តិចនិក​ ៦យ៉ាង​ ស្រីៗ​ត្រូវ​ដឹង មុន​នឹង​ចង់​សម្រក​ទម្ងន់​ឲ្យ​បាន​សម្រេច​ពិត​ប្រាកដ

  • 2020-05-25 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ការ​ហាត់​ប្រាណ និង របប​អាហារ​ជា​រឿង​សំខាន់​ក្នុង​ការ​ជួយ​រក្សា និង សម្រក​រាង។ តែ​ជាក់​ស្ដែង ​បញ្ហា​គឺ​នៅ​ត្រង់​ភាព​ខ្ជិល​ច្រអូស និង គ្មាន​ការ​តាំង​ចិត្ត​ច្បាស់​លាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផែន​ការ​សម្រក​ទម្ងន់​មិន​ដែល​បាន​សម្រេច​ម្ដង​ណា​ឡើយ គឺ​ត្រូវ​បោះ​បង់​ចោល​កណ្ដាល​ទី​រហូត។ ដូចនេះ ដើម្បី​ឲ្យ​គម្រោង​សម្រក​ទម្ងន់​នោះ​បាន​សម្រេច និង ដល់​គោលដៅ​ដែល​អ្នក​ប្រាថ្នា​ពិត​​ប្រាកដ នារីៗ​គប្បី​យល់​ដឹង​នូវ​តិចនិក​សំខាន់ៗ​ទាំង​ ៦ នេះ​ជា​មុន​សិន៖

រូបតំណាង

**១. ចាប់​ផ្ដើម​ពី​គោល​ដៅ​តូចៗ**

តិចនិក​ដំបូង​គេ​គឺ អ្នក​គួរ​ចាប់​ផ្ដើម​ពី​គោលដៅ​តូចៗ​ជា​មុន​សិន ពោល​គឺ​កុំ​ដាក់​កំហិត​ខ្លាំង​ជ្រុល​លើ​ខ្លួន​ឯង។ អ្នក​អាច​ចាប់​ផ្ដើម​ពី​ការ​ហាត់​ប្រាណ​តិចតួច​ត្រឹម​ ១០ នាទី​ក្នុង​មួយ​ថ្ងៃ​ដោយ​អនុវត្ត​នូវ​ក្បាច់​ងាយៗ​សម្រាប់​អ្នក​ចាប់​ផ្ដើម​ដំបូង ពោល​គឺ​កុំ​ប្រញាប់​​ធ្វើ​ក្បាច់​ពិបាក​ខ្លាំង​ពេក​សម្រាប់​ខ្លួន​ឯង នាំ​ឲ្យ​បាក់​កម្លាំង និង​ ងាយ​បោះ​បង់​ចោល​ទៅ​វិញ​ទេ។

២. ទម្លាប់​ហាត់​ប្រាណ​នៅ​ផ្ទះ

ក្នុង​ដំណាក់​កាល​កូវីដ​១៩ អ្នក​ខ្លះ​ឆ្លៀត​ឱកាស​​​គេង​សម្រាក​នៅ​ផ្ទះ​ មិន​ហាត់​ប្រាណ​តែ​ម្ដង​ ស្រប​ពេល​ក្លឹប​ហាត់​ប្រាណ​​កំពុង​ផ្អាក​ដំណើរការ។ បើ​អ្នក​មាន​គំនិត​​ចាំ​​ក្លឹប​ហាត់​ប្រាណ​បើក​ដំណើរការ​វិញ ហើយ​ទុក​ពេល​នៅ​ផ្ទះ​ទំនេរ​ចោល នោះ​អ្នក​គ្មាន​ការ​តាំង​ចិត្ត​ច្បាស់លាស់​នោះ​ទេ។ ដូច្នេះ អ្នក​គប្បី​ទម្លាប់​ហាត់​ប្រាណ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វីដេអូ​​បង្ហាត់​បង្រៀន​នៅ​លើ​ Youtube ជាដើម។ ​

