ភាពជឿជាក់ជំរុញនិស្សិតស្រីឆ្នើមខ្មែររៀនជំនាញវិស្វករដូចប្រាថ្នាដល់អាមេរិក (មានវីដេអូ)

  • 2019-09-18 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​តែង​មាន​បំណង​ប្រាថ្នា​ក្នុង​ជីវិត​ខុស​ៗ​គ្នា គ្រាន់​តែ​អ្នក​ខ្លះ​អាច​រក​វិធី​សម្រេច​បាន​ក្ដី​ប្រាថ្នា​សម​ដូច​បំណង ចំណែក​អ្នក​ខ្លះ​ក៏​មិន​បាន​ដូច​ចិត្ត ដោយ​ហេតុ​ផល​នានា។

បងប្អូន​ស្ត្រី​ទាំងអស់ សូម​កុំ​អាល​បាក់​ទឹកចិត្ត បើ​ខ្ញុំ​អាច​ សូម​ជឿជាក់​ថា​នារី​ៗ​យើង ក៏​អាច​ធ្វើ​បាន​ដូចគ្នា​ដែរ។ នេះ​ជា​សម្ដី​របស់​កញ្ញា សុខ សហស្ស បច្ចុប្បន្ន​ជា​និស្សិត​អាហារូបករណ៍​នៅ​សហរដ្ឋ​អាមេរិក​ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល នៃ​សកលវិទ្យាល័យ Portland ​ក្នុង​ទីក្រុង Portland រដ្ឋ Oregon។

ក្នុង​បទ​សម្ភាស មក​កាន់​វេបសាយ កញ្ញា តាមរយៈ​សារ​ឆ្លើយឆ្លង​តាម​បណ្ដាញ​សង្គម​ ពី​សហរដ្ឋ​អាមេរិក​មក អតីត​សិស្ស​ស្រី​ឆ្នើម​និទ្ទេស A ​បាក់ឌុប​ឆ្នាំ​២០១៧ និង​ជា​អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ហៅ​កាត់ (សាលា​តិចណូ) បាន​បញ្ជាក់​ថា កញ្ញា​ពិតជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ក្រោយ​ដឹង​ថា​ ខ្លួន​បាន​​ជាប់​អាហារូបករណ៍១០០% កាលពី​ដើម​ឆ្នាំ​២០១៩​កន្លង​ទៅ។

អាហារូបករណ៍​នេះ​ គឺ​ជា​អ្វី​ដែល​នាង​ស្រឡាញ់ និង​ប៉ង​ប្រាថ្នា បើ​ទោះ​ជា​មាន​មតិ​ខ្លះ​ថា មនុស្ស​ស្រី មិន​គួរ​រៀន​ជំនាញ​វិស្វករ​នេះ​ដូច​ប្រុស​ៗ​ក៏​ដោយ។

និយាយ​ដោយ​ភាព​ម៉ឺងម៉ាត់ ប៉ុន្តែ​បង្កប់​នូវ​ភាព​រួសរាយ​ កញ្ញា សហស្ស ឲ្យ​ដឹង​ទៀត​ថា គ្មាន​អ្វី​ដែល​មនុស្ស​ស្រី​ធ្វើ​មិន​បាន​នោះ​ទេ ​សំខាន់​ឲ្យ​តែ​យើង​ក្លាហាន ព្យាយាម​ឲ្យ​អស់​លទ្ធភាព ពង្រឹង​ភាសា​អង់គ្លេស​ឲ្យ​ល្អ បូករួម​នឹង​ភាព​ជឿជាក់​ខ្ពស់។ រំលឹក​ទៅ​ដំណាក់កាល​នៃ​ការ​ចាប់​ផ្ដើម និស្សិត​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ទម្រាំ​បាន​ជាប់​អាហារូបករណ៍ ១០០%​នេះ ​កញ្ញា​បាន​ឆ្លងកាត់​រឿងរ៉ាវ​លំបាក ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​ពូកែ​ជាច្រើន ដែល​អាច​ឲ្យនាង​កាន់​តែ​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ គួរ​ឲ្យ​ចងចាំ និង​រាប់​ទុក​ថា​ជា​មោទនភាព​ធំ​មួយ​សម្រាប់​ជីវិត។

កញ្ញា​បាន​ទទួល​អាហារូបករណ៍ តាម​រយៈ​កម្មវិធី​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ឈ្មោះ​ថា SHE CAN ដែល​តែង​ជួយ​ដល់​ស្ត្រី​នៅ​កម្ពុជា។ អង្គការ​នេះ តែង​ជួយ​ឲ្យ​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​ឲ្យ​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ តាម​មុខ​ជំនាញ​ខុស​ៗ​គ្នា​ សិក្សា​នៅ​សហរដ្ឋអាមេរិក។ កម្មវិធី​នេះ ក៏​មាន​បំណង​ជួយ​​ស្ត្រី​ដែល​មាន​ក្ដី​ស្រមៃ​ធំ​ៗ​ក្នុង​ជីវិត ​ឲ្យ​ហ៊ាន​ឈោង​ចាប់​ក្ដី​ស្រមៃ​នោះ​ដោយ​ជោគជ័យ ដើម្បី​ជួយ​ដល់​ប្រយោជន៍​សង្គម​ជាតិ។

មិន​ត្រឹម​តែ​ផ្ដល់​អាហារូបករណ៍កម្មវិធីនេះ ​នៅ​មាន​វគ្គ​បណ្ដុះបណ្ដាល និង​ផ្ដល់​គ្រូ​បង្វឹក ​ដើម្បី​ជួយ​ចាំ​ណែនាំ ច្បាស់លាស់ និង​បណ្ដុះ​ភាព​ជា​អ្នក​ដឹកនាំ​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ ផង​ដែរ។

សូមទស្សនា វីដេអូ​ខ្លី ​ផ្ដល់​ឲ្យ​ដោយ​កញ្ញា សុខ សហ្សស រៀបរាប់​ពី​លក្ខខណ្ឌ និង​ព័ត៌មាន​សំខាន់​ៗ សម្រាប់​និស្សិត​ស្រី​កម្ពុជា​ ដែល​ចង់​ដាក់​ពាក្យ​ជាមួយ SHE CAN រៀន​បន្ត​នៅ​អាមេរិក។

អ្វី​ដែល​និស្សិត​វិស្វករ​ស្រី​វ័យ​ក្មេង​ ចង់​ចែក​រំលែក​បន្ថែម​មក​កាន់​សិស្ស ឬ​និស្សិត​ស្រី​ខ្មែរ​ទាំង​អស់​ ដំបូង​បំផុត​គឺ​ត្រូវ​មាន​ភាព​ក្លាហាន ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង តស៊ូ សូម​កុំ​បាក់​ទឹក​ចិត្ត កុំ​ឆាប់​ចុះចាញ់ ឬ​បោះបង់​ក្ដី​ស្រមៃ​របស់​យើង​ដាច់ខាត​។

ចុចត្រង់នេះដើម្បីដាក់ពាក្យអាហារូបករណ៍ SHECAN

នៅ​ថ្ងៃ​អនាគត កញ្ញា សុខ សហ្សស មាន​បំណង​មក​ចូលរួម​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ និង​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ។ ក្រៅ​ពី​នេះ កញ្ញា ក៏​​ចង់​រៀន​បន្ត​ឲ្យ​កាន់​តែ​ច្រើន ក្រោយ​ចប់​អាហារូបករណ៍ ថ្នាក់​បរិញ្ញាបត្រ ​នៅ​សហរដ្ឋអាមេរិក។

រូបថតទាំងអស់ផ្តល់ឲ្យ៖ ដោយ កញ្ញា សុខ សហ្សស

ចុចអាន៖មនុស្សស្រីរឹងមាំ ស្រឡាញ់ភាពស្អាតពីខាងក្នុង

ចុចអាន៖មនុស្ស​ស្រី​ចាស់ចិត្តចាស់គំនិត​មិន​ផ្ដេកផ្ដួល​​ជីវិត​លើ​មនុស្ស​ប្រុស​ឡើយ

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម