ទង្វើទូទៅប្រចាំថ្ងៃ ដែលអ្នកមិនសូវចាប់អារម្មណ៍ តែអាចបង្កគ្រោះថ្នាក់ដោយមិនដឹងខ្លួន

  • 2020-05-15 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទង្វើ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​អ្នក​តែង​ធ្វើ​ដោយ​មិន​សូវ​បាន​ចាប់​អារម្មណ៍​ អាច​ក្លាយជា​ទម្លាប់​អាក្រក់​​ពិបាក​កែខៃ​ ថែម​អាចបង្កគ្រោះថ្នាក់ដោយមិនដឹងខ្លួន​ផង​ដែរ។ ថ្វី​ត្បិត​តែ​ពេល​ខ្លះ មើល​ទៅ​ហាក់​បី​​ដូច​ជា​សកម្មភាព​តូចតាច​ក៏​ដោយ តែ​បើ​ហ៊ាន​ប្រហែស​មើល​រំលង វា​នឹង​​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ជាក់ជា​មិន​ខាន​ទេ​។

១. ស្ពាយ​កាតាប​ទៅ​ក្រោយ

​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ ឬ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​កាតាប​ស្ពាយ​នៅ​ខាង​ក្រោយ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពុំ​ដូច្នោះ​ទេ​អ្នក​អាច​នឹង​បាត់​បង់​របស់​សំខាន់​​និង​មាន​តម្លៃ​នៅ​ក្នុង​នោះ​។ ជាពិសេស​នៅ​កន្លែង ឬ​នៅ​តាម​ទី​សាធារណ​ផ្សេងៗ ត្រូវ​ដាក់​កាតាប​ស្ពាយ​មក​មុខ ឱប​នឹង​ដៃ​ឲ្យ​ជាប់ ដើម្បី​ធានា​នូវ​សុវត្ថិភាព​។

២. កាន់​ចង្កូត​ឡាន​ឲ្យ​បាន​ត្រឹម​ត្រូវ

​​​មិន​អាច​ធ្វេសប្រហែស​និង​មិន​មែន​ជា​រឿង​លេង​សើច​ទេ នៅ​ពេល​ដែល​បើក​បរ​នៅ​តាម​ដង​ផ្លូវ​។ ការ​កាន់​ចង្កូត​ក៏​ដូច​គ្នា​ដែរ ត្រូវ​​ដាក់​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ក្នុង​រូប​ដែល​បាន​បង្ហាញ​។ ប្រសិន​បើ​អ្នក ដាក់​ដៃ​ទាំង​ពីរ​នៅ​​ផ្នែក​ខាង​លើ​នៃ​ចង្កូត វា​ជា​​កន្លែង​គ្រោះថ្នាក់​បំផុត ដែល​អាច​បណ្តាល​​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ នៅ​ពេល​មាន​ឧប្បត្តិហេតុ​​កើតឡើង​ដោយ​ប្រការ​ណា​មួយ។​

៣. រុំ​បង់​បិត​ដំបៅ​ឲ្យ​បាន​ត្រឹម​ត្រូវ

របួស​បន្តិច​បន្តួច​ដោយ​សារ​មុត​កាំបិត ឬ​ប៉ះ​នឹង​របស់​មុត​ស្រួច ​ធ្វើ​ឲ្យ​ចេញ​ឈាម​ អ្នក​ប្រាកដ​ជា​ទៅ​រក​បង់​បិត​ដំបៅ​។ ដើម្បី​ការពារ​មុខ​របួស​ពី​មេរោគ​និង​បាក់តេរី​នានា រួម​ទាំង​បិត​ជាប់​បាន​ល្អ អ្នកអាច​កាន់​បង់​នៅ​ផ្នែក​កណ្តាល នៃ​ស្លាប​​ទាំង​សង​​ខាង​និង​បិទ​​ធ្វើ​ការ​រុំ​ខ្វែង​គ្នា​ជា​ការ​ស្រេច​។

៤. ត្រូវ​លាង​ដៃ​ជាមួយ​សាប៊ូ​នៅ​ពេល​ដៃ​កខ្វក់​ខ្លាំង

​​​​អ្នក​ប្រហែល​ជា​មាន​​ជែល​លាង​ដៃ​ដាក់​​ជាប់​ខ្លួន​គ្រប់​ពេលវេលា ដើម្បី​រក្សា​នូវ​អនាម័យ​។ យ៉ាង​ណា​ត្រូវ​ចាំ​ថា ប្រសិន​បើ​ដៃ​អ្នក​កខ្វក់​ខ្លាំង ការ​ប្រើ​ជែល​តែ​មួយ​មុខ​នៅ​​មិន​ទាន់​​គ្រប់គ្រាន់​ឡើយ។ ចង់​កម្ចាត់​មេរោគ​បាក់តេរី​​ទាំង​អស់​ឲ្យ​បាន​ពេញ​លេញ​ត្រឹមត្រូវ​ គួរ​លាង​ដៃ​ជាមួយ​សាប៊ូ​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ២០​វិនាទី សឹម​លាង​ទឹក​ចេញ​ឲ្យ​ស្អាត​​។​

៥. ងូតទឹក​យូរ​ពេក

មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ចំណាយ​ពេល​យូរ​ខ្លាំង​ណាស់​ក្នុង​បន្ទប់​ទឹក។ នៅ​ពេល​ងូតទឹក​ វា​អាច​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​​រីករាយ​ស្រស់​ថ្លា​ពិត​មែន​ តែ​បើ​ងូត​យូរ​ពេក ស្បែក​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ស្ងួត បាត់​បង់​សំណើម ឬ​ប្រតិកម្ម​ជា​ដើម។ ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក គឺ​មិន​លើស​ពី​១០​នាទី​។

៦. ងូត​ទឹក​ភ្លាម​ៗ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច

​ចង់​ឲ្យ​ការ​ហាត់​ប្រាណ​ទទួល​បាន​លទ្ធផល​ល្អ​ និង​គ្មាន​ហានិភ័យ អ្នក​ជំនាញ​ផ្នែក​សុខភាព​ បាន​ណែនាំ​​ឲ្យ​អ្នក​អង្គុយ​ឲ្យ​បាត់​ហត់​ស្រួលបួល និង​ឲ្យ​ស្ងួត​ញើស​​​បាន​ល្អ​សិន មុន​ពេល​​ទៅ​ងូត​ទឹក​ជាមួយ​នឹង​ទឹក​ត្រជាក់​​។ ការ​ធ្វើ​បែប​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ឈាម ជួយ​ឲ្យ​សាច់​ដុំ​រឹងមាំ កាត់​បន្ថយ​ការ​ឈឺចាប់ និង​ភាព​នឿយ​ហត់​អស់​កម្លាំង​៕

ចុចអានបន្ត៖ គន្លឹះ​​​ការពារ​​មិន​ឲ្យ​​​ឆ្លង​​រោគ​​​​​​​​​​​​​​​​សម្រាប់​​​​​មនុស្ស​​​ស្រី​​​ ពេល​​​​​​ចូល​​​បង្គន់​​​សាធារណៈ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម