ឈានចូលខ្ទង់៣០ ស្រីៗគួរឲ្យតម្លៃលើរឿង ៥ នេះជាងរឿងដទៃទៀត
- 2020-06-09 05:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈានចូលខ្ទង់៣០ ស្រីៗគួរឲ្យតម្លៃលើរឿង ៥ នេះជាងរឿងដទៃទៀត
មនុស្សម្នាក់ៗសុទ្ធតែមិនចង់ចាស់លឿននោះទេ ព្រោះថាអាយុកាន់តែច្រើន បន្ទុកដែលត្រូវរ៉ាប់រងគឺកាន់តែច្រើនដូចគ្នា។ ជាពិសេស សម្រាប់មនុស្សស្រី ពួកគេត្រូវបាត់បង់សម្រស់ដ៏ផូរផង់បន្តិចម្ដងៗ ព្រមទាំងរវល់ទាំងយប់ថ្ងៃនឹងរឿងចិញ្ចឹមថែរក្សាកូនៗជាទីស្រឡាញ់ទៀតផង។ រីឯនារីដែលមិនទាន់បានរៀបការ ក្នុងវ័យនេះ ពួកគេកំពុងតែមមាញឹកខ្លាំងនូវការឈោងចាប់ក្ដីស្រមៃរបស់ខ្លួនទាំងក្នុងការប្រកបអាជីវកម្ម ឬ បំពេញការងារតាមមុខនាទីនានា។ ដូច្នេះ ពេលឈានចូលវ័យ៣០ នារីគួរចាប់ផ្ដើមរៀបចំរឿងរ៉ាវសំខាន់ៗ ៥ ដែលគួរយកចិត្តទុកដាក់ជាងគេនៅក្នុងជីវិត៖
**១. ការថែទាំខ្លួន៖** ការស្រឡាញ់ខ្លួនឯងគឺជារឿងសំខាន់ ព្រោះទោះអាយុកាន់ឡើងបន្តិចតែអ្នកនៅតែចេះថែទាំ និង រៀបចំខ្លួនបានស្អាតបាតជានិច្ចដូចកាលនៅខ្ទង់ ២០ ដដែល។ ការថែទាំខ្លួនអាចរួមមាន ការថែរក្សាស្បែក ការគេងឲ្យគ្រប់គ្រាន់ ការស្លៀកពាក់ស្អាតៗ ក៏ដូចជាផ្លាស់ប្ដូរស្ទីលតែងខ្លួនជាដើម។
២. គ្រួសារ៖ ដូចដែលគ្រប់គ្នាបានដឹងស្រាប់មកហើយ គ្រួសារគឺជារឿងដែលសំខាន់នៅក្នុងជីវិតមនុស្សគ្រប់រូប ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅគ្រប់កាលៈទេសៈ។ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់ និង ចំណាយពេលវេលាជាមួយសមាជិកគ្រួសារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសជាមួយឪពុកម្ដាយ ស្វាមី ឬ កូនៗជាដើម។
៣. សុខភាព៖ ចំណែកឯរឿងសុខភាពក៏មិនគួរធ្វេសប្រហែសដែរ។ មិនចាំបាច់តែដល់វ័យ ៣០នោះទេគឺអ្នកត្រូវថែរក្សាសុខភាពតាំងពីក្មេងកាន់តែប្រសើរ។ មិនថាអ្នករវល់នឹងការងារ មុខរបរ ឬ តួនាទីខ្លួនយ៉ាងណាក៏ដោយ គប្បីយកសុខភាពជាធំ ព្រោះថាពេលឈឺម្ដងៗខាតទាំងពេលវេលា និងលុយកាក់។ ដូច្នេះ ព្យាយាមយកចិត្តទុកដាក់លើការហូបចុក របបអាហារ ការគេង និង ការហាត់ប្រាណដើម្បីសុខភាព និង សម្រស់ផងដែរ។
៤. ការសន្សំប្រាក់៖ ការចេះសន្សំ និង ទុកដាក់លុយកាក់ជារឿងងាយនិយាយតែពិបាកនឹងធ្វើ។ យ៉ាងណាមិញ ពេលអ្នកឈានចូលវ័យ៣០ នោះ តម្រូវការកាន់តែច្រើន បន្ទុកកាន់តែច្រើន ដូច្នេះវាទាមទារឲ្យអ្នកមានភាពនឹងន និង រឹងប៉ឹងទើបអាចសម្រេចនូវកិច្ចការមួយនេះបាន។ ម្យ៉ាងវិញទៀត ការសន្សំប្រាក់អាចជួយបំពេញនូវក្ដីប្រាថ្នា និង តម្រូវការអ្នក និង គ្រួសារអ្នកជាប្រចាំ។
៥. ការបណ្ដុះឆន្ទៈ៖ បើអ្នកមិនទាន់បានធ្វើអ្វីដែលអ្នកស្រឡាញ់កាលពីខ្ទង់ ២០ អ្នកគួរចាប់ផ្ដើមបណ្ដុះឆន្ទៈ និង ឈោងចាប់ក្ដីស្រមៃរបស់ខ្លួនហើយ។ មួយឆ្នាំៗគឺមានរយៈពេលលឿនខ្លាំងណាស់ ដូច្នេះ គួរចំណាយពេលឲ្យមានតម្លៃបំផុតសម្រាប់ខ្លួនឯង ជាពិសេសត្រូវរៀនសាកល្បងអ្វីដែលថ្មី ហើយមានប្រយោជន៍សម្រាប់អនាគតរបស់ខ្លួន ព្រមទាំងត្រូវតាមចិត្ត និង បេះដូងរបស់ខ្លួនផ្ទាល់៕
ចុចអានបន្ត៖
គន្លឹះសម្ងាត់ ៣ យ៉ាងក្នុងការញ៉ាំពេលយប់កុំឲ្យឡើងគីឡូ ស្រីៗគួរដឹង!
ស្ទីលស្លៀកពាក់ Cute Cute សម្រាប់ថតរូប ពេលទៅដើរលេងជាមួយពួកម៉ាក