បិទប្រទេសទាំងស្រុង កម្មករឥណ្ឌាដួលស្លាប់ដោយសារដើរជាង២០០គីឡូដី ត្រលប់ទៅស្រុក
- 2020-04-02 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិទប្រទេសទាំងស្រុង កម្មករឥណ្ឌាដួលស្លាប់ដោយសារដើរជាង២០០គីឡូដី ត្រលប់ទៅស្រុក
កម្មករប្រុសឥណ្ឌាម្នាក់ បានដួលសន្លប់ និងស្លាប់នៅពេលកំពុងដើរជាង២០០គីឡូ ត្រលប់ទៅផ្ទះ ខណៈប្រទេសនេះទាំងស្រុងកំពុងបិទដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស Covid 19។
មុននេះបន្តិច យោងតាមបណ្ដាញព័ត៌មាន CNN ប្រទេសឥណ្ឌាកំពុងអនុវត្តបិទប្រទេសទាំងស្រុងដើម្បីប្រយុទ្ធនឹងវីរុស Covid 19។ ដោយសារតែការបិទនេះ ប្រព័ន្ធដឹកជញ្ជូន យានជំនិះរដ្ឋ និងឯកជនទាំងអស់ត្រូវបានបិទដូចគ្នា។
ប្រការខាងលើបានធ្វើឲ្យកម្មករប្រទេសប្រជាជនពាន់លាននាក់នេះ បាត់បង់ការងារ ហើយមនុស្សជាច្រើនត្រូវចាកចេញពីទីក្រុងធំៗដើម្បីធ្វើដំណើរទៅស្រុកវិញ។
នៅក្នុងចំណោមនោះដែរ លោក Ranveer Singh គឺជាកម្មករដឹកជញ្ជូននៅទីក្រុង New Delhi។ នៅពេលបិទប្រទេស លោកត្រូវធ្វើដំណើរទៅរដ្ឋ Madya Pradesh វិញដែលជាស្រុកកំណើត។ ចំងាយពីទីក្រុង ទៅស្រុកកំណើតលោក គឺមានចម្ងាយ ២៨៨គីឡូ ប៉ុន្តែនៅពេលដើរបាន ២១៥គីឡូ លោក Ranveer ក៏ដួលសន្លប់ ហើយស្លាប់តែម្ដង។
លទ្ធផលកោសល្យវិច្ឆ័យបឋមបានរកឃើញថា លោកស្លាប់ដោយសារគាំងបេះដូង ដោយពេទ្យបានឲ្យដឹងថាមូលហេតុដែលនាំឲ្យគាំងបេះដូងនេះ គឺមកពីលោកហត់ខ្លាំងពេក។
ម្ចាស់ហាងលក់អាហារតាមផ្លូវមួយបានឲ្យដឹងថា នៅពេលចូលសម្រាកនៅក្នុងហាងរបស់ខ្លួន កម្មករខាងលើបានប្រាប់ថាលោកឈឺទ្រូងខ្លាំងណាស់ ហើយបានស្លាប់ភ្លាមៗក្រោយពេលលោកបន្តចេញដំណើរទៅស្រុក៕
អានបន្ត៖ ប៉ូលិសឥណ្ឌាពាក់មួករូប Covid-19 ដើម្បីបន្លាចប្រជាជន