រូបតំណាង

៣. កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ខ្លាំង​ពេក

ការ​បង្ខិតបង្ខំ​ខ្លួន​ឯង​ហួស​កំណត់ នាំ​ឲ្យ​អ្នក​ហត់​លើស​ដើម​តែ​ប៉ុណ្ណោះ។ អ្នក​គួរ​ចង​ចាំ​ថា ការ​ហាត់​ប្រាណ​សម្រក​រាង​ក៏​ត្រូវ​ការ​ពេល​វេលា​គ្រប់​គ្រាន់​ដែរ​ ដើម្បី​ឃើញ​នូវ​លទ្ធផល។ ក្នុង​កំឡុង​ពេល​មិន​ទាន់​ឃើញ​ប្រសិទ្ធភាព គឺ​មិន​ត្រូវ​អស់​សង្ឃឹម​ បោះ​បង់​ចោល ឬ ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ជ្រុល​ហួស​ហេតុ​ពេក​​ដែរ។

៤. ស្វែង​រក​កម្លាំង​ចិត្ត​

មនុស្ស​ស្រី​ងាយ​នឹង​បោះ​បង់​ចោល​នូវ​គម្រោង​សម្រក​គីឡូ​ជា​ទី​បំផុត ជា​ពិសេស​នៅ​ពេល​ឃើញ​អាហារ​ឆ្ងាញ់ៗ​នៅ​នឹង​មុខ។ យ៉ាង​ណា​មិញ ផ្ទុយ​ពី​ការ​មើល​របស់​ឆ្ងាញ់ៗ​​នៅ​លើ​អ៊ីនធើណែត​ អ្នក​គួរ​បែរ​មក​មើល​នូវ​វីដេអូ ឬ រូបភាព​របស់​នារី​ៗ​ដែល​មាន​រាង​ស្អាតៗ និង​ តាម​ដាន​នៅ​វិធី​ថែ​សម្រស់​ជា​ប្រចាំ​របស់​ពួក​គេ។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​បន្ត​ទៅ​មុខ​ ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា និង បាន​សម្រស់​ស្អាត​​​ដូច​នារី​ទាំង​នោះ​​ដែរ។

រូបតំណាង

៥. ការ​តម​អាហារ

ហាត់​ប្រាណ​ច្បាស់​ជា​មិន​គ្រប់​គ្រាន់​នោះ​ទេ​ បើ​អ្នក​នៅ​តែ​បន្ត​បរិភោគ​គ្រប់​សព្វ​បែប​យ៉ាង​នោះ។ ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​របស់​ខ្លួន ជាពិសេស​កុំ​បរិភោគ​ញឹក​ញាប់​ពេក ឬ កុំ​បរិភោគ​ច្រើន​ពេក​ក្នុង​មួយ​ពេល។ អ្នក​នឹង​ឃើញ​នូវ​ប្រសិទ្ធភាព​បាន​លឿន​ ប្រសិន​ជា​អ្នក​អាច​អនុវត្ត​នូវ​របប​អាហារ​ដែល​ត្រឹម​ត្រូវ​ និង​ ល្អ​សម្រាប់​សុខភាព។ ការ​តាំង​ចិត្ត​របស់​អ្នក​ដើរ​តួ​សំខាន់​ក្នុង​ចំណុច​នេះ ព្រោះ​អ្នក​ត្រូវ​មាន​ចិត្ត​នឹងន​ មិន​លូក​របស់​ញ៉ាំ​ផ្ដេសផ្ដាស​ដូច​មុន​ឡើយ។

៦. រក​ដៃគូ​ហាត់​ប្រាណ​ជាមួយ​គ្នា

ការ​ហាត់​ប្រាណ​តែ​ឯង ពេល​ខ្លះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធុញ​ថប់ និង អផ្សុក​ខ្លាំង។ ហេតុ​ដូច​នេះ​ហើយ បើ​អ្នក​អាច​ស្វែង​រក​មិត្ត​ ឬ ដៃគូ​ម្នាក់​មក​ហាត់​ប្រាណ​ជា​មួយ​គ្នា ​ច្បាស់​ជា​មិន​ងាយ​ធុញ​ទ្រាន់​ឡើយ ព្រម​ទាំង​អាច​ជួយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ថែម​ទៀត​ផង៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ Clubsister ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម