៨ សញ្ញាបង្ហាញថាអ្នកជាមនុស្សស្រីដែលរឹងមាំខ្លាំង ខុសពីនារីដទៃទៀត
- 2020-06-10 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ សញ្ញាបង្ហាញថាអ្នកជាមនុស្សស្រីដែលរឹងមាំខ្លាំង ខុសពីនារីដទៃទៀត
តើមើលយ៉ាងណាទើបដឹងថាមនុស្សម្នាក់ជានារីដែលមានភាពរឹងមាំ ក្លាហាន និង ឯករាជ្យ ខុសពីអ្នកដទៃ? អ្នកខ្លះប្រហែលជាយល់ថានារីដែលរឹងមាំជានារីដែលមិនចេះយំ ហើយរឹងមាំអាចប្រឈមអ្វីៗគ្រប់បែបយ៉ាង។ អ្នកខ្លះទៀតប្រហែលជាយល់ថានាងជានារីដែលគ្មានភាណភ័យខ្លាច មិនចេះបារម្ភ ឬ ខ្វល់ខ្វាយច្រើនដូចគេនោះទេ។ តើចម្លើយពិតគឺបែបណាវិញ? ដូច្នេះ សញ្ញាទាំង ៨ ខាងក្រោមនេះសុទ្ធសឹងជាសញ្ញាបង្ហាញពីភាពរឹងមាំ និង ឯករាជ្យរបស់មនុស្សស្រី៖
**១. នាងមិនត្រូវការការយល់ស្របពីអ្នកដទៃ៖** មិនថារឿងតូចធំបែបណា នាងតែងសម្រេចចិត្តដោយខ្លួនឯង ប្រសិនបើនាងយល់ថាវាជារឿងត្រឹមត្រូវនិងធ្វើឲ្យនាងសប្បាយចិត្ត។ ពេលខ្លះសូម្បីតែអ្នកជិតស្និទ្ធក៏នាងមិនបានសួរនាំសុំយោបល់ពីគេដែរ ព្រោះនាងតែងមានភាពច្បាស់លាស់នូវជម្រើស និង ការសម្រេចចិត្តរបស់ខ្លួន។
២. នាងត្រូវការការគោរពជាងចំណាប់អារម្មណ៍៖ ជាមនុស្សស្រីឯករាជ្យម្នាក់ នាងមិនដែលចង់បាននូវការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ឬ ខ្សែភ្នែករាប់គូរបស់គេនោះទេ។ អ្វីដែលនាងប្រាថ្នាចង់បានពីមនុស្សជុំវិញខ្លួនគឺការគោរព ការឲ្យតម្លៃ និង ផ្ដល់សេរីភាពឲ្យនាងតែ១មុខគត់។
៣. នាងយកការឈឺចាប់ទុកជាមេរៀន៖ ផ្ទុយពីការយំឱបទុក្ខ មនុស្សស្រីរឹងមាំតែងមើលឃើញវាជាមេរៀនជីវិត ដើម្បីជម្រុញនាងឲ្យដើរទៅមុខបន្ត។ នាងមិនដែលរាថយពេលជួបឧបសគ្គនៅកណ្ដាលទីឡើយ ហើយតែងយកវាធ្វើជាស្ពានដើម្បីឆ្លងទៅកន្លែងដែលនាងប្រាថ្នាចង់ទៅពិតប្រាកដ។
៤. នាងតែងផ្ដល់ភាពរីករាយដល់គេឯង៖ នារីរឹងមាំមិនប្រាកដថាមានចរិតម៉ឺងម៉ាត់គ្រប់ពេលនោះទេ។ នាងបែកចែកច្បាស់លាស់ពេលណាត្រូវម៉ឺងម៉ាត់ច្បាស់លាស់ និង ពេលណាត្រូវលេងសើចសប្បាយ។ លើសពីនេះទៀត ពេលនៅជាមួយនាង អ្នកនឹងមានអារម្មណ៍ថានាងមានគំនិតចាស់ទុំច្រើន និង ចេះជួយយកអាសាគេឯងពេលជួបបញ្ហា ព្រោះនាងធ្លាប់បានឆ្លងកាត់វារួចមកហើយ។
៥. នាងមិនដែលប្រៀបធៀបខ្លួនឯងទៅនឹងនារីដទៃ៖ នារីរឹងមាំម្នាក់មិនដែលយកភាពជោគជ័យរបស់អ្នកដទៃមកប្រៀបធៀបនឹងជំហានរបស់ខ្លួននោះទេ។ នាងរឹតតែមិនយកបរាជ័យរបស់អ្នកដទៃមកធ្វើជាអាវុធដើម្បីយកឈ្នះគេឡើយ។ ដូច្នេះ មិនថារឿងគ្រួសារ ការងារ ឬ រូបសម្បត្តិឡើយ គឺនាងតែងប្រឹងប្រែងធ្វើអ្វីដែលជាខ្លួនឯង និង គ្មានចិត្តទៅប្រៀបធៀបជាមួយអ្នកណាម្នាក់ឡើយ។
៦. នាងមិនមែនជាមនុស្សយន្តគ្មានបេះដូងទេ៖ អ្នកខ្លះយល់ថាមនុស្សរឹងមាំមិនចេះយំ មិនចេះឈឺចាប់ទេ។ ជាក់ស្ដែងការគិតបែបនេះគឺខុសទាំងស្រុង។ មនុស្សម្នាក់ទោះជារឹងមាំ និងក្លាហានយ៉ាងណាក៏នៅតែមានបេះដូង ចេះយំ ចេះឈឺចាប់ ពេលជួបទុក្ខម្ដងៗ។ តែគ្រាន់ខុសគ្នាត្រង់ នាងមិនឲ្យឧបសគ្គឬទុក្ខទាំងនោះក្លាយជារនាំងឃាំងឃាត់នាងឲ្យនៅមួយកន្លែងនោះទេ។
៧. នាងមិនចេះគុំកួន៖ លក្ខណៈសម្បត្តិមួយទៀតរបស់ពួកគេគឺមិនចេះគុំកួន ឬ ព្យាយាមសងសឹកអ្នកដទៃឡើយ។ បើនាងសម្រេចថាឈប់គិតឈប់ខ្វល់រឿងនោះហើយ នាងច្បាស់ជាលែងវាទៅឲ្យឆ្ងាយហើយមិនគុំកួនអ្នកណាឡើយ។
៨. នាងមានភាពស្មោះត្រង់៖ មនុស្សស្រីក្លាហាន និងរឹងមាំច្រើនមិនចេះកុហកយករួចខ្លួននោះទេ។ នាងសុខចិត្តបង្ហាញប្រាប់ពីការពិតជៀសវាងរកលេសដោះសាច្រើននោះទេ។ បើក្នុងទំនាក់ទំនងស្នេហា ឬ មិត្តភាពវិញ នាងចូលចិត្តនិយាយត្រង់ៗរហូតដល់ពេលខ្លះអាចប៉ះពាល់អារម្មណ៍អ្នកក៏ថាបាន ដូច្នេះអ្នកមិនបាច់បារម្ភថានាងចេះភូតភរកុហកអ្វីឡើយ៕
ចុចអានបន្ត៖
ងាយៗ! វិធីធ្វើម៉ាសត្រសក់កិនបែបធម្មជាតិ ធ្វើឲ្យមុខស មានសំណើម និងបំបាត់ស្នាម
ឈានចូលខ្ទង់៣០ ស្រីៗគួរឲ្យតម្លៃលើរឿង ៥ នេះជាងរឿងដទៃទៀត