កុំ​ធ្វេស​ប្រហែស! មក​ដឹង​ ៦ សញ្ញា​បង្ហាញ​ថា​រាងកាយ​​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ខ្លាំង

  • 2020-06-17 09:50:00
  • ចំនួនមតិ 30 | ចំនួនចែករំលែក 1391

​កង្វះ​ខាត​ជាតិ​កាល់ស្យូម​ ច្រើន​កើត​ឡើង​នៅ​ពេល​រាង​កាយ​មិន​ទទួល​បាន​ជាតិ​វីតាមីន D គ្រប់​គ្រាន់។ ជា​ទូទៅ រាល់​ពេល​រាង​កាយ​ខ្វះខាត​នូវ​សារធាតុ​ចិញ្ចឹម ឬ ប្រភេទ​វីតាមីន​ណា​មួយ វា​នឹង​បង្ហាញ​ប្រាប់​អ្នក​យ៉ាង​ច្បាស់​តាម​រយៈ​អាការៈ​ក្នុង​ខ្លួន ឬ នៅ​លើ​រាង​កាយ​ជា​ដើម។ នៅ​ពេល​ដែល​អ្នក​បាន​ស្វែង​យល់​ថា​រាងកាយ​កំពុង​ខ្វះ​នូវ​សារជាតិ​ណាមួយ​រួច ​ជា​ការ​ល្អ​អ្នក​គប្បី​ប្រញាប់​បំពេញ​វា​ភ្លាម កុំ​ទុក​យូរ ជៀសវាង​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ តួយ៉ាង​ដូច​សញ្ញា​ទាំង ៦ ខាង​ក្រោម​ដែល​បង្ហាញ​ពី​កង្វះ​ខាត​ជាតិ​កាល់​ស្យូម​នៅ​ក្នុង​រាង​កាយ៖

រូបតំណាង

១. ស្បែក​ស្ងួត និង សក់​ស្ដើង៖ បើ​រាង​កាយ​របស់​អ្នក​កំពុង​ទទួល​រង​នូវ​កង្វះ​ខាត​ជាតិ​កាល់ស្យូម​រយៈពេល​យូរ វា​នឹង​បណ្ដាល​ឲ្យ​ស្បែក​របស់​អ្នក​មាន​សភាព​ស្ងួត និង​ប្រេះ​ក្រហែង រីឯ​សក់​ជ្រុះ​ជា​លំដាប់។ គួរ​បញ្ជាក់​ថា ជាតិ​កាល់ស្យូម​ជា​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​បំពេញ​ដំណើរ​ការ​កោសិកា​ក្នុង​រាង​កាយ។ កាល​ណា​រាង​កាយ​ខ្វះ​កាល់ស្យូម វា​នឹង​អាច​ផ្ដល់​នូវ​ប៉ះពាល់​ដល់​ស្បែក និង សក់​យ៉ាង​ធ្ងន់ធ្ងរ។

២. អស់​កម្លាំង៖ បើ​អ្នក​ឧស្សាហ៍​ជួប​ប្រទះ​បញ្ហា​ហត់នឿយ ល្ហិតល្ហៃ ឬ តែង​ងងុយ​គេង​ នោះ​វា​ស​បញ្ជាក់​ថា​អ្នក​កំពុង​ខ្វះ​កាល់ស្យូម​ហើយ​​ ដូចនេះ​គប្បី​ចាប់​ផ្ដើម​បំពេញ​វា​​វិញ ជៀសវាង​រាងកាយ​កាន់​តែ​ចុះ​អន់​ខ្សោយ។

រូបតំណាង

៣. ឈឺ​ចុកចាប់​សាច់ដុំ៖ ផល​ប៉ះ​ពាល់​មួយ​ទៀត​ដែល​បណ្ដាល​មក​ពី​កង្វះ​ខាត​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ គឺ​ការ​ឈឺ​ចុកចាប់​ផ្នែក​​សាច់​ដុំ ជាពិសេស​ត្រង់​បរិវេណ​ម្រាម​ដៃ មាត់ និង ជើង។

៤. កម្រិត​វីតាមីន D ទាប៖ ដូច​ដែល​ដឹង​ស្រាប់​មក​ហើយ វីតាមីន​ D មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចាប់​យក​នូវ​ជាតិ​កាល់ស្យូម​សម្រាប់​រាង​កាយ។ ដូច្នេះ បើ​អ្នក​គិត​ថា​ខ្លួន​កំពុង​មាន​កម្រិត​ជាតិ​វីតាមីន D ទាប នោះ​អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​ដូច​គ្នា។

រូបតំណាង

៥. ភាន់ភាំង៖ ការ​ភ្លេច​ភ្លាំង ភាន់​ប្រឡំ​ និង ការ​បាក់​ទឹក​ចិត្ត​ សុទ្ធ​តែ​ជា​ផល​ប៉ះពាល់​ដែល​អាច​បណ្ដាល​មក​ពី​កត្តា​កង្វះ​ខាត​ជាតិ​កាល់ស្យូម ព្រោះ​បើ​អ្នក​មាន​ការ​ធ្វេស​ប្រហែស មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​វា​ក្នុង​រយៈ​ពេល​យូរ វា​នឹង​អាច​ជះ​ឥទ្ធិពល​មក​កាន់​​ខួរក្បាល និង ស្មារតី។

៦. បញ្ហា​ខ្សោយ​ឆ្អឹង៖ កង្វះ​ខាត​ជាតិ​កាល់ស្យូម​ងាយ​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​ជា​ទី​បំផុត។ ក្នុង​រយៈ​ពេល​យូរ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ឆ្អឹង​ផុយ​ស្រួយ ឬ ឆ្អឹង​ស្ពោត​ជាដើម។

គួរ​ឲ្យ​ដឹង​ថា​ អ្នក​អាច​បំពេញ​ជាតិ​កាល់ស្យូម​តាម​រយៈ​ការ​បរិភោគ​នូវ​អាហារ​ដូច​ជា ផ្កា​ខាត់​ណា​ខៀវ ផ្លែ​ក្រូច បន្លែ​បៃ​តង គ្រាប់​អាល់ម៊ុន ទឹក​ដោះ​គោ និង​យ៉ាអួ​ជាដើម៕

រូបតំណាង

ចុចអានបន្ត៖ ងាយៗ! ៤ ក្បាច់​ហាត់​នៅ​ផ្ទះ​ ជួយ​ឲ្យ​ជើង​តូចស្រឡូន ​សម្រាប់​អ្នក​មាន​ភ្លៅ​ធំ

ប្រភព៖ womenworking ប្រែ​សម្រួល៖ Siyou Tang