ទៅ​ជួល​ផ្ទះ បើ​ឃើញ​សញ្ញា​ចម្លែក​ទាំង​នេះ ត្រូវ​ដាក់​មេផាយ​ភ្លាម

  • 2019-10-22 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ថវិកា​មាន​កំណត់ បូក​រួម​នឹង​តម្លៃ​អចលនទ្រព្យ​ឡើង​ថ្លៃ​ និង​ដើម្បី​ងាយ​ស្រួល​ធ្វើ​ដំណើរ​មក​ធ្វើ​ការ​ផង​នោះ មនុស្ស​ជា​ច្រើន​​ចាំ​បាច់​ត្រូវ​ជួល​ផ្ទះ​ដើម្បី​ស្នាក់​នៅ។ នៅ​ពេល​ទៅ​ជួល​ផ្ទះ អ្នក​ត្រូវ​ចាប់​អារម្មណ៍​រឿង​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​ខុស​ក្បួន​ហុងស៊ុយ នាំ​ស៊យ​ដល់​ខ្លួន។

១. ជៀសវាង​បន្ទប់​គ្មាន​បង្អួច

ទោះ​បន្ទប់​តូច​ដល់​ថ្នាក់​ណា​ក៏​ដោយ បើ​គ្មាន​បង្អួច​ទេ​មិន​អាច​បញ្ចេញបញ្ចូល​ចំហាយ​អាក្រក់​បាន​ឡើយ ធ្វើ​ឲ្យ​បន្ទប់​ថប់​ចុង​ដង្ហើម នាំ​តែ​រឿង​អាក្រក់​ដល់​អ្នក​ជួល។

២. មាន​កញ្ចក់​៨ទិស ឬ​បិទ​យ័ន​ពេញ​ផ្ទះ

ផ្ទះ​ជួល​ដែល​មាន​កញ្ចក់៨ទិស ឬ​បិទ​យ័ន​ពេញ​ផ្ទះ​សុទ្ធ​តែ​មាន​បញ្ហា​ទើប​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ធ្វើ​បែប​នេះ។ ដាច់​ខាត​មិន​គួរ​ជួល​ឡើយ​ប្រសិនបើ​ឃើញ​ដូច​នេះ។ ក្រៅ​ពី​នេះ មុន​ជួល​ក៏​គួរ​សួរ​អ្នក​ជិត​ខាង​ថា ផ្ទះ​នេះ​ធ្លាប់​មាន​បញ្ហា​អ្វី​ពី​មុន​ឬ​អត់ ព្រោះ​ការពារ​ប្រសើរ​ជាង​ព្យាបាល។

៣. បន្ទប់​ទឹក ឬ​បង្គន់​ទល់​មុខ​ផ្លូវ​ចេញ​ចូល

ប្រសិន​ជា​ដើរ​ចូល​ផ្ទះ ហើយ​ឃើញ​បន្ទប់​ទឹក​នៅ​ទល់​មុខ​ផ្លូវ​ដើរ​តែ​ម្ដង ត្រូវ​ជៀស​ជួល​ផ្ទះ​បែប​នេះ ប្រយ័ត្ន​ជួប​រឿង​ស៊យ ព្រោះ​ផ្ទះ​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​មាន​សុខភាព​ខ្សោយ និង​បញ្ហា​លុយ​កាក់។

៤. ផ្ទះ​ជិត​វាលកប់​ខ្មោច ឬ​ចេតិយ

តាម​ហុង​ស៊ុយ​ផ្ទះ​សម្បែង ផ្ទះ​ដែល​នៅ​ជិត​តំបន់​ឥទ្ធិពល​អាក្រក់​ដូច​ជា​មន្ទីរពេទ្យ វិហារ គុក ជា​ពិសេស​គឺ​វាល​កប់​ខ្មោច​គឺ​មិន​ល្អ​ឡើយ​សម្រាប់​អ្នក​នៅ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​សតិអារម្មណ៍ ធ្វើ​ឲ្យ​ចិត្ត​មិន​ស្ងប់។

៥. ផ្ទះ​ដែល​មាន​រូបរាង​មិន​ប្រក្រតី

ពេល​រើស​ផ្ទះ​ជួល ក៏​រើស​ផ្ទះ​ដែល​មាន​រាង​ច្បាស់លាស់​ដូច​ជា​ជ្រុង ចតុកោណកែងជាដើម។ ជៀសវាង​ជួល​ផ្ទះ​កញ្ឆក ឬ​វៀច ព្រោះ​ផ្ទះ​បែប​នេះ​នឹង​ប៉ះពាល់​ដល់​ការងារ និង​រឿង​រៀនសូត្រ​របស់​អ្នក​នៅ។

៦. ជៀសវាង​ជួល​ផ្ទះ​ទុក​ចោល​យូរ

ផ្ទះ​ដែល​ទុក​ចោល​យូរ​ អាច​ត្រូវ​អ្នក​អរូបិយខ្ចី​នៅ ឬ​យក​ធ្វើ​ជា​ផ្ទះ​ខ្លួន។ បើ​ជ្រុល​ជា​ចូល​នៅ​ត្រូវ​សែន​បន់ស្រន់​សុំ​ចូល​នៅ កុំ​ឲ្យ​មក​រំខាន​កន្លែង​ដែល​គេ​កំពុង​នៅ។

៧. ផ្ទះ​ចំ​ផ្លូវ​បំបែក​ជា​បី

ផ្ទះ​បែប​នេះ​ត្រូវ​គេ​វាយ​តម្លៃ​ថា​នឹង​ធ្វើ​ឲ្យ​លាភ​ចេញ​ពី​ផ្ទះ​អស់ ធ្វើ​ឲ្យ​អ្នក​ស្នាក់​នៅ​តែ​មិន​ស្រួល​ខ្លួន ឥទ្ធិពល​អាក្រក់​បុក​ចូល​ពេញ​ផ្ទះ។ តែ​បើ​អស់​ជម្រើស ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​ដូច​នេះ អាច​បញ្ជៀស​បាន​ខ្លះ​ដោយ​ដាក់​កណ្ដឹង​ខ្យល់​នៅ​កណ្ដាល​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​ជួយ​ស្រូប​ចំណាយ​អាក្រក់​ខ្លះ៕

ចុចអាន៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel