ម៉ាក់ៗគួរដឹង! ៣ ទីតាំងមានសុវត្ថិភាពបំផុតសម្រាប់កូនក្នុងផ្ទៃ

  • 2020-05-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទីតាំង​​គេង​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ ពិត​ជា​មាន​ទំនាក់​ទំនង​ទៅ​នឹង​សុខុមាលភាព​​របស់​គភ៌។ ដោយ​សារ​តែ​រាង​កាយ​ប្រែប្រួល​រាល់​ថ្ងៃ​​ក្នុង​អំឡុង​ពេល​នេះ ទើប​បាន​ជា​ទីតាំង​គេង​មួយ​ចំនួន​ មិន​អាច​​មាន​សុវត្ថិភាព​ដូច​មុន​ទៀត​​ទេ។ ហេតុ​នេះ​ហើយ គួរ​ដឹង​ពី​របៀប​គេង ដែល​ពុំ​អាច​បង្ក​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ។

១. គេង​ផ្កាប់

ប្រសិន​បើ​អ្នក​​មាន​ទម្លាប់​គេង​បែប​នេះ​​តាំង​ពី​ដើម​មក អ្នក​ក៏​អាច​ធ្វើ​បន្ត​ទៀត​ដែរ​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​សម្រាប់​​តែ​ខែ​ដំបូង​ដែល​ពោះ​មិន​ទាន់​សូវ​ធំ​​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​គភ៌​លូតលាស់​ធំ ពោះ​នឹង​ខ្ទាត ហើយ​ការ​គេង​ផ្កាប់​បែប​នេះ​ លែង​ជា​ជម្រើស​ដ៏​ល្អ​ហើយ​ក៏​គ្មាន​​ផាសុកភាព​សម្រាប់​អ្នក​ដែរ។

​​​២. គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

ថ្វី​ត្បិត​តែ​ទីតាំង​ទាំង​ពីរ​សុទ្ធ​តែ​មាន​សុវត្ថិភាព​ចំពោះ​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​យល់​ល្អ​​គួរ​គេង​ផ្អៀង​មក​ខាង​ឆ្វេង ព្រោះ​វា​មាន​អត្ថប្រយោជន៍​ធំៗ​ដូច​ជា៖ ជួយ​ជំរុញ​ចលនា​ឈាម​និង​ជីវជាតិ​ល្អ​ៗ​ទៅ​កាន់​គភ៌ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​​នៅ​ក្នុង​ពោះ​ ជួយ​ឲ្យ​ក្រលៀន​ជៀស​ផុត​ពី​សំណល់​និង​សារធាតុ​រាវ​ដែល​​​មិន​ល្អ។

៣. ការ​តមម្រង់​ដង​ខ្លួន

​នេះ​មិន​មែន​ជា​ទីតាំង​នៃ​ការ​គេង​ទេ ប៉ុន្តែ​អ្នក​អាច​អនុវត្ត​ដើម្បី​បាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​និង​កូន​ក្នុង​ផ្ទៃ។ ការ​ដាក់​ដៃ​និង​ជង្គង់​ដូច​ក្នុង​រូប​ភាព​បង្ហាញ​ខាង​លើ អាច​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​និង​បន្ធូរ​សន្លាក់​បាន​​ទៀត​ផង​។ ចំណែក​ឯ​ទារក​វិញ​ ក៏​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ទីតាំង​ត្រឹមត្រូវ ដែល​បង្ក​ភាព​ងាយ​ស្រួល​​នៅ​ពេល​សម្រាល។

  • អាច​ប្រើ​ខ្នើយ​កើយ​​ឬ​កម្រាល​ហាត់​យូហ្គា​ដើម្បី​ធ្វើ​ជា​ទ្រនាប់​ជង្គង់​ ហើយ​ត្រូវ​ដាក់​កែង​ដៃ​​បញ្ឈរ​ឡើង ប៉ុន្តែ​​ហាម​កន្ធែក​ស្មា។ បន្ទាប់​ពី​ធ្វើ​បាន​មួយ​ស្របក់​ហើយ ត្រូវ​ងើប​មក​វិញ​​​សន្សឹម​ៗ​យឺតៗ។

  • ខាង​ក្រោម​នេះ​គឺ​ជា​ទីតាំង ដែល​អ្នក​អាច​សម្រាក​និង​​គេង​ឲ្យ​ស្រួល​ខ្លួន​និង​មាន​សុវត្ថិភាពក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​។

  • ដាក់​ខ្នើយ​នៅ​ពី​ក្រោយ​ខ្នង​របស់​អ្នក ដើម្បី​ការពារ​មិន​ឲ្យ​គេង​ផ្ងារ​ខ្នង​ទៅ​វិញ ថែម​ទាំង​មាន​ផាសុកភាព​ទៀត​ផង​។​

  • អ្នក​ម្តាយ​ជា​ច្រើន​​បាន​ដាក់​ខ្នើយ​កើយ​នៅ​ចន្លោះ​ជើង​ទាំង​ពីរ​ នៅ​ពេល​គេង​ផ្អៀង ព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ជួយ​ទ្រទ្រង់​ផ្នែក​ ត្រគាក ឆ្អឹងត្រគាក​និង​ឆ្អឹងខ្នង។

  • ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អល់​ក្តៅ​ចុង​ដង្ហើម​នៅ​ពេល​យប់ អាច​ដាក់​ខ្នើយ​​កើយ​បន្ថែម​មួយ​ជាន់​ទៀត​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ធូរ​ស្រាល។

  • សូម្បី​តែ​ពេល​គេង​សម្រាក​នៅ​ពេល​ថ្ងៃ ក៏​ត្រូវ​យក​ទុក​ដាក់​មិន​ខុស​ពី​ពេល​យប់​នោះ​ទេ។

**ចំណាំ

ការ​គេង​ផ្ងារ​ ​គឺ​គ្មាន​សុវត្ថិភាព​ពេញ​លេញ​ទេ​​សម្រាប់​គភ៌ ដោយ​សារ​តែ​ទម្ងន់​របស់​គភ៌​ និង​ស្បូន​ បាន​ដាក់​សម្ពាធ​ទៅ​លើ​​សរីរាង្គ​ខាង​ក្នុង​ ជា​ហេតុ​បណ្តាល​ឲ្យ​ឈាម​ពិបាក​ធ្វើ​ដំណើរ​ទៅ​កាន់​សុក​៕

ចុចអានបន្ត៖ អាហារ ៥ ប្រភេទ អ្នកម្តាយគួរឈប់ញ៉ាំ ក្នុងអំឡុងពេលបំបៅដោះកូន

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម