សម្រាប់ខ្ញុំ គ្មានស្នេហាក៏គ្មានបញ្ហា! គ្រាន់តែពេលខ្លះធុញនឹងរឿង១០ នេះ
- 2020-05-26 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់ខ្ញុំ គ្មានស្នេហាក៏គ្មានបញ្ហា! គ្រាន់តែពេលខ្លះធុញនឹងរឿង១០ នេះ
នៅម្នាក់ឯងមានអ្វីមិនល្អ! នេះជាពាក្យដែលខ្ញុំតែងប្រាប់ខ្លួនឯងរាល់ពេលដែលអផ្សុក ឬ ធុញទ្រាន់នឹងជីវិត Single មួយនេះ។ ថ្វីដ្បិតតែខ្ញុំគ្មានគូនឹងគេ ក៏ប៉ុន្តែវាមិនបានន័យថាខ្ញុំត្រូវពិបាកចិត្ត ឬ ឯកានោះទេ។ បើសង្កេតមើលឲ្យច្បាស់ទៅ ជីវិតនៅម្នាក់ឯងសព្វថ្ងៃដូចខ្ញុំនេះបានផ្ដល់នូវសេរីភាព និង ភាពរីករាយគ្រប់គ្រាន់ហើយដល់ខ្ញុំ។ ទោះជាខ្ញុំពេញចិត្តនឹងជីវិតឯករាជ្យមួយនេះ តែមានពេលខ្លះមានអារម្មណ៍រាងធុញទ្រាន់ដែរ ព្រោះតែហេតុផលទាំង១០នេះ៖
**១. គ្មានមនុស្សដែលកំដរជាប្រចាំ៖** ពេលមានរឿងក្នុងចិត្ត តែមិនដឹងគួរចែករំលែកទៅអ្នកណាព្រោះគ្មានដៃគូម្នាក់ដែលនៅចាំស្ដាប់ដូចគេ។ ចង់ប្រាប់ទៅមិត្តភ័ក្ដិតែគេសុទ្ធតែរវល់នឹងកិច្ចការក្នុងជីវិតគេដូចគ្នា ដូច្នេះមិនចង់រំខានគេ។
២. ខ្វាយខ្វល់ពីទស្សនៈអ្នកដទៃ៖ នៅពេលដែលមនុស្សជុំវិញខ្លួនសុទ្ធតែមានគូ ហើយអត់មានតែខ្ញុំម្នាក់ អ្នកផ្សេងមិនដឹងជាគិតថាខ្ញុំជាមនុស្សបែបណាទើបបានជាគ្មានគូនឹងគេ។ ពេលខ្លះមិនចង់គិតពីគេទេ តែឃាត់ចិត្តខ្លួនឯងមិនបាន។
៣. ពួកម៉ាកបង្ខំឲ្យរកសង្សារឲ្យបាន៖ និយាយពីពួកម៉ាកខ្ញុំវិញគឺមួយថ្ងៃៗគិតតែណែនាំឲ្យស្គាល់អ្នកនេះអ្នកនោះ ទាំងដែលអ្នកខ្លះមិនដែលស្គាល់សោះ ហេតុតែចង់ឲ្យខ្ញុំរកបានដៃគូនឹងគេ។
៤. ធុញនឹងធ្វើជនទី៣៖ រាល់ពេលមិត្តភ័ក្តិបបួលចេញក្រៅ គេតែងតែនាំសង្សារទៅជាមួយធ្វើឲ្យខ្ញុំក្លាយជាឆ្អឹងទទឹងកគ្រប់ពេលតែម្ដង។ ការធ្វើជាជនទី ៣ នេះធ្វើឲ្យខ្ញុំធុញទ្រាន់ និងមានអារម្មណ៍ថាមិនចង់ទៅជាមួយគេឯងសោះ។
៥. មិនសូវមានគេយល់ចិត្ត៖ មនុស្សជុំវិញខ្លួន និងអ្នកដទៃគឺគ្មាននរណាយល់ច្បាស់ពីគោលបំណងដែលខ្ញុំចង់នៅម្នាក់ឯងឡើយ។ ដូច្នេះ រាល់ដងគឺខ្ញុំត្រូវស្រាយរាល់ចម្ងល់ និង ការយល់ខុសរបស់ពួកគេ។
៦. ចំណាយពេលនៅម្នាក់ឯងច្រើនជ្រុល៖ ការផ្ដល់ពេលវេលាឲ្យខ្លួនឯងគឺជារឿងដែលល្អ ក៏ប៉ុន្តែបើនៅម្នាក់ឯងច្រើនពេកធ្វើឲ្យខ្ញុំទម្លាប់នៅតែឯង និង មិនងាយបើកចិត្តជឿជាក់អ្នកណាក្រៅពីខ្លួនឯង។
៧. មិនចូលចិត្តការណាត់ជួប៖ ការនៅម្នាក់ឯងយូរធ្វើឲ្យខ្ញុំលែងចង់បើកចិត្តទទួលអ្នកណា មិនចង់សូម្បីតែណាត់ជួបជាមួយគេព្រោះមិនទាន់អាចទុកចិត្តបុរសណាម្នាក់បាននៅឡើយ។
៨. មិនមែនជាមនុស្សសំខាន់សម្រាប់អ្នកណា៖ ដូចដែលខ្ញុំគ្មានមនុស្សសំខាន់ក្នុងចិត្ត គេក៏គ្មានខ្ញុំក្នុងចិត្តដូចគ្នា។ ពេលខ្លះ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាឯកាខ្លះដែរ តែក៏មិនចង់ទៅពិបាកចិត្តកើតទុក្ខរឿងដែលខ្ញុំមិនអាចគ្រប់គ្រងបានដែរ។
៩. បាត់បង់មិត្តភាព៖ អ្នកធ្លាប់មានមិត្តភ័ក្តិដែលទៅណាមកណាជាមួយគ្នាទេ? សុខៗមិត្តអ្នកក៏បានរកឃើញមនុស្សដែលគេស្រឡាញ់ហើយហាក់បីដូចជាព្រងើយកន្តើយដាក់អ្នកទៅវិញ។ ច្បាស់ណាស់ខ្ញុំចង់ឲ្យមិត្តខ្ញុំរកឃើញនូវស្នេហាមួយដែលជាក់លាក់ តែទន្ទឹមនឹងនោះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិត្តភ័ក្តិខ្ញុំកាន់តែឆ្ងាយទៅៗហើយ។
១០. ត្រូវប្រាប់ហេតុផលទៅមនុស្សជុំវិញ៖ ទៅណាមកណាក៏តែងតែមានអ្នកសួរថាហេតុអ្វីខ្ញុំមិនព្រមបើកចិត្តទទួលយកស្នេហាសោះបែបនេះ? ជួនកាល សំនួរដដែលៗនេះធ្វើឲ្យខ្ញុំហត់នឿយ តែយ៉ាងណាក៏នៅតែព្យាយាមពន្យល់ពីហេតុផលពិតប្រាកដនៅក្នុងចិត្តឲ្យគេបានដឹងឮ៕
ចុចអានបន្ត៖
តិចនិក ៦យ៉ាង ស្រីៗត្រូវដឹង មុននឹងចង់សម្រកទម្ងន់ឲ្យបានសម្រេចពិតប្រាកដ
ស្រីៗមាន ៧ ចំណុចនេះ មិនខ្វះទេបុរសល្អៗ ដែលប្រាថ្នាចង់បានជាដៃគូ