ្ហា​នោះ​ឡើយ គេ​តែង​គិត​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ។​

២. ពួក​គេ​មិន​ត្រូវ​ការ​ភាព​រីករាយ​គ្រប់​ពេល​ឡើយ៖ មនុស្ស​ស្រី​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​ច្រើន​ក្នុង​ជីវិត​មិន​ទាមទារ​ភាព​សប្បាយ​រីករាយ​គ្រប់​ពេល​នោះ​ទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា​គ្មាន​អ្វី​ទៀងទាត់​ឡើយ​នៅ​ក្នុង​ឆាក​ជីវិត។ ជា​ការ​ពិត ថ្ងៃ​ខ្លះ​អ្នក​សប្បាយ​​រីករាយ​ខ្លាំង ថ្ងៃ​ខ្លះ​ទៀត​អ្នក​នឹង​ជួប​ទុក្ខ​លំបាក ហើយ​​ទាំង​នេះ​សុទ្ធ​សឹង​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប។

រូបតំណាង

៣. ពួក​គេ​មិន​បិទ​បាំង​អារម្មណ៍​ពិត​ខ្លួន​ឯង​ឡើយ៖ នៅ​ពេល​ដែល​នារី​មាន​ការ​គិត​ទូលំទូលាយ នាង​នឹង​បង្ហាញ​ចេញ​នូវ​អារម្មណ៍​ពិត​របស់​ខ្លួន​គ្រប់​ពេល មិន​ថា​ក្នុង​ស្ថានភាព​បែប​ណា​ឡើយ។ បន្ថែម​ពី​នេះ ​នាង​ក៏​មិន​ចេះ​លាក់​អារម្មណ៍​ពិត​របស់​ខ្លួន​ដែរ ព្រោះ​នាង​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​​គឺ​ហាក់​បី​ដូច​ជា​ការ​ក្បត់​នឹង​សតិ​ខ្លួន​ឯង។ ​​

៤. ពួក​គេ​មិន​ខ្លាច​រអា​នឹង​ភាព​បរាជ័យ និង កំហុស​ឆ្គង៖ មនុស្ស​មួយ​ចំនួន​ធំ​ច្រើន​មិន​អាច​ទទួល​ស្គាល់​នូវ​កំហុស​ ក៏​ដូច​ជា​បរាជ័យ​របស់​ខ្លួន​ផ្ទាល់។ តែ​ចំពោះ​មនុស្ស​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ ពួក​គេ​តែង​យក​កំហុស​និង​បរាជ័យ​ជា​មេរៀន​ជីវិត​សម្រាប់​ថ្ងៃ​មុខ ព្រោះ​ពួក​គេ​គិត​ថា​ភាព​ជោគជ័យ​ពិត​ប្រាកដ​នឹង​លេច​ចេញ​ជា​បណ្ដើរ​ដរាប​ណា​គេ​ចេះ​ទទួល​ស្គាល់​នូវ​ភាព​ខ្វះ​ខាត​របស់​ខ្លួន។ ​

រូបតំណាង

៥. ពួក​គេ​មិន​សូវ​ឆ្លើយ​តប​នូវ​គ្រប់​រឿង​រ៉ាវ​ដែល​កើត​ឡើង​នោះ​ទេ៖ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​ភាព​ចាស់ទុំ អ្នក​ប្រាកដ​ជា​ដឹង​ថា​​មាន​រឿង​ខ្លះ​មិន​ត្រូវ​ការ​ការ​ឆ្លើយ​តប​អ្វី​ទាំង​អស់​។ ជាពិសេស​ នៅ​ពេល​មាន​នរណា​ម្នាក់ ឬ​ មាន​រឿង​អ្វី​មួយ​ដែល​មិន​សម​បំណង គំនិត​ចាស់​ទុំ​របស់​អ្នក​ច្បាស់​ជា​បង្ហាត់​ឲ្យ​អ្នក​រៀន​សង្កេត​ពី​ចម្ងាយ​ដោយ​មិន​បាច់​មាន​ការ​ឆ្លើយ​តប​ ឬ បញ្ចេញ​នូវ​សកម្មភាព​អ្វី​ទាល់​តែ​សោះ។ ​

៦. ពួក​គេ​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​៖ អារម្មណ៍​មិន​មែន​ជា​រឿង​​អាក្រក់​ទាំង​អស់​ឡើយ។ ពេល​ខ្លះ​វា​បង្រៀន​ឲ្យ​អ្នក​ស្គាល់​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន​ ហើយ​ធ្វើ​ឲ្យ​អ្នក​ចេះ​គ្រប់​គ្រង​ស្ថានភាព​ព​បាន​ល្អ​ជាង​មុន។ យ៉ាង​ណា​មិញ វា​តម្រូវ​ឲ្យ​អ្នក​ចេះ​ប្រើ​ប្រាស់​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​កាលៈទេសៈ មិន​មែន​ចេះ​តែ​បញ្ចេញ​វា​ផ្ដេសផ្ដាស​នោះ​ឡើយ៕ ​​​​

រូបតំណាង

ចុចអានបន្ត៖ កុំ​ធ្វេស​ប្រហែស! មក​ដឹង​ ៦ សញ្ញា​បង្ហាញ​ថា​រាងកាយ​​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ខ្លាំង

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម