តិចនិកខ្លីៗ ជួយឱ្យអ្នកឆាប់គេងលក់ស្កប់ស្កល់

  • 2020-05-29 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​មិន​បាន​គេង​លក់​ស្កប់ស្កល់​តែង​ឆាប់​ខឹង​មួម៉ៅ​ ពិបាក​អត់ធ្មត់ មាន​អារម្មណ៍​មិន​ភ្លឺ​ស្វាង​ស្រស់​ថ្លា​និង​​បាត់បង់​ភាព​រឹង​មាំ។ មូលហេតុ​ទាំង​នេះ​អាច​បណ្តាល​មក​ពី​ការ​លេប​ថ្នាំ ឬ​ការ​គិត​ច្រើន និង​​ភាព​តាន​តឹង​ធុញថប់​ជា​ដើម​។ សូម្បី​តែ​ទម្លាប់​​រស់នៅ​និង​ការ​ហូប​ចុក​មិន​ល្អ ក៏​អាច​បង្ក​ទៅ​ជា​បញ្ហា​បែប​នេះ​ដែរ។ ខាង​ក្រោម​នេះ​ ជា​តិចនិក​ខ្លីៗ អាច​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់ លែង​បញ្ឈរ​ភ្នែក​ឬ​រសាប់រសល់​ច្រើន​ដូច​មុន​ទៀត។

​តិចនិក ១០​វិនាទី ដើម្បី​គេង​លក់

បិទ​ភ្នែក​របស់​អ្នក ដោយ​ពុំ​ចាំ​បាច់​ប្រឹង និង​ព្យាយាម​បន្ធូរ​ភាព​តាន​តឹង​លើ​ផ្ទៃ​មុខ​​ជា​មុន ហើយ​ត្រូវ​ដក​ដង្ហើម​ចេញ​ចូល​យឺត​ៗ​និង​វែង​ៗ។

  • បន្ធូរ​ផ្នែក​ស្មា និង​ដៃ ដោយ​​ទម្លាក់​ឲ្យ​​ស្រប​នឹង​ដង​ខ្លួន ហើយ​លា​ត្រដាង​ឲ្យ​ធូរ​ស្រាល។

  • បន្ធូរ​​ផ្នែក​ទ្រូង​ដោយ​ការ​ដក​ដង្ហើម​ឱ្យ​បាន​វែង​និង​យឺតៗ។

  • បន្ធូរ​ផ្នែក​ជើង ត្រគាក​និង​ប្រអប់​ជើង ដោយ​ចាប់​ផ្តើម​ពី​ផ្នែក​​ជើង​ខាង​​ស្តាំ​មុន​គេ​។

  • ក្នុង​រយៈ​ពេល​១០ វិនាទី អ្នក​នឹង​​ងងុយ​គេង​មិន​ខាន។

​​​តិចនិក ៦០វិនាទី ដោយ​ប្រើ​វិធី ៤-៧-៨

វិធី​នេះ​បាន​បង្កើត​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត ​Andrew Weil សម្រាប់​​គ្រប់គ្រង​ផ្លូវ​ដង្ហើម។ បើ​អ្នក​អាច​អនុវត្ត​បាន​រាល់​ថ្ងៃ អ្នក​នឹង​​មាន​អារម្មណ៍​ធូរ​ស្បើយ​​អាច​គេង​លក់​ឆាប់​រហ័ស។

  • ជំហាន​ដំបូង ត្រូវ​ដក​ដង្ហើម​ចេញ ឬ​បញ្ចេញ​តាម​មាត់​ក៏​បាន​។

  • ជំហាន​បន្ទាប់ ត្រូវ​បិទ​មាត់​និង​​បង្ហើប​តិច​ៗ​ នៅ​ពេល​ត្រូវ​ដក​ដង្ហើម​​បញ្ចេញ​តាម​មាត់​មក​វិញ​ ឲ្យ​បាន​៤​ដង។

  • បន្ទាប់​មក​ទៀត ត្រូវ​ទប់​ដង្ហើម​បន្តិច​សិន​ រាប់​ឲ្យ​គ្រប់​៧​ដង ចាំ​ដក​ធម្មតា​វិញ​។

ចុង​ក្រោយ​បង្អស់ ត្រូវ​ដក​ដង្ហើម​ឲ្យ​ខ្លាំងៗ​ ដោយ​​បញ្ចេញ​សំឡេង​មក​ជាមួយ ហើយ​រាប់​ឱ្យ​គ្រប់​ ៨​​ដង សឹម​ឈប់​។

​​តិចនិក ៦០វិនាទី ដោយ​ប្រើ​វិធី​សម្រួល​សាច់ដុំ

សម្រាប់​វិធី​នេះ​បាន​បង្កើត​ដោយ​លោក Edmund Jacobson តាំង​ពី​ឆ្នាំ​១៩៣០​មក​ម្ល៉េះ ព្រោះ​គាត់​ជឿជាក់​ថា ការ​សម្រួល​សាច់ដុំ​ អាច​ជួយ​​ដល់​​ដំណេក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

