មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ ដំឡូងពណ៌ស្វាយមានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្ល៉ឹង?
- 2019-12-23 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ ដំឡូងពណ៌ស្វាយមានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្ល៉ឹង?
សម្រាប់អ្នកចូលចិត្តញុំាដំឡូង ប្រហែលជាធ្លាប់បានស្គាល់នូវរសជាតិដ៏ផ្អែមឆ្ងាញ់របស់ដំឡូងស្វាយហើយ។ ដំឡូងស្វាយច្រើនត្រូវបានគេយកទៅស្ងោរ ឬ ចំហុយញុំា ឬ ប្រើក្នុងការធ្វើបង្អែមនានា ហើយ អ្នកធ្លាប់ញុំាវាតែងសរសើរមិនដាច់ពីមាត់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា។ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ ដំឡូងស្វាយក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដែរ រួមមាន៖
១. មានសារធាតុដែលប្រឆាំងនូវជំងឺមហារីក
តាមការសិក្សាស្រាវជ្រាវបានបញ្ចាក់ថា នៅក្នុងដំឡូវពណ៌ស្វាយមានផ្ទុកនូវសារធាតុដែលជួយរាងកាយប្រឆាំងនឹងកោសិកាមហារីក និង អាចកាត់បន្ថយនូវការរីកលូតលាស់នៃកោសិកាមហារីករហូតទៅដល់ ៥០% ឯណ្ណោះ។ អ្នកសិក្សាបានបញ្ចាក់ទៀតថា បើមានការដកពិសោធន៍ និង ស្រាវជ្រាវបន្ថែម សារធាតុមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងដំឡូងស្វាយ អាចយកមកធ្វើជាភ្នាក់ងារទប់ស្កាត់កោសិកាមហារីកនៅក្នុងសារពាង្គកាយមនុស្សទៀតផង។
២. ជួយកាត់បន្ថយសម្ពាធឈាម
តាមការពិសោធន៍ជាក់ស្តែង អ្នកដែលបានបរិភោគនូវដំឡូងស្វាយអស់រយៈពេល ៤សប្តាហ៍ ត្រូវបានធ្លាក់ចុះនូវសម្ពាធឈាមពី ៣.៥% ទៅ ៤.៣% ហើយកម្រិតជាតិគ្លុយកូស និង លីពីត នៅក្នុងសារពាង្គកាយគឺនៅដដែល។ ចំណែកឯទម្ងន់របស់ពួកគេក៏នៅដដែលដែរ។ គួរបញ្ចាក់ផងដែរថា ការបរិភោគដំឡូងស្វាយក្នុងកម្រិតមធ្យម អាចជួយកាត់បន្ថយនូវការស្ពឹកនៃសរសៃ ដែលច្រើនកើតឡើងស្របពេលដែលអាយុកាន់តែចាស់។
៣. ជួយសម្រួលដល់ការរំលាយអាហារ
ជាតិកាកសរសៃ(Fiber)ដែលមាននៅក្នុងដំឡូងស្វាយ អាចជួយឱ្យដំណើរការនៃការរំលាយអាហារមានសភាពប្រក្រតី និង ងាយស្រួល។ លើសពីនេះ វាក៏ជួយឱ្យការពារពោះវៀនរបស់អ្នកមិនឱ្យរលាក និង ទប់ស្កាត់នូវជាតិដែកហួសកម្រិតដែលអាចបង្កឱ្យមានបញ្ហាមិនស្រួលពោះជាដើម។
៤. ជួយរក្សាដំណើរការរបស់ថ្លើម
ការស្រាវជ្រាវមួយនៅក្នុងឆ្នាំ ២០១៦ បានបង្ហាញថា ការបរិភោគដំឡូងស្វាយជួយបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ។ ម៉ូលេគុលតូចៗទាំងនោះជួយសម្រួលដល់ការរំលាយអាហារ ជួយគ្រប់គ្រងនូវការស្តុកទុកនៃជាតិខ្លាញ់ក្នុងថ្លើម ជួយការពារថ្លើមពីការរលាក ព្រមទាំងទប់ស្កាត់នូវជាតិគីមីគ្រោះថ្នាក់នានាដែលបណ្តាលមកពីសុរា៕
ចុចអានបន្ត៖ ផ្លែឈើ ៥មុខ ដែលគួរចៀសវាង ប្រសិនបើអ្នកចង់សម្រកទម្ងន់ ឬ រក្សារាង