រឿង ៤​យ៉ាង​​​គួរ​បោះ​ចោល​កុំ​ស្ដាយ ទើប​ជីវិត​អ្នក​អាច​ចម្រើន​ទៅ​មុខ​​រួច

  • 2018-08-26 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាក្នុង​ជីវិត​របស់​មនុស្ស​យើង​ ពេល​ខ្លះ​ហាក់​ដូច​ជា​រឿង​ប្រលោមលោក​មួយ​ក្បាល​ដែល​យើង​ផ្ទាល់​គឺ​ជា​តួ​អង្គ ដោយ​ធម្មតា​រឿង​ប្រលោមលោក​នោះ​នឹង​ចាប់​ផ្ដើម​ដោយ​​មាន​ក្ដី​សុខ ពាក់​កណ្ដាល​រឿង​អាច​នឹង​ជួប​ទុក្ខ​តិច​តួច ប៉ុន្តែ​នៅ​ចុង​បញ្ចប់​​ក៏​​ត្រលប់​មក​មាន​ក្ដី​សុខ​ដូចដើម ឬ​ពេល​ខ្លះ​​មាន​ក្ដី​សុខ​ជាង​មុន​ទៅ​ទៀត។ នេះ​ក៏​ព្រោះ យើង​បាន​បោះបង់​អ្វី​ដែល​មិន​សម​នៅ​ជាប់​នឹង​ខ្លួន​យើង​ទៅ​អនាគត។ ​ក្នុង​ជីវិត​មនុស្ស​យើង​​ម្នាក់​ៗ​ក៏​ពោរពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ជា​ច្រើន ទាំង​រឿង​​ល្អ និង​រឿង​អាក្រក់ ជា​ពិសេស​ជាមួយ​រឿង​ដែល​មិន​គួរ​ឲ្យ​សោកស្ដាយ​ទាល់តែ​សោះ តែ​​ជួន​កាល​យើង​បែរ​ជា​​យក​មក​​គិត​ច្រើន​លើសលប់ ហើយ​ក៏​បង្កើត​ជា​ទុក្ខ​ឲ្យ​ខ្លួន​ឯង។ ដូច្នេះ​វា​ជា​រឿង​ចាំ​បាច់​បំផុត​ដែល​យើង​ត្រូវ​បោះបង់​អ្វី​ទាំង​អស់​នោះ​ចោល ដោយ​មិន​សោក​ស្ដាយ។

១. មិត្ត​ទុរយស

ក្នុង​ជីវិត​នេះ មិន​ថា​អ្នក​ណា​ក៏​ត្រូវ​ធ្លាប់​ជួប​ខ្លះ​ហើយ​នូវ​មិត្ត​ស្និទ្ធស្នាល​តែ​មិន​ស្មោះត្រង់ លួច​ចាក់​ពី​ក្រោយ​ខ្នង​ឲ្យ​ក្អួត​ឈាម។ មិត្ត​ទាំង​អស់​នេះ​ហើយ​គឺ​ជា​សត្រូវ​ដ៏​អាក្រក់​ក្នុង​ជីវិត​យើង ដែល​យើង​​ស្រឡាញ់​ខ្លាំង​ ហើយ​ក៏​ស្អប់​ខ្លាំង​នៅ​ពេល​ដឹង​ពី​សន្ដាន​ពិត។ ដូច្នេះ​ហើយ​អ្នក​គួរ​កុំ​សោកស្ដាយ​ឲ្យ​សោះ​​ចំពោះ​មនុស្ស​ប្រភេទ​នេះ ព្រោះ​មិត្ត​ល្អ ​មនុស្ស​ល្អ​ក៏​នៅ​មាន​ច្រើន​នាក់​ទៀត​ដែរ។

២. ស្នេហា​ស្រពិចស្រពិល

ពេល​ខ្លះ​ការ​​ដែល​ផ្ដល់​ក្ដី​ស្រឡាញ់​ ស្មោះ ពិត​ប្រាកដ​ទៅ​ឲ្យ​គេ​តែ​ម្ខាង ហើយ​មិន​ទទួល​បាន​អ្វី​មក​វិញ​សោះ​ ក៏​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​អស់​នៅ​អារម្មណ៍​ល្អ​ទាំង​ឡាយ​ពី​ក្នុង​ខ្លួន។ បើ​ដូច្នេះ ហេតុ​អ្វី​យើង​​គួរ​បន្ត​បង្ហិន​ ពេល​វេលា​ ជាមួយ​ទំនាក់ទំនង ដែល​មិន​ច្បាស់លាស់ ទំនាក់ទំនង​ដែល​មើល​មិន​ឃើញ​ពី​អនាគត​នេះ​ទៀត?

៣. សម្ដី​ផ្អែម តែ​ពោរពេញ​ដោយ​ពិសពុល

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប​មនុស្ស​ដែល​ សម្ដី​និយាយ​ចេញ​មក​ហាក់​ពីរោះស្ដាប់ ប៉ុន្តែ​ស្ដាប់​ឲ្យ​ច្បាស់​ ទើប​ដឹង​ថា​ពោរពេញ​បោកប្រាស់ ស៊កសៀត ផ្លែ​ផ្កា ដែល​អាច​ឲ្យ​ឈឺ​ចាប់​ជាង​សម្ដី​ត្រង់​ៗ​ទៅ​ទៀត។ ពាក្យ​សម្ដី​ទាំង​នេះ​អាច​សង្កេត​បាន​ដោយ​មិន​លំបាក​ឡើយ ដោយ​សារ​មនុស្ស​យើង​ម្នាក់​ៗ​ប្រាកដ​ជា​មាន​ញាណ​អាច​គិត​ដឹង​ថា​ពាក្យ​ណា​ជា​ពាក្យ​ពិត ហើយ​ពាក្យ​ណា​ជា​ពាក្យ​បញ្ចើចបញ្ចើ។ បើ​អ្នក​ស្រឡាញ់​ខ្លួន​ឯង សូម​កុំ​យក​ពាក្យ​សម្ដី​ទាំង​អស់​នេះ​មក​​ទុក​ក្នុង​ចិត្ត ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​​យើង​មិន​អាច​រក​ក្ដី​សុខ​បាន។

៤. ​ទង្វើ​ល្អ​ៗ ដែល​ឲ្យ​ខុស​មនុស្ស

ការ​ពិត​មួយ​នោះ​គឺ អារម្មណ៍​របស់​មនុស្ស​​យើង​បើ​​ត្រូវ​បំផ្លាញ​ឲ្យ​​បាត់បង់​ទៅ​ហើយ គឺ​មិន​អាច​ហៅ​ត្រលប់​មក​វិញ​ឲ្យ​ដូច​ដើម​បាន​ឡើយ។ ការ​ប្រគល់​ទឹក​ចិត្ត​ល្អ​ៗ​ទៅ​ឲ្យ​មនុស្ស​ខុស​ ក៏​ដូច​គ្នា។ ដូច្នេះ​បើ​អ្នក​ធ្វើ​ល្អ ខុស​មនុស្ស​ហើយ ប្រាកដ​ណាស់ គឺ​មិន​អាច​​បាន​ទទួល​អ្វី​តប​ស្នង​នោះ​ឡើយ។​ ប៉ុន្តែ​អ្នក​ក៏​​មិន​ចាំ​បាច់​បន្ទោស​ខ្លួន​ឯង ហើយ​​អង្គុយ​សោកស្ដាយ​ទង្វើ​ទាំង​នោះ​ឡើយ ព្រោះ​វា​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ទេ ៕

ចុចអាន៖

ប្រភព៖ jitsook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន