របស់​ ៥ យ៉ាង​ក្នុង​ផ្ទះ គួរ​ជូត​សម្អាត​ជា​ប្រចាំ ព្រោះ​ជា​បណ្ដុំ​នៃ​មេរោគ

  • 2020-04-14 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​វត្តមាន​នៃ​ Covid-19 មនុស្ស​ម្នាក់ៗ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​ពី​ការ​រស់​នៅ​ស្អាត​ និង​អនាម័យ។ គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ឮ​ពី​អត្ថប្រយោជន៍​នៃ​ការ​លាង​ដៃ​ហើយ​ ហើយ​ក៏​បាន​អនុវត្ត​បាន​ច្រើន​ដែរ។ យ៉ាង​ណា​មិញ​ មាន​របស់​របរ​ប្រើប្រាស់​ខ្លះ ដែល​អ្នក​ឧស្សាហ៍​យក​ដៃ​ប៉ះ ហើយ មិន​បាន​ចាប់​អារម្មណ៍​ថា​អាច​​ជា​ប្រភព​នៃ​មេរោគ។ ដូច្នេះ ៥ យ៉ាង​ខាង​ក្រោម​ជា កន្លែង​ និង របស់​ដែល​អ្នក​ចាប់​ផ្ដើម​សម្អាត​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​ផាសុកភាព​យ៉ាង​ពិត​ប្រាកដ៖

១. ទូរស័ព្ទ​ដៃ

រូបតំណាង

ម្នាក់ៗ​តែង​កាន់​ទូរស័ព្ទ​ជាប់​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​មិន​បាន​ដឹង​ថា​ផ្ទៃ​ទូរស័ព្ទ​របស់​អ្នក​បាន​ប៉ះពាល់​ទៅ​នឹង​អ្វី​ខ្លះ​ ជា​ពិសេស​ពេល​អ្នក​ដាក់​វា​ចោល​នៅ​កន្លែង​ណា​មួយ ដែល​ធ្វើ​ឲ្យ​មេរោគ​ងាយ​ទំ​លើ​ជា​ទី​បំផុត។ ​

២. កុំព្យូទ័រ

រូបតំណាង

ជា​ប្រចាំ អ្នក​តែង​ប្រើ​ម្រាម​ដៃ​វ៉ៃ​ទៅ​លើ​ក្ដារ​អក្សរ​​(Keyboard) ដែល​អាច​ផ្ទេរ​មេរោគ​ពី​ដៃ​ទៅ​កាន់​ផ្ទៃ​របស់​ក្តារ​អក្សរ ឬ ផ្ទៃ​កុំ​ព្យូទ័រ​ដោយ​មិន​ដឹង​ខ្លួន។ ហេតុ​ដូចនេះ​ អ្នក​គប្បី​ជូត​សម្អាត​ជុំវិញ​ផ្ទៃ​​កុំព្យូទ័រ​ទាំង​មូល​ជា​ការ​ប្រសើរ។

៣. ផ្ទៃ​តុ

រូបតំណាង

កុំ​ភ្លេច​ឲ្យ​សោះ​ក្នុង​ការ​ជូត​សម្អាត​ផ្នែក​ខាង​លើ​នៃ​កន្លែង​ដែល​ត្រូវ​បាន​ប៉៉ះ​ពាល់​ជា​ប្រចាំ​ដូចជា តុ​បាយ តុ​ធ្វើ​ការ​ ធ្នើរ​ក្នុង​បន្ទប់​ទឹក​ ផ្ទះ​បាយ​ និង ផ្ទៃ​តុ​នានា​ដែល​អ្នក​ប្រើប្រាស់​ជា​ញឹកញាប់។ ​

៤. កាតាប និង កាបូប

រូបតំណាង

របស់​ដែល​អ្នក​យក​តាម​ពេល​អ្នក​ចេញ​ក្រៅ​ជា​រៀង​រាល់​ដង​រួម​មាន​ កាបូប​ និង កាតាប។ ជា​ពិសេស​ អ្នក​តែង​យក​ដៃ​កាន់​ផ្ទៃ​នៃ​កាតាប ឬ​កាបូប​ ដោយ​មិន​បាន​ដឹង​ថា មេរោគ​អាច​តោង​ជាប់​សាច់​កំណាត់​ឬ ស្បែក​កាបូប​នោះ​​បាន​យូរ​ដល់​កម្រិត​ណា​។

៥. តេឡេ​បញ្ជា

រូបតំណាង

ប្រភេទ​តេឡេ​បញ្ជា​ដែល​អ្នក​​ចុច​រាល់​ថ្ងៃ​ដូចជា​ តេឡេ​ម៉ាសុីន​ត្រជាក់ និង ទូរទស្សន៍​ជាដើម​​ក៏​អាច​ជា​ប្រភព​នៃ​មេរោគ និង បាក់តេរី​ដែរ​ បើ​មិន​បាន​សម្អាត​ឲ្យ​បាន​ល្អ និង ញឹក​ញាប់។ យក​ល្អ​គឺ​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ស្អាត​មុន​ប្រើ​ប្រាស់​វា និង ត្រូវ​ជូត​សម្អាត​វា​ជា​ប្រចាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បញ្ចៀស​ពី​មេរោគ​នានា​ដែល​ទំ​ជាប់​៕ ​

រូបតំណាង

ចុចអានបន្ត៖ អាហារ​បំប៉ន​១០មុខ ជួយ​ទប់​ស្កាត់​ភាព​ចាស់​និង​ស្នាម​ជ្រីវជ្រួញ នារី​គួរ​ទទួល​ទាន

ប្រភព៖ tribune ប្រែ​សម្រួល៖ Siyou Tang