  • ដាក់​ដៃ​ឱ្យ​ត្រង់​ (ធ្វើ​ដូច​ជា​ពេល​ពត់​ខ្លួន) រយៈ​ពេល ៥​វិនាទី បន្ទាប់​​មក​ត្រូវ​សម្រាក​រយៈ​ពេល ១០​វិនាទី។

  • សម្រួល​​ផ្នែក​ថ្ងាស ដោយ​មិន​គិត​ច្រើន​ជ្រួញ​ចិញ្ចើម​។

  • សម្រួល​ភ្នែក​និង​ថ្ពាល់។

  • សម្រួល​សាច់​ដុំ​​មាត់ ថ្គាម​។

  • ​សម្រួល​ផ្នែក​ក ឱ្យ​បាន​ធូរ​ស្រាល​ដោយ​មិន​បាច់​ប្រឹង​។

​តិចនិក ១២០វិនាទី ដោយ​ការ​សំងំ

នេះ​ជា​វិធី​មួយ ដែល​ជួយ​​ការពារ​អ្នក​មិន​ឱ្យ​គិត​រវើរវាយ​ច្រើន​។ ទោះ​​បី​គេង​មិន​លក់​ក៏​ដោយ ត្រូវ​​តាំង​ចិត្ត​​សំ​ងំ​​ស្ងៀម​ ហើយ​គិត​ថា​អ្នក​នឹង​គេង​លក់​ឆាប់​ៗ។

​​តិចនិក ១២០វិនាទី ដោយ​គិត​ដល់​កន្លែង​ស្ងប់ស្ងាត់​​

មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​គេង​មិន​លក់ គឺ​ដោយសារ​តែ​អ្នក​តាន​តឹង​ធុញ​ថប់​​ខ្លាំង​ពេក ដូច្នោះ​ហើយ​ អ្នក​គួរ​តែ​គិត​ដល់​រូបភាព​ល្អ​ៗ កន្លែង​ស្ងប់ស្ងាត់ បង្កើន​សន្តិភាព​ផ្លូវ​ចិត្ត ដើម្បី​ឲ្យ​ឆាប់​គេង​លក់​។

​​តិចនិក ១២០វិនាទី ដោយ​ការ​បន្ថយ​កម្តៅ​ក្នុង​រាង​កាយ​​​

អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា​ មេឡាតូនីន មាន​តួនាទី​សំខាន់​ក្នុង​ការ​​បន្ថយ​កម្តៅ​ក្នុង​រាង​កាយ​ នៅ​ពេល​ដែល​អ្នក​គេង។ ប្រសិន​បើ​​រាង​កាយ​ឡើង​កម្តៅ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​ខ្លាំង​ណាស់​។ ដំណោះ​ស្រាយ រួមមាន ការ​បើក​បង្អួច ស្លៀកសម្លៀក​បំពាក់​រលុង​ស្រួល​ខ្លួន និង​ផឹក​ទឹក​ត្រជាក់​១​កែវ មុន​ពេល​ចូល​គេង។

​ជំងឺ​គេង​មិន​លក់​ អាច​បង្ក​ទៅ​ជា​បញ្ហា​ធំ​ៗ​ដូច​ជា កើត​ជំងឺ​ទឹក​នោម​ផ្អែម ឡើង​សម្ពាធ​ឈាម និង​ការ​ឈឺ​ចុក​ចាប់​ផ្សេងៗ។ ក្រៅ​ពី​វិធី​​រៀប​រាប់​ខាង​លើ នៅ​មាន​វិធី​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត ក៏​អាច​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ផង​ដែរ។

  • កុំ​ចុច​ទូរសព្ទ កុំព្យូទ័រ មើល​ទូរទស្សន៍ ក្នុង​រយៈ​ពេល​៣០​នាទី មុន​ចូល​គេង។

  • បន្ទប់​គួរ​តែ​ងងឹត​ គ្មាន​ពន្លឺ​ចាំង​ចូល​រញ៉េរញ៉ៃ ទើប​ខួរ​ក្បាល​អាច​នៅ​ស្ងៀម​មិន​ពិបាក​គេង។

  • ក្នុង​បន្ទប់​ត្រូវ​មាន​សីតុណ្ហភាព​ត្រជាក់ មិន​ក្តៅ​ហប់​ស្អុះ​ស្អាប់។

  • គួរ​អាន​សៀវភៅ​មុន​ពេល​ចូលគេង។

  • ត្រូវ​ជៀសវាង​កុំ​គេង​ក្នុង​អំឡុង​ពេល​ថ្ងៃ ឬ​គេង​លើស​ពី ២០-២៥​នាទី​។

  • ត្រូវ​ចូល​គេង​និង​ភ្ញាក់​ឡើង​​ឲ្យ​ទៀង​ពេលវេលា។

សង្ឃឹម​ថា​វិធី​ខាង​លើ អាច​ជួយ​ប្រិយមិត្ត​ទាំង​អស់​គ្នា មាន​អារម្មណ៍​​ធូរ​ស្រាល និង​ជៀស​ឆ្ងាយ​ពី​បញ្ហា​គេង​មិន​លក់៕

ចុចអានបន្ត៖ អាហារពេលព្រឹក ១០ មុខ សម្រាប់អ្នកចង់បានរាងស្អាត និងមិនសូវមានពេលច្រើន

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម