គន្លឹះការពារខ្លួន១០យ៉ាងស្ត្រីគួរដឹង ពិសេសសម្រាប់អ្នកឧស្សាហ៍ដើរម្នាក់ឯងពេលយប់
- 2018-08-26 14:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះការពារខ្លួន១០យ៉ាងស្ត្រីគួរដឹង ពិសេសសម្រាប់អ្នកឧស្សាហ៍ដើរម្នាក់ឯងពេលយប់
ការការពារខ្លួន ជាពិសេសសម្រាប់ស្ត្រីភេទ គឺជារឿងដ៏សំខាន់បំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ខណៈករណីអំពើហិង្សា ការរំលោភបំពានផ្លូវភេទ បានកើតមានជាហូរហែ ដូច្នេះហើយការការពារខ្លួនសម្រាប់ស្ត្រីគឺជារឿងចាំបាច់មួយ។ ស្ត្រីគ្រប់រូបគួរយល់ដឹងអំពីវិធីសាស្ត្រ ឬមធ្យោបាយដើម្បីជៀសវាងស្ថានភាពអាក្រក់ផ្សេងៗ ដោយសិក្សាគន្លឹះការពារខ្លួនខ្លះៗ ដើម្បីអាចធានាសុវត្ថិភាពផ្ទាល់ខ្លួន បើទោះបីជានៅម្នាក់ឯងក៏ដោយ។
ខាងក្រោមនេះគឺជាគន្លឹះសំខាន់១០យ៉ាង ដែលស្ត្រីគួរតែដឹង ដើម្បីសុវត្ថិភាព និងការពារខ្លួន៖
១) ប្រុងប្រយ័ត្ន៖ ត្រូវប្រុងប្រយ័ត្ន និងមានស្មារតីរឹងប៉ឹងសម្លឹងមើលជុំវិញខ្លួនអ្នកគ្រប់ពេលវេលា។ ដើរងើបមុខឡើងបង្ហាញពី ទំនុកចិត្ត និងការតាំងចិត្ត ធ្វើអារម្មណ៍ឲ្យក្លាហាន ដើម្បីជៀសវាងពីមនុស្ស ឬស្ថានភាពដែលអ្នកមានអារម្មណ៍ថាគ្មានសុវត្ថិភាព។
២) ប្រើទូរសព្ទដោយភាពឆ្លាតវៃ៖ ប្រសិនបើអ្នកដើរតែម្នាក់ឯង អ្នកគួរកាន់ទូរសព្ទ និងត្រៀមដើម្បីទូរសព្ទទៅកាន់សេវាកម្មទូរសព្ទបន្ទាន់ (Emergency Call)។ រក្សាទុក (Save) លេខទូរសព្ទមិត្តភក្តិ និងគ្រួសារនៅលើ Speed Dial ក្នុងទូរសព្ទដៃ។ ត្រូវប្រាកដថាទូរសព្ទរបស់អ្នកសាកថ្មពេញ មុនពេលដែលអ្នកចាកចេញពីផ្ទះ។ រក្សាទុកលេខទូរសព្ទសម្រាប់សុំជំនួយ ស្ថានីយប៉ូលិស និង រថយន្តសង្គ្រោះបន្ទាន់។
៣) ពាក់ស្បែកជើងណាដែលអ្នកអាចរត់បានលឿន៖ ប្រសិនបើអ្នកត្រូវពាក់ស្បែកជើងកែងទៅកន្លែងធ្វើការ សូមដាក់ស្បែកជើង (ស្បែកជើងកីឡា) មួយគូផ្សេងទៀតតាមខ្លួន រួចពាក់ស្បែកជើងនោះពេលត្រលប់មកផ្ទះវិញ។ គ្មានអ្វីដែលងាយរងគ្រោះ ជាងការរត់គេចពីការវាយប្រហារ ដោយពាក់ស្បែកជើងកែងខ្ពស់នោះទេ។
៤) វាយតបតវិញ៖ ប្រសិនបើអ្នកចង់រកកន្លែងដែលឈឺបំផុត ដោយមិនខ្វល់ពីកម្លាំង និងមាឌរបស់អ្នកវាយប្រហារ អ្នកអាចសាកល្បងប៉ុន្មានកន្លែងនេះបាន ដូចជា ភ្នែក ច្រមុះ បំពង់ក ក្រលៀន និង ឆ្អឹងស្មងជើង ជាដើម។ វាយតបតត្រង់កន្លែងណាមួយ រួចរត់យករួចខ្លួនតែម្តង។
៥) ប្រើប្រាស់ស្ព្រៃបាញ់៖ ត្រូវប្រើប្រាស់ស្ព្រៃបាញ់ដែលមានទំហំតូច ហើយដាក់ធ្វើជាបន្តោងសោ និងយកវាតាមខ្លួនគ្រប់ពេល។ នៅពេលអ្នករងការវាយប្រហារ ត្រូវបាញ់ស្ព្រៃឲ្យចំភ្នែកអ្នកវាយប្រហារ។
៦) ពេលនៅក្នុងជណ្ដើរយន្តប្រអប់ម្នាក់ឯង៖ ប្រសិនបើអ្នកស្ថិតនៅក្នុងជណ្ដើរយន្ត ជាមួយនឹងមនុស្សប្រុសចម្លែកតែម្នាក់ឯង ហើយមានអារម្មណ៍ថាភ័យខ្លាច អ្នកត្រូវប្រញាប់ចុចប៊ូតុងទៅគ្រប់ជាន់ទាំងអស់ និងចាកចេញនៅជាន់ណាមួយជាបន្ទាន់។
៧) ពេលនៅផ្ទះម្នាក់ឯង៖ ប្រសិនបើអ្នកនៅផ្ទះតែម្នាក់ឯង ហើយមានមនុស្សចម្លែកមកព្យាយាមវាយប្រហារអ្នក ដូច្នេះអ្នកត្រូវប្រញាប់ចូលទៅផ្ទះបាយភ្លាម។ ម្សៅម្ទេស ម្សៅរមៀត កាំបិត និងចាន សុទ្ធតែអាចយកមកការពារខ្លួនអ្នកបាន។ សូមចងចាំថា ការស្រែកក៏អាចជួយអ្នកបានដែរ ព្រោះជនល្មើសមិនចង់ឲ្យគេចាប់ខ្លួនបានឡើយ។
៨) ប្រសិនបើអ្នកត្រូវគេតាមនៅពេលយប់៖ សូមប្រញាប់ចូលទៅក្នុងហាង ឬផ្ទះណាមួយ រួចពន្យល់ប្រាប់គេពីបញ្ហារបស់អ្នក។ ប្រសិនបើយប់ជ្រៅពេក ហើយគ្មានហាង និងផ្ទះបើកទ្វា អ្នកអាចចូលទៅក្នុងទូ ATM បាន ព្រោះថាទូ ATM និមួយៗតែមានសន្តិសុខយាមកាម។ ម្យ៉ាងទៀត ទូ ATM ទាំងនោះសុទ្ធតែមានកាមេរ៉ាសុវត្ថិភាព និងមានអ្នកឃ្លាំមើលគ្រប់ពេល។ ជនសង្ស័យប្រាកដជាភ័យខ្លាចគេកំណត់អត្តសញ្ញាណបាន ដូច្នេះប្រាកដជាមិនហ៊ានវាយប្រហារអ្នកឡើយ។
៩) ជិះរថយន្តតាក់ស៊ីនៅពេលយប់៖ មុខពេលជិះរថយន្តកាត់ស៊ីនៅពេលយប់ ត្រូវឈ្លាសវៃក្រឡេកមើល និងកត់ចំណាំស្លាកលេខរថយន្តតាក់ស៊ីនោះផង។ បន្ទាប់មកទូរសព្ទទៅកាន់ក្រុមគ្រួសារ ឬមិត្តភក្តិអ្នក ប្រាប់ពួកគេឲ្យដឹងថាអ្នកបានជិះរថយន្តតាក់ស៊ី ដែលមានស្លាកលេខប៉ុណ្ណេះ ដោយនិយាយយ៉ាងណាធ្វើឲ្យអ្នកបើកតាក់ស៊ីយល់ពីសម្ដីអ្នក។ ប្រសិនបើគ្មានអ្នកលើកទូរសព្ទរបស់អ្នក អ្នកគួរតែធ្វើពុតជានិយាយជាមួយគ្រួសារ ឬមិត្តភក្តិ។ ការធ្វើដូច្នេះប្រាកដជាធ្វើឲ្យអ្នកបើកតាក់ស៊ីដឹងថា ក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នក មានព័ត៌មានលម្អិតពីរថយន្តរបស់គាត់ ហើយគាត់នឹងមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសឡើយ។
១០) សូមកុំទទួលទានទឹកពីមនុស្សប្លែកមុខ៖ សូមកុំទទួលយក ឬទទួលទានទឹករួមគ្នាជាមួយមនុស្សប្លែកមុខ។ អ្នកត្រូវតែចេះចាត់ចែងទឹកផ្ទាល់ខ្លួន នៅឯពិធីជប់លៀង ហើយយកវាតាមខ្លួនគ្រប់ទីកន្លែង ទោះបីជាចូលបន្ទប់ទឹកក៏ដោយ។ ការធ្វើដូច្នេះ ដើម្បីការពារជនខិលខូចដាក់ថ្នាំនៅក្នុងទឹករបស់អ្នក៕